គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ថា​បក្ស​ប្រឆាំង​​និង​សង្គម​ស៊ីវិល​អប់រំ​ពលរដ្ឋ​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី រិះគន់បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួនថា បានអប់រំពលរដ្ឋឲ្យប្រឆាំងរដ្ឋាភិបាលដើម្បីផលប្រយោជន៍។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ថា​បក្ស​ប្រឆាំង​​និង​សង្គម​ស៊ីវិល​អប់រំ​ពលរដ្ឋ​ឲ្យ​ប្រឆាំង​រដ្ឋាភិបាល

មន្ត្រីបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិលច្រានចោលការរិះគន់នេះ ដោយសំអាងថា ពលរដ្ឋត្រូវទទួលបានចំណេះដឹងពិតប្រាកដ និងមានសិទ្ធិពេញលេញទាមទារអ្វីជាតម្រូវការ និងបំពេញចន្លោះខ្វះខាតរបស់រដ្ឋាភិបាល។

ទាំងមន្ត្រីបក្សប្រឆាំង និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលអះអាងថា ការតវ៉ា ការទាមទាររបស់ពលរដ្ឋគឺជាសិទ្ធិសេរីភាព ដែលរដ្ឋាភិបាលមានភារកិច្ចធានាឲ្យបាន ពោលគឺមិនត្រូវបន្ទច់បង្អាក់ការអនុវត្តសិទ្ធិនេះឡើយ។

ការលើកឡើងនេះឆ្លើយតបនឹងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅ ថ្ងៃទី៨ ខែមិថុនា ថា រដ្ឋាភិបាលតែងអប់រំពលរដ្ឋ ជាពិសេសយុវជនឲ្យគោរពតាមច្បាប់ទម្លាប់ ដែលផ្ទុយគ្នាពីបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន។

លោកថា រដ្ឋាភិបាលត្រូវធានារក្សាសុវត្ថិភាព និងស្ថិរភាពសង្គម ពោលគឺមិនបណ្ដោយឲ្យមនុស្សមួយក្រុមតូចនោះធ្វើឲ្យប៉ះពាល់ប្រយោជន៍មនុស្សភាគច្រើន ដោយសារតែការបង្កអសន្តិសុខសង្គមឡើយ៖ «ខាងផ្នែកប្រឆាំង ខាងផ្នែកសង្គមស៊ីវិលខ្លះដែលគាត់ទទួលមាននិន្នាការប្រឆាំងគាត់ បណ្ដុះធ្វើម៉េចឲ្យមានចលាចលឲ្យងើបឡើងប្រឆាំងរដ្ឋាភិបាល ពីព្រោះធម្មតាឥឡូវនយោបាយនៅក្នុងតំបន់ក៏ដោយនៅក្នុងពិភពលោកនេះ ពេលខ្លះ ប្រទេសខ្លះគេមិនចង់ឲ្យយើងហ្នឹងរីកចម្រើនទេអូន គេចង់ឲ្យយើងហ្នឹងត្រឡប់ធ្លាក់ចុះទៅវិញ ពីព្រោះពេលណាយើងមានបញ្ហាប្រទេសគេទៅមុខ។ យើងមានបញ្ហាអសន្តិសុខគេពួកនោះគេខ្សឹបប្រាប់អ្នកវិនិយោគ ប្រាប់អ្នកទេសចរកុំមកកម្ពុជា កម្ពុជាមានបញ្ហា មកប្រទេសខ្ញុំវិញ ហ្នឹងវាទាញគ្នាទៅវិញទៅមក។ អ៊ីចឹងសំខាន់បំផុតយើងទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ ទាំងអ្នកសារព័ត៌មាន ទាំងនិស្សិត ទាំងសហជីពអីហ្នឹង ត្រូវរួមគ្នាជាពលរដ្ឋល្អគោរពច្បាប់ទាំងអស់គ្នា»

មន្ត្រីបក្សប្រឆាំងលោក អេង ឆៃអ៊ាង លើកឡើងថា ការតវ៉ារបស់ពលរដ្ឋកើតចេញពីភាពអយុត្តិធម៌ក្នុងសង្គម៖ «ហើយការធ្វើបាតុកម្ម ការទាមទាររបស់ពួកគាត់ហ្នឹងវាស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងច្បាស់ពីសិទ្ធិសេរីភាពរបស់ពលរដ្ឋវាអត់ចាំបាច់ថា ការទាមទារហ្នឹងត្រូវសុំច្បាប់អាជ្ញាធរទេ មានតែអាជ្ញាធរទេដែលបង្កើតទម្លាប់បែបកុម្មុយនិស្ត ដើម្បីកៀបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋ»

ករណីនេះដែរអគ្គលេខាធិការនៃសម្ព័ន្ធអង្គការការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនស័ក្តិ មានប្រសាសន៍ថា អង្គការមិនមែនរដ្ឋាភិបាលបំពេញការងារអប់រំពលរដ្ឋឲ្យស្គាល់ពីសិទ្ធិ ពីសេរីភាពរបស់ពួកគេ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។ លោកថា ការតវ៉ា ការទាមទាររបស់ពលរដ្ឋកើតចេញពីការយល់ដឹងរបស់ពួកគេ នៅពេលដែលសិទ្ធិទាំងនោះត្រូវគេរំលោភបំពាន។

លោកបន្តថា រដ្ឋាភិបាលត្រូវធានាការពារសិទ្ធិពលរដ្ឋ ហើយរដ្ឋាភិបាលអាចបង្អាក់ការតវ៉ានោះបាន ល្គឹកណាតែមានហេតុផលគ្រប់គ្រាន់ពីកម្រិតនៃផលប៉ះពាល់ដោយការតវ៉ានោះទៅដល់សង្គមជាតិ ដោយមិនមែនគ្រាន់ជាលេសមិនសមហេតុផលនោះឡើយ៖ «បើសិនជារដ្ឋាភិបាលមិនទាន់ឆ្លើយតប ឬមិនទាន់ឲ្យគេធ្វើបាតុកម្មទាមទារដោយសន្តិវិធីអ្វីម្យ៉ាងហ្នឹង លុះត្រាតែអាជ្ញាធររដ្ឋហ្នឹងគាត់មានភស្តុតាងពិតប្រាកដថា តើព្រះរាជាណាចក្រកម្ពុជា នៅក្នុងភាពគំរាមកំហែងបែបណា ត្រូវមានភស្តុតាងច្បាស់លាស់ទើបប្រើប្រាស់ជាកម្មវត្ថុក្នុងការបញ្ឈប់ការទាមទារស្របច្បាប់របស់ពលរដ្ឋបាន»

រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋទាំង ២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ ចំណែកមាត្រា៣៧ ចែងថា សិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខ័ណ្ឌនៃច្បាប់។

ការវាយប្រហារខ្លាំងៗរិះគន់ទៅលើបក្សប្រឆាំង និងសង្គមស៊ីវិលរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាលនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានខ្លាំងៗថា នឹងចាត់វិធានការចាំបាច់នានា ចំពោះជនទាំងឡាយណាដែលមានសកម្មភាពបំផ្លាញសន្តិភាពដែលលោកខំកសាងបានមកដោយលំបាក៕

ប្រភពៈ RFA