ចង់ដឹងទេថាតើ Starbucks អាចវ៉ាដាច់ Brown Coffee ដែរឬអត់?

ភ្នំពេញ៖ ប្រិយមិត្តគ្រប់រូប ជាពិសេសគឺយុវវ័យតែម្តង សុទ្ធតែដឹងពីវត្តមានរបស់ Starbucks ដែលបានបើកអាជីវកម្មជាផ្លូវការ នៅសាខាផ្សារទំនើបអ៊ីអន កាលពីវេលាថ្ងៃត្រង់ ទី២៥ ឧសភា ២០១៦ កន្លងមកថ្មីៗនេះ។ បើគ្រាន់តែក្រឡេកមើលបណ្តាញសង្គមផ្សេងៗ ក៏យើងសង្កេតឃើញថា អតិថិជនជាច្រើនមានភាពត្រេកអរ និងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់ Starbucks។

Starbucks គឺជាហាងកាហ្វេដ៏ល្បីល្បាញរបស់អាមេរិក ដែលមានអាយុកាល ៤៥ ឆ្នាំមកហើយ តាំងពី ១៩៧១ មកម៉្លេះ ដែលមានលោក Howard Schultz ជាប្រធាន និងជានាយកប្រតិបត្តិ។ សព្វថ្ងៃនេះ Starbucks មានប្រតិបត្តិការនៅ ២៣,៧៦៨ ទីតាំង នៅទូទាំងពិភពលោក។ ផលិតផលរបស់ Starbucks មានដូចជា ភេសជ្ជៈកាហ្វេ, smoothies, តែ, នំដុត, និងសាំងវិចជាដើម។ រីឯប្រាក់ចំនូលវិញ គឺមានការកើនឡើងជារៀងរាល់ឆ្នាំ។ គ្រាន់តែឆ្នាំ ២០១៥ Starbucks រកចំនូលបានដល់ទៅ ១៩.១៦ ពាន់លានដុល្លារឯណោះ។

ប៉ុន្តែក្នុងខណៈពេលនេះដែរ ក៏មានប្រិយមិត្តមួយចំនួនកំពុងតែគិតថា តើហាងកាហ្វេ Brown ឯណេះវិញ នឹងអាចទប់ទល់បានជាមួយនឹងដៃគូប្រកួត Starbucks ដែលជាហាងកាហ្វេម៉ាកល្បីរបស់ពិភពលោកដែរឬទេ?

ជាក់ស្តែង Brown Coffee ក៏ជាហាងកាហ្វេដ៏ល្បីល្បាញ និងឈានមុខគេ របស់កម្ពុជាដែរ។ នៅឆ្នាំ ២០០៩ Brown បានចាប់ផ្ដើមដំណើរការ ដោយបងប្អូនជីដូនមួយ ៥នាក់ ក្នុងគោលបំណងនាំយកវប្បធម៌នៃការញ៉ាំកាហ្វេ មកក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីដំណើរការបានប្រាំឆ្នាំ ក្រុមហ៊ុនមួយនេះ មានអតិថិជនប្រមាណជា ១,៧០០ នាក់ជារៀងរាល់ថ្ងៃ ដែលបានមកកាន់ហាងទាំងប្រាំពីរសាខា កន្លែងធ្វើនំមួយសាខា និងកន្លែងបណ្ដុះបណ្ដាលមួយសាខា។ Brown មានកម្មវិធីទូរស័ព្ទសម្រាប់អតិថិជនដែលមាន កាតសមាជិក និងថ្មីៗនេះ ក៏មានជាសេវាដឹកជញ្ជូនទៀតផង។

ដើម្បីចង់ដឹងអំពីចំណាប់អារម្មណ៍មួយចំនួន របស់យុវវ័យកម្ពុជា ថាតើពួកគេនៅតែគាំទ្រ Brown Coffee ទៀត ឬក៏បង្វែរចំនង់ចំនូលចិត្តទៅហាងកាហ្វេ Starbucks នោះ Khmerload បានសាកសួរ និងទទួលបានចម្លើយដូចខាងក្រោម៖ 

ជាក់ស្តែង និស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់ ឈ្មោះ “ឆាន់ណាក់” បានបញ្ចេញពីគំនិតផ្ទាល់ខ្លួនថា៖ “ទោះបី Starbucks ដែលទើបតែមកដល់ស្រុកយើងនេះ ជាម៉ាកល្បីរបស់ពិភពលោកក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែចូលចិត្ត Brown ជាង។ ព្រោះបើយើងជាអ្នកធ្វើការ ឬអ្នករៀន យើងអាចទៅពិភាក្សាការងារ និងអាចធ្វើ assignment បាន ដោយសារទីកន្លែងធំទូលាយរបស់វា និងមានសាខាច្រើនមិនពិបាកទៅណាឆ្ងាយ។ ជាពិសេសគឺគេបំរើសេវាកម្មអោយយើង គ្រាន់តែអង្គុយចាំកម្ម៉ង់ទៅបានហើយ។ សម្រាប់រសជាតិវិញ ខ្ញុំពិតជាពេញចិត្តរសជាតិដ៏ចាស់របស់កាហ្វេ Brown ណាស់! តែសម្រាប់ Starbucks វិញមានទីតាំងតែ ២ កន្លែង ហើយមានទំហំរាងតូច ចង្អៀត មិនសូវមានកន្លែងអង្អុយទេ ណាមួយមនុស្សច្រើនដោយសារទើបបើកថ្មីទៀត ហើយត្រូវបំរើសេវាកម្មដោយខ្លូនឯង មិនដូចនៅ Brown ទេ។ រឿងតម្លៃវិញគ្មានបញ្ហាទេ ព្រោះខ្ញុំគិតថា Brown ធូរជាង Starbucks តិចតួចទេ។ យ៉ាងណាក៏ខ្ញុំត្រូវតែគាំទ្រ ស្នាដែរបស់ខ្មែរ ដើម្បីជាគំរូដល់កូនខ្មែរដទៃទៀត និងមិនគួរគាំទ្រតែផលិតផលបរទេសពេក  ឬគ្រាន់តែចង់ស៊ីប្រេននោះទេ” ។ 

