តុលាការ​ ​លើក​ពេល​កាត់ទោស​ស្ត្រី​​ដែល​បញ្ជា​ចេញពី​ពន្ធនាគារ​ ក្នុង​ការទិញ​លក់​គ្រឿងញៀន​

តុលាការ​ ​លើក​ពេល​កាត់ទោស​ស្ត្រី​​ដែល​បញ្ជា​ចេញពី​ពន្ធនាគារ​ ក្នុង​ការទិញ​លក់​គ្រឿងញៀន​



ភ្នំពេញ ៖ ជាថ្មី​ម្ដងទៀត នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៦​ ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ បាន​សម្រេច​លើក​ពេល​កាត់ទោស​ស្ត្រី​ម្នាក់ ​និង​បក្ខពួក ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​បញ្ជា​ចេញពី​ពន្ធនាគារ​ព្រៃ​ស​តាម​ទូរស័ព្ទ​នូវ​ ការទិញ​លក់​គ្រឿងញៀន​រហូត​សល់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ ខណៈ​ជន​ជាប់ចោទ​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​ក្នុង​គុក​នៅ​ឡើយ។

ស្ត្រី​ជាប់ចោទ​ដែល​តុលាការ​លើក​ពេល​កាត់ទោស​នេះ ​ឈ្មោះ ទេព ស្រី​ពៅ អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​កំពុង​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ម​១​ព្រៃ​ស។​

មូលហេតុ​ដែល​តុលាការ​លើក​ពេល​សវនាការ​នេះ​ ដោយសារ​ចៅក្រម​ម្នាក់​ជា​ចៅក្រម​ក្រុមប្រឹក្សា​ជាប់​រវល់​សិក្ខាសាលា​នៅ​ខាងក្រៅ ដែល​មិន​អាច​ឲ្យ​ធ្វើការ​ជំនុំ​ជម្រះ​​បាន។ នេះ​បើ​តាម​ការ​ផ្ដល់​យោបល់​របស់​តំណាង​អយ្យការ​ក្នុង​សវនាការ។

សូម​រំលឹក​ថា ស្ត្រី​ជា​ទណ្ឌិត ឈ្មោះ ទេព ស្រី​ពៅ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជាប់ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ កាល​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ ត្រូវ​បាន ​លោក ម៉ុង មុនី​សោភា ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្រកាស​សាលក្រម​បង្គាប់​ឲ្យ​សង​ទៅ​ដើមបណ្ដឹង​រដ្ឋប្បវេណី ​លោក ខ្លូត តារា ប្រធាន​ពន្ធនាគារ​ព្រៃ​សម​២ ចំនួន​១​លាន​រៀល និង​ពិន័យ​ជា​ប្រាក់​ចំនួន ១,៥​លាន​រៀល​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពី​បទ​ជេរប្រមាថ។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ កន្លងទៅ​ លោក ម៉ុង មុនី​សោភា ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជំនុំជម្រះ​ទោស​លើ​ជនជាប់ចោទ​ ឈ្មោះ ទេព ស្រី​ពៅ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ជាប់ចោទ​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅក្នុង​ពន្ធនាគារ​ព្រៃ​សម​២ យោង​តាម​មាត្រា​៣០៧​នៃ​ក្រមព្រហ្មទណ្ឌ ដែល​មាន​ដើមបណ្ដឹង​ លោក ខ្លូត តារា ប្រធាន​ពន្ធនាគារ​ព្រៃ​សម​២​។​

នៅក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ជេរ​ លោក ខ្លូត តារា មែន​ព្រោះតែ​ខឹង​រឿង​មន្ត្រី​ពន្ធនាគារ​ឆែក​យក​លុយ​នាង​អស់​១​ម៉ឺន​ដុល្លារ មិន​ព្រម​ប្រគល់​ឲ្យ​នាង​វិញ​។​

លោក ហេង សំណាង អនុប្រធាន​ការិយាល័យ​ប្រតិបត្តិ​ទទួល​ផែន​អប់រំ និង​សំណុំរឿង​បាន​ថ្លែង​ក្នុង​នាម​តំណាង​របស់​ លោក ខ្លូត តារា ជាដើម​បណ្ដឹង​ថា ពាក់ព័ន្ធ​នឹង​លុយ​១​ម៉ឺន​ដុល្លារ និង​២០​ម៉ឺន​រៀល​ដែល​ស្រី​ជនជាប់ចោទ​ទាមទារ​នោះ គឺ​នៅ​ទី​នៅ​អំឡុង​ចុងឆ្នាំ​២០១៤ ក្រុមការងារ​អធិការកិច្ច​នៃ​អគ្គ​នា​យកដ្ឋាន​ពន្ធនាគារ​បាន​ចុះទៅ​ឆែកឆេរ​នៅ​ពន្ធនាគារ​ព្រៃ​សម​២​ ហើយ​បាន​ដកហូត​ពី​ស្ត្រី​ជន​ជាប់​ចោទ​ជាក់ស្តែង​ផ្ទាល់ ហើយ​លុយ​ទាំងនោះ​ត្រូវ​បាន​ក្រុម​អធិការកិច្ច​ធ្វើ​របាយការណ៍​ដកហូត និង​បញ្ជូន​មក​តុលាការ​ទាំង​អស់ ពោល​គឺ​មន្ត្រី​ពន្ធនាគារ​មិនបាន​រក្សាទុក​លុយ​ទាំងនោះ​ដូច​ការ​ចោទ​របស់​ជន​ជាប់​ឡើយ​។​

