ការចរចា​រវាង​CPP និង​CNRP នឹង​កើតមាន​នៅពេល​ឆាប់ៗ​នេះ​ និពន្ធដោយ : ជា ធីរិទ្ធ       June-09-2016, 5:31 pm         848

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ការចរចា​រវាង​CPP និង​CNRP នឹង​កើតមាន​នៅពេល​ឆាប់ៗ​នេះ​រួបឯកឧត្តម កឹម សុខា និងសម្តេច ស ខេង ជួបគ្នា​ កាលពីខែមករា ឆ្នាំ ២០១៦​ កន្លងទៅ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​បង្ហាញ​ជំហរ​ទន់ភ្លន់​រកគ្នា ដើម្បី​ចរចា​នៅពេល​ខាងមុខនេះ​។ នៅថ្ងៃនេះ លោក សុខ ឥសាន ព្រលយ​ថា ក្រុមការងារ​របស់​គ​ណ​បក្ស​ទាំងពីរ អាច​នឹង​ជួប​ជជែក​គ្នា​នៅពេល​ឆាប់ៗ ខាងមុខ​។ រឿង​ចរចា​គ្នា ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នេះ លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏​គាំទ្រ​ឲ្យ​មានការ​ស​ន្ទនា​​គ្នា​ផងដែរ​។

​នៅថ្ងៃនេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​និយាយ​បែប​ជំហរ​វិជ្ជមាន​ជាង​រាល់ដង​ជុំវិញ​ការចរចា​គ្នា​រវាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​។ លោក ឥសាន បង្ហើប​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នៅពេល​ឆាប់​ខាងមុខនេះ អាច​នឹងមាន​ការជួប​គ្នា រវាង​ក្រុមការងារ​របស់​បក្ស​ទាំងពីរ ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​គ្នា​ឡើងវិញ​។ ប្រសាសន៍​របស់លោក សុខ ឥសាន ពេលនេះ ហាក់​ធូរស្រាល​ជាង​ពេល​កន្លងទៅ ដែល​មន្ត្រី​រូបនេះ ធ្លាប់តែ​អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា តែងតែ​ប្រកាស​មិន​ចរចា​ឡើយ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​សរសេរ​លិខិត​ជា​ផ្លូវការ បញ្ជាក់​ពី​ខ្លឹមសារ និង​សមាសភាព សម្រាប់​ចរចា​ទេនោះ ហើយ​បើ​ប្រធានបទ​នៃ​ការចរចា​និយាយ​ពី​វិបត្តិ​នយោបាយ លោក បញ្ជាក់ថា គណបក្សកាន់អំណាច​មិន​ចរចា​ជាមួយ​ឡើយ​។ តែ​ពេលនេះ លោក​ហាក់​មិន​និយាយ​ដាច់​ណាត់ ឬ​ប្រកាន់​ជំហរ​បែបនេះ​នោះទេ​។​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ចំពោះ​ការចរចា​គ្នា គណបក្ស​សង្គ្រោះ​ជាតិ មិនចាំបាច់​សរសេរ​លិខិត​ដាក់​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​អ្វី​នោះទេ​។ លោក​ថា កន្លងមក​នៅពេលដែល​មានការ​ចរចា​រវាង​មន្ត្រី​គណបក្ស​ទាំងពីរ មិន​ដែលមាន​សរសេរ​លិខិត​អ្វី​ទាល់តែសោះ​។ «​កន្លងមក​យើង​ទាក់ទង​គ្នា​តាម​ទូរ​សព្ទ ឬ​តាម​អ៊ីមែល ដើម្បី​ណាត់​ពេល​ជួបគ្នា​ពិ​ភា​ក្ស​ពី​បញ្ហា​អ្វីមួយ​។ បន្ទាប់ពី​ត្រូវ​គ្នា​ហើយ យើង​ធ្វើ​សេចក្តីប្រកាស​រួមគ្នា ដើម្បី​កំណត់ថា​ជួបគ្នា​នៅ​ថ្ងៃ​ណាមួយ​ពិតប្រាកដ »​។ នេះ​ជាការ​បញ្ជាក់​របស់លោក អេង ឆៃអ៊ាង ដែល​លោក​ឆ្លៀត​បន្ថែមថា លោក​មិនទាន់បាន​ព័ត៌មាន​ច្បាស់​នៃ​ការ​ជួបចរចា​គ្នា​រវាង​ក្រុមការងារ​បក្ស​ទាំងពីរ ហើយ​លោក​ឲ្យ​ដឹង​ទៀតថា ចំពោះ​ការចរចា បច្ចុប្បន្ន​កម្ពុ​ជាមាន​វិបត្តិ​នយោបាយ ត្រូវតែ​ចរចា​គ្នា​ពី​វិបត្តិ​នេះ​។