រីឯ “ម៉ានិច” សព្វថ្ងៃជានិស្សិតស្រី សកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បាននិយាយពីគំនិតស្រដៀងគ្នានេះដែរថា៖ “ខ្ញុំចូលចិត្ត Brown ជាង។ ខ្ញុំមិនសូវចូលចិត្តរសជាតិរបស់ Starbucks ទេ  និយាយទៅ វាមិនសូវផ្អែមដូច Brown លក្ខណៈថា សាបជាង។ Brown ក៏មានតម្លៃធូរថ្លៃជាង ហើយសេវាកម្មក៏លឿនដែរ។ មួយវិញទៀត ដោយសារ Brown មានសាខាច្រើន, នៅជិតកន្លែងរៀន ហើយជិតផ្ទះទៀត ដែលវាមានភាពងាយស្រួលសម្រាប់ខ្ញុំធ្វើដំណើរទៅ។  អ្វីដែលខ្ញុំចូលចិត្តគឺ Brown មានកាតសមាជិក មានគូប៉ុង ឲ្យសន្សំពិន្ទុ ដើម្បីដូរយកភេសជ្ជៈពេលដែលដាច់លុយទៀតផង” 

បែរមក និស្សិតស្រីនៃវិទ្យាស្ថានភាសាបរទេសវិញ ឈ្មោះ “លីដា” ប្រកាន់ជំហរថា “រវាង Brown និង Starbucks បើតាមគិតទៅល្អដូចតែគ្នា ចូលចិត្តដូចគ្នា គ្រាន់តែមួយជាប្រេនរបស់ខ្មែរ និងមួយទៀតជាប្រេនប៉ែកអ៊ឺរ៉ុប។ ខ្ញុំក៏មិនមានភាពលំអៀងទៅខាងណាទេ ក៏មិនដែលកាត់បន្ថយថាទៅមួយណាជាងមួយណាដែរ។ ខ្ញុំទៅ Starbucks ភាគច្រើនមកពីទំនេរ ឬទៅដើរលេង តែ Brown ភាគច្រើនទៅអង្គុយរៀន ឬធ្វើ assignment ច្រើនជាង ព្រោះទីតាំងវាធំជាង។ បើនិយាយទៅគឺ ម៉្យាងម្នាក់ទេបើនិយាយពីកេរ្តិ៍ឈ្មោះ ប្រាកដជា Starbucks ល្បីជាងហើយ ព្រោះ Brown មានតែក្នុងស្រុកខ្មែរ។ សម្រាប់រសជាតិវិញ ខ្ញុំគិតថាមិនសូវមានភាពខុសគ្នាអីទេ, ប្រហាក់ប្រហែលគ្នា។ តម្លៃ Brown ក៏ធូរថ្លៃជាងតិចតួចប៉ុណ្ណោះ។ ខុសគ្នាតែត្រង់ Brown មានបុគ្គលិករាក់ទាក់ជាមួយយើងជាង ហើយបំរើសេវាកម្មជូនយើងជាពិសេស ហើយ Starbucks យើងត្រូវបំរើសេវាកម្មដោយខ្លួនឯងដូចជានៅហាង fast food ដែរ។ តែទោះជាយ៉ាងណា ខ្ញុំមិនភ្លេចគាំទ្រផលិតផលខ្មែរទេ ព្រោះយើងជាកូនខ្មែរ យើងមិនគួរគាំទ្រផលិតផលស្រុកគេពេកទេ” ។

សរុបមក បើយោងតាមមតិមួយចំនួនខាងលើ បង្ហាញថា ទោះបីជា Starbucks ជាហាងកាហ្វេម៉ាកល្បីក៏ពិតមែន ក៏យុវវជនខ្មែរ មិនដែលភ្លេចគាំទ្រស្នាដៃផលិតផលជាតិដែរ។ តែយ៉ាងណាមិញ នេះគ្រាន់តែជាការយល់ឃើញមួយផ្នែកតូចប៉ុណ្ណោះ ហើយ Khmerload ក៏ចង់ដឹងពីមតិយោបល់បន្ថែមទៀត ពីប្រិយមិត្តទាំងអស់គ្នាដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចង់ដឹងទេថាតើ Starbucks អាចវ៉ាដាច់ Brown Coffee ដែរឬអត់?

ចង់ដឹងទេថាតើ Starbucks អាចវ៉ាដាច់ Brown Coffee ដែរឬអត់?

ចង់ដឹងទេថាតើ Starbucks អាចវ៉ាដាច់ Brown Coffee ដែរឬអត់?

ចង់ដឹងទេថាតើ Starbucks អាចវ៉ាដាច់ Brown Coffee ដែរឬអត់?

ចង់ដឹងទេថាតើ Starbucks អាចវ៉ាដាច់ Brown Coffee ដែរឬអត់?