Totti សម្រេចបំណងបន្តលេងរដូវកាលទី ២៥ ឲ្យក្លិប Roma

កីឡាករជើងចាស់ Francesco Totti បានយល់ព្រមបន្តកុងត្រាមួយឆ្នាំទៀតជាមួយនិងក្លិបអ៊ីតាលី Roma។ Totti បានជួបជាមួយប្រធានក្លិប លោក James Pallotta កាលពីម្សិលមិញ ហើយកីឡាករវ័យ ៣៩ឆ្នាំបានបញ្ជាក់ថា រូបគេនឹងបន្តលេងក្នុងរដូវកាលទី ២៥ របស់គេជាមួយនិងក្លិបក្នុងទីក្រុងអ៊ីតាលីមួយនេះ។
France-Tito-ft16

Totti ដែលឈានចូលវ័យ ៤០ នាខែកញ្ញាខាងមុខនេះ ថ្លែងថា «ខ្ញុំចង់បានកុងត្រានេះ ព្រោះវាគឺជាបង្ហាញពីការពិតនៃសុបន្តិរបស់ខ្ញុំ»«ខ្ញុំតែងតែស្រមៃចង់បញ្ចប់អាជីពរបស់ខ្ញុំ ដោយពាក់តែអាវតែមួយក្លិបប៉ុណ្ណោះ គឺ Roma»។

Totti ចាប់ផ្តើមរដូវកាលទាំងលំបាកកាលពីរដូវកាលមុន ដោយសារមានរបួសច្រើន និងធ្លាក់ទម្រង់លេង ប៉ុន្តែរូបគេ ដែលបានចូលលេងប្រកួតទី ៦០០ ឲ្យ Roma ឈ្នះ ៣-០ លើក្រុម Chievo កាលពីខែមុន បានបញ្ចប់រដូវកាលដោយខ្លាំង និងស៊ុតបាន ៥គ្រាប់ បោះបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ៤ដង និងក្លាយជាកីឡាករសំខាន់ម្នាក់ជួយឲ្យ Roma ឡើងទៅឈរលេខ ៣ក្នុងតារាង Serie A។

Totti ចូលមកលេងនៅ Roma ក្នុងឆ្នាំ ១៩៨៩ កាលពីអាយុទើប ១២ឆ្នាំ និងក្រោយមក មានការរីកចម្រើនលឿន ត្រូវបានអនុញ្ញាតឲ្យចូលលេងក្នុងក្រុមធំ ជាលើកដំបូងក្នុងអាយុ ១៦ឆ្នាំ កាលពីខែមីនា ឆ្នាំ ១៩៩៣៕