អគ្គលេខាធិការUNអំពាវនាវ​ឲ្យបក្ស​ទាំងពីរ​ចរចា ខណៈព្រួយបារម្ភស្ថានការណ៍នយោបាយនៅកម្ពុជា

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន បានសម្តែងការព្រួយបារម្ភលើស្ថានភាពនយោបាយនៅកម្ពុជា ដោយអំពាវនាវឲ្យមានការចរចានិងបន្តវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។

អគ្គលេខាធិការUNអំពាវនាវ​ឲ្យបក្ស​ទាំងពីរ​ចរចា ខណៈព្រួយបារម្ភស្ថានការណ៍នយោបាយនៅកម្ពុជា

ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិបានឲ្យដឹងថាលោក បាន គីមូន បានទូរស័ព្ទមករដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីល្ងាចថ្ងៃអង្គារ។ ការិយាល័យអ្នកនាំពាក្យបានដកស្រង់ខឹ្លមសារនៃកិច្ចសន្ទនានោះផ្សព្វផ្សាយនៅលើវេបសាយរបស់ខ្លួនថាអគ្គលេខាធិការ លោក បាន គីមូន បានសម្តែងការព្រួយបារម្ភរបស់លោកអំពីរបាយការណ៍នៃការបំភិតបំភ័យលើមនុស្សជាច្រើន ការយាយីនិងការចាប់ខ្លួន ក្នុងនោះរួមមានមន្រ្តីសង្គមស៊ីវិល បុគ្គលិកនិងសមាជិកស្ថាប័នគ.ជ.ប សមាជិកបក្សប្រឆាំងនិងការបំភិតបំភ័យប្រព័ន្ធផ្សព្វផ្សាយជាដើម។

អគ្គលេខាធិការក៏បានបង្ហាញសេចក្តីសង្ឃឹមថារដ្ឋាភិបាលកម្ពុជានឹងធានាការគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ រួមមានសេរីភាពនៃការបញ្ចេញមតិ សមាគមនិងការប្រមូលផ្តុំ។ លោកបានអំពាវនាវឲ្យមានការបន្តនៃវប្បធម៌សន្ទនារវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិ។

កាលពីថ្ងៃទី១៩ ខែឧសភា គណបក្សប្រឆាំងបានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដោយអំពាវនាវឲ្យបើកកិច្ចប្រជុំជាបន្ទាន់មួយនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីធានានូវសុវត្ថិភាពតំណាងរាស្រ្តបក្សប្រឆាំងនិងជួយឲ្យមានស្ថិរភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៧និង២០១៨។ គណបក្សប្រឆាំងក៏បានលើកឡើងថារដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យសមាជិកបក្សប្រឆាំងផងដែរ។

រហូតមកដល់ពេលនេះ សញ្ញានៃការចរចារវាងបក្សទាំងពីរមិនទាន់មាននៅឡើយទេ ខណៈបក្សប្រឆាំងបានអំពាវនាវឲ្យមានការចរចាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន។

ទោះជាយ៉ាងណា កាលពីថ្ងៃទី៧ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាស្ថានភាពនយោបាយនៅកម្ពុជាមិនមានវិបត្តិដូចការលើកឡើងរបស់បក្សប្រឆាំងនោះទេ។ លោកក៏ធ្លាប់អំពាវនាវកុំឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

ក្នុងស្ថានការណ៍នយោបាយបច្ចុប្បន្ន គណបក្សសង្រ្គោះជាតិបានដាក់លិខិតថ្វាយព្រះមហាក្សត្រដើម្បីស្នើព្រះរាជអន្តរាគមន៍ឲ្យជួយរកដំណោះស្រាយនយោបាយនិងកុំឲ្យមានការចាប់ខ្លួនប្រធានស្តីទីបក្សប្រឆាំង លោក កឹម សុខា។ គណបក្សប្រឆាំងក៏បានព្រមានថានឹងធ្វើមហាបាតុកម្មអហិង្សា បើសិនជាមានការចាប់ខ្លួនលោក កឹម សុខា។

សហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាបានអំពាវឲ្យបញ្ឈប់ការយាយីផ្នែកតុលាការលើលោក កឹម សុខា។ ចំណែកស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានជំរុញឲ្យរដ្ឋាភិបាលនិងគណបក្សសង្រ្គោះជាតិបន្តការចរចាជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ ដោយស្ថានទូតសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជាបានចាត់ទុកសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនៅកម្ពុជានិងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងថាអង្គទូតទាំងនោះមិនយល់ពីការអនុវត្តច្បាប់នៅកម្ពុជា។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប និងមន្រ្តីគ.ជ.ប ពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់។ មន្រ្តីអាដហុក៤ទាំងរូប រួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និង លោកស្រី លឹម មុន្នី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សី៕

ប្រភពៈ VOD