ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បោះ​ទុន​បន្ទាន់​សង្គ្រោះ​ដល់​ការ​នាំ​ចេញ​ដែល​កំពុង​ធ្លាក់​ចុះ

របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​បង្ហាញ​ថា ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៦ កម្ពុជា នាំ​ចេញ​អង្ករ​បាន​ជាង ២៣​ម៉ឺន​តោន​ប៉ុណ្ណោះ គឺ​ធ្លាក់ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៥ កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​អ្នក​ជំនាញ​កសិកម្ម ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ត្រៀម​កញ្ចប់​ទុន​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ និង​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា។

ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​អ្នក​ជំនាញ​កសិកម្ម បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ថ្មី​ថា ប្រសិន​បើ​រដ្ឋាភិបាល​គ្មាន​យន្តការ​ទប់ស្កាត់​វិបត្តិ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​អង្ករ​នោះ​ទេ កម្ពុជា មិន​ត្រឹម​តែ​ខ្វះ​ស្បៀង​ផ្គត់ផ្គង់​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ វិស័យ​ស្រូវ​អង្ករ​កម្ពុជា ក៏​មិន​អាច​គេច​ចេញ​ពី​ការ​ដួល​រលំ​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ ម្ចាស់​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ យល់​ថា ការ​ត្រៀម​កញ្ចប់​ទុន​ទិញ​ស្រូវ​ស្តុក​ទុក​របស់​រដ្ឋាភិបាល គឺ​ជា​មធ្យោបាយ​សមស្រប​មួយ​ក្នុង​ការ​ឆ្លើយ​តប​ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៦ នេះ។

ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​អ្នក​ជំនាញ​កសិកម្ម​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​ក្រសួង​កសិកម្ម បង្ហាញ​ថា ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៦ កម្ពុជា នាំ​ចេញ​អង្ករ​បាន​ជាង ២៣​ម៉ឺន​តោន។

របាយការណ៍​ដដែល​ឲ្យ​ដឹង​ដែរ​ថា ប្រភេទ​អង្ករ​កម្ពុជា ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈពេល ៥​ខែ​ដើម​ឆ្នាំ​២០១៦ នេះ ឈរ​លំដាប់​លេខ​១ មាន​ប្រភេទ​អង្ករ​ផ្កា​ម្លិះ និង​អង្ករ​ផ្កា​រំដួល។ របាយការណ៍​នេះ​ក៏​បញ្ជាក់​ទៀត​ថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​២០១៦ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​បរទេស​បាន​ជាង ២៣​ម៉ឺន​តោន (២៣៤,៣២៨​តោន) ធ្លាក់​ចុះ ៣,% បើ​ធៀប​នឹង ៥​ខែ​ដំបូង​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន​ជាង ២៤​ម៉ឺន​តោន (២៤៣,០២៥​តោន)

របាយការណ៍​បង្ហាញ​ពី​បរិមាណ​នាំ​ចេញ​អង្ករ​នេះ គឺ​បង្ហាញ​ថា បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា នៅ​តែ​ធ្លាក់​ចុះ​គួរ​ឲ្យ​បារម្ភ និង​នៅ​តែ​មាន​គម្លាត​ឆ្ងាយ​នៅ​ឡើយ​ពី​ទិសដៅ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ឲ្យ​បាន ១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។

ករណី​នេះ ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ជា​អគ្គនាយក​ក្រុមហ៊ុន អេមរុ រ៉ាយ (AMRU RICE CAMBODIA Co., LTD.) ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ធំ​មួយ​នៅ​កម្ពុជា លោក សុង សារ៉ន ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ដើម​ឆ្នាំ​២០១៦ ធ្លាក់​ចុះ មក​ពី​កង្វះ​ទុន​បន្ទាន់​ដើម្បី​ទិញ​ស្រូវ​ពី​កសិករ​ស្តុក​ទុក និង​ការ​គំរាម​កំហែង​ពី​ឥទ្ធិពល​គ្រោះ​រាំង​ស្ងួត ដែល​ជំរុញ​ឲ្យ​ដំណើរ​ការ​ផលិតកម្ម​កសិកម្ម​មាន​ភាព​យឺតយ៉ាវ និង​ធ្លាក់​ចុះ។

លោក​បន្ត​ថា ប្រសិន​ជា​គ្មាន​ការ​គិតគូរ​បាន​ទាន់​ពេល​នោះ​ទេ ការ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​អង្ករ​នេះ វា​មិន​ត្រឹម​តែ​បន្ត​គំរាម​កំហែង​ដល់​ការ​រីក​លូត​លាស់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ វា​ក៏​គំរាម​កំហែង​ដល់​ទីផ្សារ​ស្រូវ​កសិករ និង​សេដ្ឋកិច្ច​ជាតិ​ខ្លាំង​ផង​ដែរ៖ «ខ្ញុំ​គិត​ថា បើ​សិន​យើង​គ្មាន​ការ​ទប់ទល់ និង​វិធានការ​បន្ទាន់​ណា​មួយ​ទៀត យើង​នឹង​បន្ត​នាំ​ចេញ​អង្ករ​ធ្លាក់​ចុះ​ទៀត​នៅ​រង្វង់ ៣ ទៅ ៤​ខែ​ខាង​មុខ​ទៀត»