​ទាក់ទង​នឹង​ការចរចា​គ្នា លោក សុខ ឥសាន ពន្យល់​បន្ថែមថា ក្រុមការងារ​ចរចា ដែល​អាច​ជួបគ្នា​នៅពេល​ខាងមុខ មិនមែនជា​ការជួបគ្នា​រវាង​ថ្នាក់ដឹកនាំ​មតិ​ភាគច្រើន និង​ថ្នាក់ដឹកនាំ​នៃ​មតិ​ភាគតិច ពោលគឺ​មិនមែន​ជំនួប​ចរចា​រវាង​សម្តេច ស ខេង និង​ឯកឧត្តម កឹម សុខា នោះទេ តែ​វា​ជំនួប​រវាង​ក្រុមការងារ​របស់​បក្ស​ទាំងពីរ​ដើម្បី​ពង្រឹង​វប្បធម៌​សន្ទនា​គ្នា​តែប៉ុណ្ណោះ​។ លោក​ថា សមាសភាព​នៃ​ក្រុមការងារ​បក្ស​ប្រជាជន​កម្ពុជា​ដែល​តាម​រៀបចំ​រួចហើយ​មាន ៥ នាក់ ដឹកនាំ​ដោយ​លោក ព្រំ សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯខាង​គណបក្ស​សង្គ្រោះ​ជាតិ មាន ៥ នាក់​ដែរ ដឹកនាំ​ដោយ​លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​។ ហើយ​ក្រុមការងារ​បក្ស​ទាំងពីរ​នេះ ក៏​នឹង​ពិភាក្សាគ្នា​អំពី​ខ្លឹមសារ សម្រាប់​ជំនួប​ដែល​អាច​កើតមានឡើង​រវាង​ក្រុម​មេដឹកនាំ​មតិ​ភាគច្រើន និង​មេដឹកនាំ​មតិ​ភាគតិច​នៃ​រដ្ឋសភា​នៅពេល​ណាមួយ​។

រឿងរ៉ាវ​ថ្នាក់ដឹកនាំ​មតិ​ភាគតិច​នៃ​រដ្ឋសភា ដែល​បច្ចុប្បន្ន​ជា​ឯកឧត្តម កឹម សុខា នោះ កន្លងមក​លោក ឈាង វុន អ្នក​ពាក្យ​រដ្ឋសភា​របស់​បក្ស​កាន់អំណាច ធ្លាប់​ស្នើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​បេក្ខជន​ជា​ថ្នាក់ដឹកនាំ​មតិ​ភាគតិច​ជំនួស​ឯកឧត្តម កឹម សុខា ពីព្រោះ​លោក យល់ថា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​រូបនេះ មិនមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ចរចា ជាមួយ​សម្តេច ស ខេង នោះទេ​។ តែ​សំណើ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បដិសេធចោល​។ លោក សុខ ឥសាន មិន​អត្ថាធិប្បាយ​អ្វី​ឡើយ​ចំពោះ​វត្តមាន​របស់​ឯកឧត្តម កឹម សុខា ជា​ថ្នាក់ដឹកនាំ​មតិ​ភាគតិច​នៃ​រដ្ឋសភា​នេះ ក្នុង​ក្របខណ្ឌ​នៃ​ការចរចា​នោះ​។​

​ការប្រកាស​ពី​លទ្ធភាព​ចរចា​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន ព្រួយបារម្ភ​ពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន ហើយ​លោក​បាន​អំពាវនាវ ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ វិល​មករក​តុ​ចរចា​ឡើងវិញ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតមាន​។ ការអំពាវនាវ​របស់​លោក បាន គី​មូ​ន ធ្វើឡើង​នៅពេល​លោក បាន​ហៅ​ទូរ​សព្ទ​ផ្ទាល់​ទៅ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​។ 

​ក្តីកង្វល់ និង​ការអំពាវនាវ​របស់លោក បាន គី​មូ​ន ក៏ត្រូវ លោក សុខ ឥសាន ឆ្លើយតប​ថា លោក បាន គី​មូ​ន មើល​ស្ថានការណ៍​នៅ​កម្ពុជា​ខុស ដោយសារតែ​លោក​រវល់​តែ​តាមដាន​ស្ថានការណ៍​ក្តៅ ដែល​កំពុង​កើត​មាននៅ​មជ្ឈិមបូព៌ា​។ រីឯ​លោក អេង ឆៃ​អាង សាទរ នឹង​ការពា​វ​នាវ​របស់លោក បាន គី​មូ​ន​។ តែ​យ៉ាងណា លោក អេង ឆៃអ៊ាង បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ក្នុងនាម​យើង​ជា​ខ្មែរ​ដូចគ្នា រឿង​អី​យើង​និយាយ​គ្នា​ដោះស្រាយ​បញ្ហា​មិនបាន​។ ខ្ញុំ​មិន​ចង់ឃើញ​ខ្មែរ​យើង​និយាយ​គ្នា ចាំតែ​ពេល​បរទេស​ប្រាប់​ទេ​»៕​    ​