តំណាង​រូប​នេះ​បាន​បន្ត​ថា ដើមបណ្ដឹង​ លោក ខ្លូត តារា បាន​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ស្ត្រី​ជន​ជា​ប់​ចោទ​ចំនួន​៥​ពាន់​ដុល្លារ។

លោក ហេង សំណាង បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា មូលហេតុ​ ដែល​ស្រី​ជនជាប់ចោទ​មាន​លុយ​ច្រើន​នៅ​ជាប់​ខ្លួន​នៅក្នុង​ពន្ធនាគារ​នោះ​គឺ ដោយសារតែ​ជនជាប់ចោទ​មាន​ខ្សែបណ្ដាញ​ជា​កូនចៅ​នៅ​ខាងក្រៅ​រកស៊ី​គ្រឿងញៀន​ចំណេញ រួច​ផ្ញើ​លុយ​ទៅ​ឲ្យ​ជនជាប់ចោទ តាមរយៈ​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ពន្ធនាគារ​របស់​លោក ដោយ​ស្ត្រីជន​ជាប់ចោទ​ប្រាប់​ថា​ ជា​លុយ​បងប្អូន​ផ្ញើ​មក​ឲ្យ​ចាយ​។​

លោក​បាន​បន្ត​ថា ក្រៅពី​សំណុំរឿង​បរិហារកេរ្តិ៍​នេះ ស្ត្រី​ជាប់ចោទ​ជា​ទណ្ឌិត​នៃ​សំណុំរឿង​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​រឿង ​៖ -​ទី​១​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៨​ខែ ​ក្នុង​អំឡុង​ឆ្នាំ​២០១៤ ​ ទី​២ ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ អនុវត្ត​ទោស​១​ឆ្នាំ ក្រោម​បទ​ចោទ​ថា ​បាន​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​ព្រៃ​សម​២​ ​ទី​៣​តុលាការ​មិនទាន់​បញ្ចប់​សវនាការ​នៅ​ឡើ​យ​ពាក់ព័ន្ធ​នឹង​ការ​បញ្ជា​ពី​ក្នុង​ពន្ធនាគារ​តាម​ទូរស័ព្ទ​ឲ្យ​មាន​ការ​ជួញដូរ​គ្រឿង​ញៀន​នៅ​ខាងក្រៅ។

លោក ហេង សំណាង ថា ​កន្លងមក​ពិតជា​មាន​ការ​ជួញដូរ និង​សេព​គ្រឿងញៀន​នៅក្នុង​ពន្ធនាគារ​ព្រៃ​សម​២​ប្រាកដ​មែន​ ដោយសារតែ​ជន​ជាប់ឃុំ បាន​ទាក់ទង​ទៅ​អ្នក​ជួញដូរ​គ្រឿងញៀន​នៅ​ខាង​ក្រៅ​តាមរយៈ​ទូរស័ព្ទ ហើយ​ក្រុម​ជួញដូរ​ទាំង​នោះ​បាន​យក​គ្រឿងញៀន​មក​បោះ​ចូល​តាម​របង​ពន្ធនាគារ​។​

លោក​ថា បច្ចុប្បន្ន​ពន្ធនាគារ​លោក​ត្រូវ​បាន​ផ្តាច់​ប្រព័ន្ធ​ទូរស័ព្ទ​ហើយ ប៉ុន្តែ​វា​នៅ​តែ​មាន​ភាព​ខ្វះ​ចន្លោះ​ព្រោះ​ជន​ជាប់ឃុំ​ខ្លះ​នៅតែ​លួច​ប្រើ​ទូរស័ព្ទ​ហៅ​ចេញទៅ​ក្រៅ​បាន​ដដែល៕

តុលាការ​ ​លើក​ពេល​កាត់ទោស​ស្ត្រី​​ដែល​បញ្ជា​ចេញពី​ពន្ធនាគារ​ ក្នុង​ការទិញ​លក់​គ្រឿងញៀន​