ទន្ទឹម​គ្នា​នេះ លោក សុង សារ៉ន បញ្ជាក់​ទៀត​ថា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​កញ្ចប់​ទុន​ទិញ​ស្រូវ​ស្តុក​ទុក​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​ការ​ថយ​ចុះ​បរិមាណ​នាំ​ចេញ​អង្ករ​បាន​ទាន់​ពេល​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ អំឡុង​រដូវ​ប្រមូល​ផល​ស្រូវ​កសិករ៖ «ទុន​ប៉ុណ្ណឹង​វា​ត្រូវ​ការ​សាងសង់​ឃ្លាំង ត្រូវ​ការ​ដំឡើង​ឡ​សម្ងួត ត្រូវ​ការ​មនុស្ស​ដែល​ប្រតិបត្តិការ​លើ​ទឹក​ប្រាក់​ហ្នឹង។ ចឹង​យើង​យក​មក​មិន​តែ​ដើម្បី​តែ​ទិញ​ស្រូវ​ប៉ុណ្ណោះ​ទេ។ អា​ហ្នឹង​ហើយ​ជា​គ្រឹះ​រឹងមាំ ដើម្បី​ប្រមូល​ផល​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឲ្យ​ក្រុម​នាំ​ចេញ​មាន​លទ្ធភាព​នាំ​ចេញ បញ្ចុះ​ថ្លៃ​ដើម​ដឹក​ជញ្ជូន បញ្ចុះ​ថ្លៃ​អគ្គិសនី ជាដើម»

ទន្ទឹម​នឹង​ការ​លើក​ឡើង​នេះ តំណាង​សហគមន៍​កសិករ លោក ស៊ឹម រ៉ុម យល់​ថា ដើម្បី​កុំ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា បន្ត​ធ្លាក់​ចុះ រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​រាល់​ឧបសគ្គ​ក្នុង​វិស័យ​កសិកម្ម សំខាន់​គឺ​កង្វះ​ទុន កង្វះ​ទឹក និង​កង្វះ​ទីផ្សារ ដែល​ជា​កត្តា​រាំង​ស្ទះ​ដល់​ដំណើរ​ការ​ផលិតកម្ម ពិសេស​ជំរុញ​ឲ្យ​គ្រួសារ​កសិករ​នៅ​កម្ពុជា កាន់​តែ​ក្រីក្រ។

របាយការណ៍​ស្ដីពី​សភាពការណ៍​នៃ​ល្បឿន​ការងារ​បង្កបង្កើនផល​ដំណាំ​រដូវ​វស្សា​ឆ្នាំ​២០១៦ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ គិត​ត្រឹម​ខែ​ឧសភា បង្ហាញ​ដែរ​ថា ការងារ​បង្កបង្កើនផល​ដំណាំ​ស្រូវ​ទូទាំង​ប្រទេស​សម្រេច​បាន ៥,៣៤% តិច​ជាង​ឆ្នាំ​មុន ៩,២៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ាង សុផល្លែត ដើម្បី​ដឹង​ពី​វិធានការ​របស់​រដ្ឋាភិបាល ថា​តើ​រដ្ឋាភិបាល​បាន​ត្រៀម​ទុន​ទិញ​ស្រូវ​ស្តុក​រួច​ឬ​នៅ ដើម្បី​បញ្ចៀស​វិបត្តិ​ធ្លាក់​ចុះ​បរិមាណ​នាំ​ចេញ​អង្ករ​បាន​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា។

ប៉ុន្តែ​ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន ឲ្យ​ដឹង​ថា ក្រសួង​កសិកម្ម នឹង​ខិតខំ​បង្កើន​ការ​ស្រាវជ្រាវ និង​រិះរក​បច្ចេកទេស​ថ្មីៗ​ដើម្បី​បង្កើន​ប្រសិទ្ធភាព គុណភាព​នៃ​ការ​ផលិត​ពូជ​ដល់​កសិករ ដើម្បី​សម្រេច​ទិសដៅ​នាំ​ចេញ​អង្ករ​ផង​ដែរ។

ទន្ទឹម​គ្នា​នេះ ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ប្រកាស​កាលបរិច្ឆេទ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី​២ និង​មហា​សន្និបាត​លើក​ទី​២ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ដើម​ខែ​កក្កដា ឆ្នាំ​២០១៦ ខាង​មុខ ដើម្បី​បន្ត​បេសកកម្ម​លើក​កម្ពស់​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា ដែរ។

យ៉ាង​ណា ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ យល់​ថា ភ្លាមៗ​នេះ រដ្ឋាភិបាល​ត្រូវ​តែ​ហ៊ាន​បោះ​ទុន​ប្រមាណ​ជាង ៣០​លាន​ដុល្លារ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​ដល់​ការ​នាំ​ចេញ​អង្ករ​រយៈពេល​ខ្លី​ជា​បន្ទាន់ ហើយ​រដ្ឋាភិបាល​ក៏​ត្រូវ​បោះ​ទុន​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​បន្ថែម​ទៀត ដើម្បី​សម្រេច​ដល់​ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល​វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។