ប្រាប់​ថា ប្រយ័ត្ន​អាហារ​មាន​ជាតិ​គីមី

ខេត្តសៀមរាប ៖ មន្ត្រី​កាំកុងត្រូល​សាខា​ខេត្តសៀមរាប​បាន​ចុះ​ត្រួតពិនិត្យ​ធ្វើតេស្ត​ម្ហូបអាហារ​ដែល​គ្មាន​គុណភាព និង​គ្មាន​អនាម័យ​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង​ផ្សារ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ផ្សព្វផ្សាយ​ចែក​ជួន​នូវ​ស្លាក​សញ្ញា​នៃ​ការ​ប្រើប្រាស់ និង ទិញ​ផលិតផល​សម្រាប់​បរិភោគ​ឧបភោគ ដើម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បានដឹង និង យល់​ច្បាស់ មុន​នឹង​ទិញ​ផលិតផល​អ្វីមួយ​ត្រូវ​ត្រួតពិនិត្យ​មើល​ឱ្យ​បាន​ត្រឹមត្រូវ ចៀសវាង​ផល​បះ​ពាល់​ដល់​សុខភាព ។

លោក ជា អ៊ា​ក​ឃី​ម អនុប្រធាន​នាយកដ្ឋាន​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល នា​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ផ្សារ​ពួក ទីប្រជុំជន​ស្រុក​ពួក ខេត្តសៀមរាប បាន​បញ្ជាក់​ថា នោះ​គឺជា​បេស​កម្ម​បឋម នៃ​ផែនការ​ស្រាវជ្រាវ​រកសា​ធាតុគីមី និង សារធាតុ​មិនល្អ​ផ្សេង​ៗ ដែល​មាននៅ​ក្នុង​សាច់សត្វ គ្រាប់​ធញ្ញជាតិ ផលិតផល​កសិកម្ម ដំណាប់​ផ្លែ​ឈើ និង ភេសជ្ជៈ​ទឹក​ផ្លែ​ឈើ​ជាដើម ។ ផែនការ​សកម្មភាព​នេះ​ត្រូវ​បាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដាក់​ចេញ​ឲ្យ​អនុវត្ត​ទូ​ទាំង​ប្រទេស ក្នុង​គោលបំណង​បញ្ជៀ​ស ហា​នី​ភ័យ​សុខភាព​ប្រជាជន នៅ​លើ​ម្ហូបអាហារ  ។

នេះ ! គឺជា​ជំហាន​ដំបូង​នៃ​ការ​ស្រាវជ្រាវ ! ហើយ​ការ​ស្រាវជ្រាវ​នេះ គឺ​ឆ្ពោះទៅ​រកមុខ​សញ្ញា​ជា​គោលដៅ​ចំនួន​៣ គឺ ៖ ទី​១  ពិសោធន៍​រក​សារធាតុ​បន្សល់​ពី​ការ​ចិញ្ចឹមសត្វ ដែល​មាននៅ​ក្នុង​សាច់សត្វ​ដាក់​លក់​លើ​ទីផ្សារ ដូច​ជា​សាច់​មាន់ សាច់​គោ ជាដើម ។ ការ​ស្រាវជ្រាវ​នេះ គឺ​ចង់​ដឹង​ថា នៅ​ប្រទេស​កម្ពុជា​យើង សាច់សត្វ​ដែល​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ មាននៅ​សល់​សារធាតុ​អង់​ទី​ប៊ី​យូ​ទិ​ក និង​ប្រភេទ​សារធាតុ​ថ្នាំ​ផ្សះ​ផ្សេង​ៗ​ទៀត​ដែរ​ឬ​អត់ ? ព្រោះថា បើសិនជា​សាច់សត្វ​ទាំងនោះ​នៅ​មាន​ផ្ទុក​សារធាតុ​ឱសថ​ទាំងនោះ វា​ជា​ប្រការ​បង្ក​ហា​នី​ភ័យ​ចំពោះ​សុខភាព​របស់​មនុស្ស​នៅ​ពេល​អនាគត  ក្រោយ​ពេល​ដែល​មនុស្ស​បរិភោគ​វា ៕