សង្វៀន Black Cat បើក​រេញ​ឱ្យ​ពេជ្រ ម្ទេសខ្មាំង និង​ធា នុ​វ​រាជ ប៉ះ​ថៃ

រាជធានី​ភ្នំពេញ ៖  នៅ​យប់​ថ្ងៃអាទិត្យ​ ទី​១២ មិថុនា ស​ប្ដា​ហ៍​នេះ កម្មវិធី​ប្រដាល់ «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់​ថ្ងៃ​កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប​គឺ​ពេជ្រ ម្ទេសខ្មាំង និង​ធា នុ​រាជ ប្រកួត​ជាមួយ​កីឡាករ​ថៃ​២​រូប​ដើម្បី​កំដរ​ភ្នែក​មហាជន ។ នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​នឹង​ឈ្នះ​អ្នក​ណា​នៅឡើយ​ទេ ដោយសារ​តែ​ថៃ​ក៏​អួត​រឿង​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​អួត​ថា​ខ្លួន​មិន​ណ​យ ។

ការ​ប្រកួត​ដែល​នឹង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​តទៅ ដោយ​មានការ​រំពឹង​ជា​ច្រើន​ថា​នឹង​មាន​អ្នក​ទស្សនា​មិន​ខុស​គ្នា​ពី​ការ​ប្រកួត​អន្តរជាតិ​រៀង​រាល់​២​ស​ប្ដា​ហ៍​ម្ដងនោះ​ទេ ដោយសារ​តែ​សមាសភាព​ដែល​តម្រូវ​ឱ្យ​ប៉ះ​គ្នា​គឺ​មាន​ក្រេ​ឌី​ត​ល្អ ។ កីឡាករ​កម្ពុជា​២​រូប គឺ​ពេជ្រ ម្ទេសខ្មាំង និង​ធា នុ​រាជ ឬ​សូ​យ ភារ​ម្យ ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​នេះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​ឱ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ​ទៅ​ទៀត ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា កីឡាករ​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ​កីឡា នឹង​ប្រកួត​ជាមួយ​កីឡា​ករ​​ថៃ​ឈ្មោះ​ឈោ​គ ឌី ដែល​កីឡាករ​ទាំង​ពីរ​សុទ្ធតែ​វ័យក្មេង​កម្លាំង​ពេញ​ដូច​គ្នា ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក អាត សំ​រិ​ទ្ធ ជា​គ្រូ​បង្វឹក​បាន​ស្នើ​ឲ្យ​កូនសិស្ស​របស់​ខ្លួន​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​ផង បន្ទាប់​ពី​បានដឹង​ថា ឈោ​គ ឌី ត្រូវ​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​របស់​ថៃ ។ លោក​ថា គ្រូបង្វឹក​ប្រចាំ​ក្លិប​ឫ​ទ្ធី​ពោធិ​សែន​ជ័យ បាន​ទទូច​ឱ្យ​កូនសិស្ស​របស់​ខ្លួន​ឡើង​ប្រកួត ដើម្បី​ដកស្រង់​បទ​ពិសោធន៍ និង​បង្ហាញ​សមត្ថភាព​ជាមួយ​កីឡាករ​ថៃ ។ លោក​ជឿជាក់​ទៅ​លើ​សមត្ថភាព​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​របស់​កីឡាករ ពេជ្រ ម្ទេសខ្មាំង ដោយសារ​តែ​ក្រៅពី​មាន​បច្ចេកទេស​ល្អ ក៏​មាន​កម្លាំង​ពេញ​ព្រោះតែ​នៅ​ពេញកម្លាំង​។ លោក​និយាយ​ថា​៖«​សម្រាប់​គូ​នេះ កីឡាករ​ថៃ​ខ្លាំង ប៉ុន្តែ​មក​ពី​ខ្ញុំ​ទុកចិត្ត​លើ​ម្ទេសខ្មាំង​ជាង ទើប​ហ៊ាន​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ម្នាក់​ហ្នឹង​!» ។ លោក​ថា កីឡាករ​ថៃ ឈោ​គ ឌី ធ្លាប់​ប្រកួត​៦៥​លើក ឈ្នះ​៥៥​លើក និង​ចាញ់​១០​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​គូ​នេះ ក៏​ធ្លាប់​ប្រកួត​បាន​ច្រើន​មិនធម្មតា​គឺ​រហូត​ដល់​៨០​លើក ឈ្នះ​៧៤​លើក ចាញ់​៥​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាករ ធា នុ​រាជ ដែល​អ្នក​ណា​ក៏​ស្គាល់​ថា​មានឈ្មោះ​ដើម​ថា សូ​យ ភារ​ម្យ មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា  លោក​ញាណ សុធី បញ្ជាក់​ថា ថ្វី​ដ្បិតតែ​គេ​មាន​វ័យ​ជ្រេ និង​មិនសូវ​បាន​ឡើង​ប្រកួត​ញឹកញាប់​នា​ពេល​ចុង​ក្រោយ តែ​លោក​ថា​គេ​មាន​សមត្ថភាព និង​មាន​បច្ចេកទេស​ល្អ​ពិបាក​មើល​ស្រាល​ផង​ដែរ ។ លោក​សម្រេច​ឱ្យ​គេ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​ថៃ​ឈ្មោះ​យ៉​ត សេន​ឃុំ ដោយសារ​តែ​យល់​ឃើញ​ថា​អ្នក​ទាំង​ពីរ​សុទ្ធតែ​មើលទៅ​នៅ​មាន​សមត្ថ​ភាពល្អ​ដូច​គ្នា ។ លោក​ថា ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ​Black Cat នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ដោយសារ​តែ​កីឡាករ​កម្ពុជា និង​ថៃ​ទាំង​២​គូ​សុទ្ធតែ​មាន​សមត្ថភាព ។ លោក​ថា​ការ​ប្រកួត​របស់​គូ​នេះ នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ប៉ុន្តែ​ការ​ប្រកួត​ទាំងមូល​ទំនងជា​នឹង​ស្វិតស្វាញ ដោយសារ​តែ​កីឡាករ​កម្ពុជា​ក៏​ត្រូវការ​ឈ្នះ ហើយ​កីឡាករ​ខាង​ថៃ​ក៏​ជា​ជើង​ខ្លាំង​ដែល​នឹង​មិន​បណ្ដោយ​ឱ្យ​ភ្លាត់​នៅ​លើ​សង្វៀន ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៦​លើក ឈ្នះ​៦៦​លើក ចាញ់​៨​លើក និង​ស្មើ​២​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៨២​លើក ឈ្នះ​៥៩​លើក ចាញ់​១៨​លើក និង​ស្មើ​៥​លើក​។

