WWF៖ ប្រភេទ​សត្វ​ព្រៃ​កម្ពុជា «មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»

ភ្នំពេញៈ ប្រភេទសត្វព្រៃជាច្រើនកំពុង «មានការធ្លាក់ចុះយ៉ាងខ្លាំង» នៅក្នុងតំបន់វាលភាគខាងកើតនៃប្រទេសកម្ពុជា ដោយសារតែការបាត់បង់ជម្រក ការចូលធ្វើផ្លូវ ការខ្វះការអនុវត្តច្បាប់ និងការបរបាញ់ខុសច្បាប់។ នេះបើតាមអង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញ។

សេចក្តីថ្លែងការណ៍នេះបានសរសេរថា៖ «ការដាក់កាមេរ៉ានិងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដទៃៗទៀតបង្ហាញថា មានការបាត់បង់សត្វព្រៃជាច្រើនក្នុងរយៈកាលប៉ុន្មានចុងក្រោយនេះ»។

នៅសិក្ខាសាលាមួយដែលប្រារព្ធធ្វើកាលពីម្សិលមិញនៅខេត្តមណ្ឌលគិរី អង្គការ WWF បានប្រាប់ទៅអាជ្ញាធរថ្នាក់ជាតិ ខេត្ត ស្រុក និងអាជ្ញាធរមូលដ្ឋានថា ការអនុវត្តច្បាប់ខ្លាំងក្លាជាងមុនគឺជាភាពចាំបាច់។

លោក មល ផាត អ្នកគ្រប់គ្រងនៅតំបន់វាលទំនាបភាគខាងកើតរបស់អង្គការ WWF បានថ្លែងថា៖ «យើងនៅកំពុងប្រឈមនឹងបញ្ហាដ៏ធំក្នុងការប្រយុទ្ធនឹងការបាត់បង់ជីវៈចម្រុះ»។

តំបន់វាលទំនាបភាគខាងកើតគ្រប់ដណ្តប់មួយភាគធំទៅលើខេត្តមណ្ឌលគិរីនិងផ្នែកនៃខេត្តជាប់ៗនោះ។

អង្គការ WWF មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ដើម្បីស្វែងរកតួលេខពិតប្រាកដអំពីការបាត់បង់សត្វព្រៃឬប្រភេទសត្វព្រៃអ្វីខ្លះដែលទទួលរងការគំរាមកំហែងបំផុត។

លោក Ross Sinclair នាយកប្រចាំប្រទេសរបស់អង្គការសង្គមអភិរក្សសត្វព្រៃ(WCS) កាលពីម្សិលមិញបានថ្លែងថា ប្រភេទសត្វដែលកំពុងបាត់បង់រួមមានជ្រូកព្រៃនិងគោព្រៃ។ ប៉ុន្តែលោកបានបន្ថែមថា ចាប់តាំងពីអង្គប់ត្រូវបានប្រើជាវិធីសាស្រ្តចាប់សត្វទូទាំងប្រទេស សត្វព្រៃនិងបក្សីជាច្រើនកំពុងរងគ្រោះ។

បើតាមបទសម្ភាស៍មួយកាលពីពេលមុនជាមួយអ្នកភូមិនៅក្នុងខេត្តផ្សេងៗកាលពីប៉ុន្មានខែមុន ប្រជាជនកម្ពុជា បានបរបាញ់សត្វព្រៃជាច្រើនដូចជា សត្វស្វា ប្រើស ក្តាន់ ជ្រូកព្រៃ និងប្រភេទសត្វល្មូននិងសត្វបក្សីផ្សេងទៀត។

ទាំងអង្គការ WWF និងអង្គការ WCS បានថ្លែងថា មិនមានល្បាតគ្រប់គ្រាន់ដើម្បីការពារតំបន់អភិរក្ស។

លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីម្សិលមិញបានទទួលស្គាល់បញ្ហានេះដោយថ្លែងថា រដ្ឋាភិបាលកំពុងខិតខំធ្វើការងារនេះ បើទោះបីជាថវិកាមានកំណត់ក៏ដោយ។

លោក សុភាព ថ្លែងថា ដោយសារក្រសួងមានតួនាទីធំជាងក្នុងការការពារព្រៃ ក្រសួងនឹងបង្កើតច្បាប់ផ្លូវការថ្មីដែលគូសគ្រោងឲ្យមានកិច្ចសហប្រតិបត្តិការខ្លាំងជាងមុនជាមួយក្រុមសហគមន៍។ មន្រ្តីបរិស្ថាននឹងផ្តល់តួនាទីល្បាតមួយចំនួនទៅសមាជិកសហគមន៍។

លោក សុភាព មិនអាចបញ្ជាក់ថាតើមានការកើនឡើងឬថយចុះចំពោះអត្រាសត្វដែលត្រូវបានបរបាញ់នៅក្នុងប្រទេសកម្ពុជា។

អង្គការ WWF ក៏បញ្ជាក់ទៀតថា ការបាត់បង់ជំរកគឺជាបញ្ហាសំខាន់ ដែលបណ្តាលមកពីការយកដីធ្វើចម្ការធំ។ ក្រុមហ៊ុនបានទិញដីពីប្រជាជនដើម្បីធ្វើចម្ការធំៗ ហើយប្រជាជនរំលោភចូលទៅតំបន់អភិរក្សដើម្បីស្វែងរកដីថ្មី និងកាប់ឈើ។

បើតាមអង្គការ WWF ដើម្បីកម្ចាត់បញ្ហានេះ ការធ្វើចម្ការៗគឺ ត្រូវធ្វើទៅតាមផែនការមេដែលត្រូវអភិរក្សតំបន់ព្រៃតាមដែលអាចធ្វើទៅបាន។

លោក ផាត បានថ្លែងថា៖ «ការធ្វើផែនការគឺ ជាគន្លឹះសំខាន់ដើម្បីឲ្យមានសុខុមរម្យចំពោះការអភិវឌ្ឍនិងការអភិរក្ស»

ប្រភព៖ whatsupkhmer

  • WWF៖ ប្រភេទ​សត្វ​ព្រៃ​កម្ពុជា «មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:កំសាន្ត
Tags: