រក​ឃើញ​ក្រុម​4​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន LEO CUP 2016

រាជធានី​ភ្នំពេញ ៖ គិត​មក​ទល់​នឹង​ពេល​នេះ ការ​ប្រកួត​បាល់ទះ​ដណ្ដើម​ពានរង្វាន់​ស្រា​បៀរ​លី​អូ​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៦(Leo Cup National Volleyball2016)​ក្របខ័ណ្ឌ
Division B បាន​ឈាន​ចូល​មក​ដល់​ជុំ​ទី​៤​ហើយ និង​បាន​រក​ឃើញ​ក្រុម​ចំនួន​៤​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ផង​ដែរ ។

តាម​ការ​បូក​សរុប​ពិន្ទុ​សម្រាប់​ការ​ប្រកួត​ទាំង​៤​លើក​មកនេះ សម្រាប់​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​នោះ​មាន ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៧, ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​, ក្រុម​ខ្មែរ​សាមគ្គី​ខេត្តកំពង់ចាម និង​ក្រុម​កងពលតូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ​។ សម្រាប់​ការ​ប្រកួត​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ថ្ងៃ​ពុធ​ទី​៨ មិថុនា កន្លង​មកនេះ នៅ​ក្នុង​ពូ​ល​B ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៧ កើន​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​ក្រោយ​ពី​បាន​យកឈ្នះ​លើ​ក្រុម​យុវជន​ភ្នំពេញ​ថ្មី​៣​សិត​ទល់​១​សិត ជាមួយ​លទ្ធផល​២៥-១៨, ២០-២៥, ២៥-២០​និង​២៥-១៧ ។ នេះ​គឺជា​ការ​យកឈ្នះ​លើក​ទី​៣​ហើយ​សម្រាប់​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ​៧​ដែល​អាច​នាំ​ឱ្យ​គេ​មានឱកាស​កក់​កៅអី​ប្រកួត​នៅ​វគ្គ​បន្ត​រួច​ជា​ស្រេច ។

ចំណែក​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​យកឈ្នះ​លើ​ក្រុម​Aqua Family Resort ៣​សិត​ទល់​នឹង​សូន្យ​២៥-១២, ២៥-១៦ និង​២៥-១៤ ។ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ទើបតែ​ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក តែ​ជ័យជម្នះ​នេះ អាច​នាំ​ឱ្យ​គេ​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​បាន ។

ការ​ប្រកួត​នៅ​ក្នុង​ពូ​ល​A​វិញ ក្រុម​កងពលតូច​លេខ​៣១​ការពារ​កោះ​ឆ្នេរ បាន​យកឈ្នះ​លើ​ក្រុម​យុវជន​បាត់ដំបង​៣​សិត​ទល់​១​សិត ២៤-២៦,២៥-១៨,២៥-១៣​និង​២៥-២២ ។ សម្រាប់​ក្រុម​កងពលតូច​លេខ​៣១​នេះ គឺជា​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​គេ​ហើយ​ដែល​មាន​៩​ពិន្ទុ​ឈ្នះ​៣​ចាញ់​១ ។ ចំណែក​ក្រុម​ខ្មែរ​សាមគ្គី​ខេត្តកំពង់ចាម​វិញ ទើបតែ​ប្រកួត​បាន​៣​លើក តែ​ឈ្នះ​ទាំង​៣​លើក​មាន​៩​ពិន្ទុ ។ ថ្វី​ដ្បិតតែ​គេ​នៅ​សល់​១​ប្រកួត​ទៀត​ក្ដី ក៏​លទ្ធផល​នេះ​អាច​នាំ​ឱ្យ​គេ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​បាន​ដោយ​ស្វ័យប្រវត្តិ ៕