ចន ច័ន្ទ​លក្ខិណា អំពាវ​​នាវ​អោយស្វែង​រកយុត្តិធម៌​​ដល់​ ពៅ បញ្ញាពេជ្រ

នៅលើគណនេយ្យផ្លូវការរបស់អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាងបានសរសេរគាំទ្រយ៉ាងពេញទំហឹងដើម្បីអោយ ពៅ បញ្ញាពេជ្រ ទទួលបាននូវយុត្តិធម៌ដូចគ្នានឹងករណីរបស់ ខុម ច័ន្ទតារ៉ាទី ហៅស្រីមុំ។ បន្ថែមពីលើនោះ អ្នកនាងក៏ហាក់មានជំនឿចិត្តខ្ពស់ផងដែរថាករណីរបស់ ពៅ បញ្ញាពេជ្រ គឺពិតជាមានការយកចិត្តទុកដាក់ឡើងវិញ។

ចន ច័ន្ទ​លក្ខិណា អំពាវ​​នាវ​អោយស្វែង​រកយុត្តិធម៌​​ដល់​ ពៅ បញ្ញាពេជ្រ

អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់VOD ថាដោយសារតែ ខុម ចាន់តារ៉ាទី និង ពៅ បញ្ញពេជ្រ សុទ្ធតែជានារីជនរងគ្រោះដូចគ្នា ដូច្នេះអ្នកនាងក្នុងនាមសិល្បការិនីម្នាក់និងជានារីម្នាក់ អ្នកនាងសូមប្រកាសអំពាវនាវអោយរដ្ឋាភិបាលជួយស្វែងរកចាប់ឃាតកនិងផ្ដល់ភាពយុត្តិធម៌លើករណីរបស់ ពៅ បញ្ញាពេជ្រ អោយបានដូចគ្នានឹងការជ្រោមជ្រែងដែលបានធ្វើឡើងដើម្បីជួយដល់កញ្ញា ខុម ចាន់តារ៉ាទី។ អ្នកនាងបញ្ជាក់ថាប្រទេសកម្ពុជានៅក្នុងកាលៈទេសៈនេះ ក៏ត្រូវការភាពស្អាតស្អំដូចគ្នានឹងប្រទេសជឿនលឿនទូទៅផងដែរ ទើបនាងរំពឹងថាមន្ត្រីធំឬអ្នកមានអំណាចមិនអាចបន្តបិទបាំងនូវទង្វើបំពានរបស់ខ្លួនដូចក្នុងករណីបាញ់ប្រហារលើ ពៅ បញ្ញាពេជ្រ និងការរំលោភបំពានលើនារីរងគ្រោះផ្សេងទៀតនោះទេ។ អ្នកនាងនិយាយថា៖ “ខ្ញុំសុំអោយជួយរកយុត្តិធម៌ដល់គាត់ផង(ពៅ បញ្ញាពេជ្រ) ព្រោះខ្ញុំទៅធ្វើអីកើតក្រៅពីការស្នើសុំ! ដូចជាកាលស្រីមុំ(ខុម ចាន់តារ៉ាទី)ចឹង ខ្ញុំក៏ស្នើសុំចឹងដែរ!”

បើទោះករណីរបស់ ពៅ បញ្ញាពេជ្រ ត្រូវគេដឹងថាបានពាក់ព័ន្ធនឹងមន្ត្រីបុណ្យធំ ក៏អ្នកនាង ចន ច័ន្ទលក្ខិណា នៅតែរំពឹងច្រើនថាការអំពាវនាវរបស់ខ្លួននឹងក្លាយជាការពញាក់អារម្មណ៍ ដើម្បីអោយមានយុត្តិធម៌ចំពោះ ពៅ បញ្ញាពេជ្រ និងឈានទៅរកឃាតកដែលបានបាញ់ប្រហារចំពោះនាង។ អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ក្នុងកិច្ចសម្ភាសន៍ថា៖ “ខ្ញុំគិតថាឥឡូវនេះប្រទេសយើងសុទ្ធតែមានច្បាប់ទាំងអស់ ចឹងខ្ញុំគិតថាពិតជាមានចំណាត់ការណាមួយ ព្រោះបើយើងគិតថាមន្ត្រីធំចង់ធ្វើអីក៏បាន ចឹងមិនងាប់ប្រជារាស្រ្តទាំងអស់ហើយ”។ អ្នកនាងនឹងបន្តអំពាវនាវលើករណីនេះ ដោយអ្នកនាងអះអាងថាអ្វីដែលខ្លួនចង់បានគឺសុំអោយនារីដែលបានរងគ្រោះមិនថា ខុម ចាន់តារ៉ាទី ឬ ពៅ បញ្ញាពេជ្រ ឬនារីណាម្នាក់ដែលមិនទាន់បានយុត្តិធម៌ឲ្យទទួលបាននូវយុត្តិធម៌។ អ្នកនាងបញ្ជាក់ថាអ្នកនាងមិនខ្លាចចំពោះការអំពាវនាវនេះនោះទេ។ អ្នកនាងនិយាយថា៖ “ខ្ញុំអត់ខ្លាចទេ ព្រោះថាខ្ញុំនៅកណ្ដាល ក្នុងនាមជាអ្នកសិល្បៈខ្ញុំត្រូវតវ៉ាអោយអ្នកសិល្បៈដូចគ្នា ហើយក្នុងនាមយើងជាស្ត្រី យើងក៏ត្រូវតែតវ៉ាអោយស្រ្តីដូចគ្នា!”។ អ្នកនាងបន្ថែមថា៖ “យើងនៅកណ្ដាលប្រសិនបើយើងអត់ឆ្កឹះ ដូចយើងបណ្ដោយអោយឧក្រិដ្ឋជនចេះតែបានចិត្ត! ចឹងខ្ញុំត្រូវធ្វើអីមួយឈរនៅលើទីតាំងកណ្ដាល កាលណាខ្ញុំអត់ឈរនៅលើទីតាំងកណ្ដាល គឺវាផ្ដល់ភាពអយុត្តិធម៌ដល់អ្នករងគ្រោះ!”

នេះជាលើកទី១ ដែលអ្នកនាង ចន ច័ន្ទលក្ខិណា ហ៊ានចេញមុខអំពាវនាវអោយមានយុត្តិធម៌លើសិល្បការិនីរងគ្រោះ គឺកញ្ញា ពៅ បញ្ញាពេជ្រ ក្នុងពេលដែលសំណុំរឿងបាញ់ប្រហារមកលើរូបនាងមិនត្រូវបានដោះស្រាយអស់ជិត១០ឆ្នាំ។ អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ជាក់ថាជនដៃដល់និងក្រុមអ្នកពាក់ព័ន្ធគួរតែធ្វើដំណោះស្រាយណាមួយអោយសមនឹងអ្វីដែល ពៅ បញ្ញាពេជ្រ ចង់បានដូចជាផ្ដល់សំណងឬផ្ដល់លទ្ធភាពអោយនាងបានរស់ដោយស្រួលបន្ទាប់ពីធ្លាក់ខ្លួនជាជនពិការ។ អ្នកនាងនៅតែរំពឹងថាក្រោយការលើកទឹកចិត្តដល់ ខុម ចាន់តារ៉ាទី អោយមានយុត្តិធម៌ គឺនារីរងគ្រោះផ្សេងទៀតដូចជា ពៅ បញ្ញាពេជ្រ ពិតជាមានការលើកទឹកចិត្តបែបនេះដូចគ្នា៕

ប្រភពៈ VOD