៧ វិធី​អ្នក​អាច​ថែរក្សា​ស្បែក​ដោយ​ខ្លួនឯង

ស្បែកមុខជាកន្លែងដែលងាយនឹងមើលឃើញស្លាកស្នាមកំហុសឆ្គងជាងគេ ដូចនេះសុភាពនារីគួរយកចិត្តទុកដាក់ថែរក្សាជាប្រចាំ។ ការថែរក្សាស្បែកមុខមិនចាំបាច់ត្រូវចំណាយថវិកាច្រើនទេ វិធីងាយៗ និងអាចធ្វើដោយខ្លួនឯងបាននៅផ្ទះក៏ផ្តល់ប្រសិទ្ធភាពល្អ ថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀតផង។ ខាងក្រោមនេះជាវិធីងាយៗ មិនចំណាយពេលច្រើន ដែលអ្នកអាចជ្រើសរើសសាកល្បងតាមចំណូលចិត្ត ៖

១. ទឹកដោះគោជូរ ៖
លាបទឹកដោះគោជូរឱ្យសព្វលើផ្ទៃមុខទុកចោលប្រមាណ ២០ នាទី រួចលាងទឹកចេញ ។ វិធីនេះជួយបំបាត់ស្នាមអុជខ្មៅ និងកម្ចាត់មុនក្នុងរយៈពេលតែ ១ សប្តាហ៍ប៉ុណ្ណោះ ។ គួរបន្តធ្វើជាប្រចាំរហូតបាន ១ ខែនោះផ្ទៃមុខនឹងប្រែជាភ្លឺរលោង មានសំណើម ទន់គួឱ្យចង់ស្ទាបអង្អែល ។

២. ទឹកឃ្មុំ ៖
លាបទឹកឃ្មុំសុទ្ធ (ទឹកឃ្មុំធម្មជាតិកាន់តែមានប្រសិទ្ធភាព) លើផ្ទៃមុខស្តើងៗ ទុកចោលប្រមាណ ២០ នាទីរួចលាងទឹកចេញ ។ វិធីនេះក៏ជួយឱ្យស្បែកទន់ ភ្លឺរលោង និងបំបាត់មុនដែរ ។

៣. ត្រាំទឹក ៖
ប្រសិនបើមានពេលអ្នកគួរឆ្លៀតពេលត្រាំក្នុងអាងទឹកជាជាងគ្រាន់តែងូតទឹកផ្កាឈូក ពីព្រោះការត្រាំទឹកអាចជួយឱ្យស្បែកស្រូបយកជាតិសំណើមបានច្រើនជាង ឬអ្នកអាចខាត់ស្បែកជាមុនសិនទើបត្រាំទឹកជាក្រោយ ហើយប្រសិនបើចង់ឱ្យស្បែកតឹងណែនគួរត្រាំទឹកត្រជាក់ ។

៤. ទឹកដោះគោស្រស់ ៖
ទឹកដោះគោស្រស់សម្បូរដោយឡាក់ទិកអាស៊ីត ជួយជម្រុះចោលកោសិកាស្បែកចាស់ៗ បានយ៉ាងមានប្រសិទ្ធភាព ។ វិធីប្រើ គឺត្រូវលាយទឹកត្រាំក្តៅឧណ្ហៗជាមួយទឹកដោះគោ ប៉ុន្តែកុំត្រាំលើសពី ២០ នាទី ព្រោះអាចបណ្តាលឱ្យស្បែកស្ងួត ហើយកុំភ្លេចប្រើគ្រីមផ្តល់សំណើមបន្ទាប់ពីត្រាំរួច ។

៥. ខ្ទិះដូង ៖
ខ្ទិះដូងដើរតួនាទីជាគ្រីមផ្តល់សំណើម និងព្យាបាលអាការរលាកពីកម្តៅថ្ងៃបានយ៉ាងប្រសើរដូចគ្នាដែរ ការត្រាំទឹកដោយបន្ថែមខ្ទិះដូង ១ កំប៉ុង នឹងជំនួយ និងថែរក្សាសុខភាពស្បែកបានមួយកម្រិត ។

៦. ប្រេងធម្មជាតិ ៖
ប្រេងអាចប្រើសម្រាប់ជួយផ្តល់សំណើម និងបន្ទន់ស្បែកដោយប្រសិទ្ធភាពពីប្រូតេអ៊ីន និងខ្លាញ់ដែលមានក្នុងប្រេង ។ គួរប្រយ័ត្នផងដែរប្រេងប្រភេទខ្លះអាចនឹងមិនត្រូវជាមួយប្រភេទស្បែករបស់អ្នក ដូចនេះគួរសម្គាល់ដោយខ្លួនឯងថាស្បែករបស់អ្នកត្រូវ ឬមិនត្រូវនឹងប្រេងអ្វី ។

៧. ស្ប៉ា ៖
វិធីនេះទាមទារពេលវេលាច្រើនបន្តិច ប៉ុន្តែអ្នកគួរឆ្លៀតពេលធ្វើឱ្យបាន ព្រោះវាអាចបណ្តេញជាតិពុលបានច្រើន ជំរុញចរន្តឈាមរត់ សម្រួលអារម្មណ៍ និងស្បែកឱ្យស្រស់ថ្លាក្មេងជាងវ័យ ៕

ប្រភព៖ pmhotnews

  • ៧ វិធី​អ្នក​អាច​ថែរក្សា​ស្បែក​ដោយ​ខ្លួនឯង已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/09  Category:សុខភាព
Tags: