កម្មករ​វិល​ត្រឡប់​មក​ប្រទេស​វិញ​បន្ទាប់ពី​ជួប​បទ​ពិសោធន៍​អាក្រក់​នៅ​ប្រទេស​ជប៉ុន

ស្ថានទូតខ្មែរប្រចាំក្រុងតូក្យូបាននិយាយក្នុងសេចក្តីជូនដំណឹងថា ពលរដ្ឋខ្មែរពីរនាក់បានជិះយន្តហោះពីជប៉ុនមកមាតុភូមិវិញ បន្ទាប់ពីត្រូវចាញ់បោកពួកជនខិលខូច ដែលបានសន្យាផ្តល់ការងារមានប្រាក់បៀវត្សរ៍ច្រើនដល់ពួកគេ ប៉ុន្តែបែរជាកេងប្រវ័ញ្ចពីពួកគេទៅវិញ។ ស្ថានទូតមិនបានប្រាប់ឈ្មោះកម្មករ ឬ ប្រាប់ពីស្ថានភាពលំបាករបស់ពួកគេនៅប្រទេសជប៉ុនទេ ប៉ុន្តែបានក្រើនរំឭកថា ក្រុមទុច្ចរិតស្រដៀងគ្នានេះបានមើលឃើញពលករខ្មែរទទួលបានប្រាក់ឈ្នួលតិចតួចពីការងារលំបាកនឿយហត់ខ្លាំង។ ស្ថានទូតបាននិយាយក្នុងសេចក្តីជូនដំណឹងនោះដែលចុះកាលបរិច្ឆេទថ្ងៃអង្គារ និងបង្ហោះតាមវិបសាយក្រសួងការងារកាលពីថ្ងៃពុធថា ក្នុងករណីមួយចំនួន ពលករត្រូវគេគាបសង្កត់ឲ្យធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ។ សេចក្តីជូនដំណឹងបាននិយាយថា “លើសពីនេះទៀត ជនខិលខូចខ្លះបានយកឈ្មោះស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនទៅប្រើប្រាស់ ដោយតាំងខ្លួនជាបុគ្គលមានទំនាក់ទំនងជិតស្និទ្ធជាមួយស្ថានទូត ដើម្បីឲ្យកម្មសិក្សាការីមានទំនុកចិត្តលើខ្លួន”។ ស្ថានទូតក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់នៅប្រទេសជប៉ុនឲ្យផ្តល់ព័ត៌មានអំពីករណីសង្ស័យនានា និងបានណែនាំពួកគេឲ្យពិចារណាហ្មត់ចត់និងប្រុងប្រយ័ត្នអំពីការផ្តល់ការងារ មុនពេលទទួលយក។ សេចក្តីជូនដំណឹងបាននិយាយថា “សូមទាក់ទងមកស្ថានទូតកម្ពុជាផ្ទាល់ ក្នុងករណីបងប្អូនកម្មសិក្សាការីមានបញ្ហានានានៅកន្លែងធ្វើការ មានដូចជាការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬប្រាក់កម្រៃធ្វើការលើសម៉ោងជាដើម”៕ និត   © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or […]

The post កម្មករ​វិល​ត្រឡប់​មក​ប្រទេស​វិញ​បន្ទាប់ពី​ជួប​បទ​ពិសោធន៍​អាក្រក់​នៅ​ប្រទេស​ជប៉ុន appeared first on The Cambodia Daily.