ក្រុម​អ្នកគាំទ្រ​បាន​ផ្ដោត​ការ​ចាប់អារម្មណ៍​ជាមួយ​ការ​ប្រកួត​របស់​កីឡាករ​ទាំង​៤​រូប​ខាងលើ​យ៉ាង​ខ្លាំង ដោយសារ​តែ​សមាសភាព​ទាំង​កម្ពុជា និង​ថៃ សុទ្ធតែ​ជា​កីឡាករ​ល្អ និង​ជា​កីឡាករ​ដែល​មានកេរ្តិ៍ឈ្មោះ​នៅ​លើ​សង្វៀន ។ ភាគី​កីឡាករ​ពេជ្រ ម្ទេសខ្មាំង និង ធា នុ​រាជ សុទ្ធតែ​អះអាង​ថា​ត្រៀមខ្លួន​គ្រប់គ្រាន់​ដោយសារ​តែ​ការ​ប្រកួត​របស់​គេ​គឺ​ត្រូវការ​ឈ្នះ​ទៅ​លើ​កីឡាករ​ថៃ ។ យ៉ាងណាមិញ លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​បាន​បង្ហាញ​ការ​ទុកចិត្ត​ចំពោះ​កីឡាករ​របស់​ខ្លួន​ដូច​គ្នា សម្រាប់​ការ​ប៉ះ​ប្រកួត​ជាមួយ​ភាគី​ខាង​កម្ពុជា​នៅ​លើ​សង្វៀន​Black Cat ផង​ដែរ ៕