ចិន ទទូច​ឲ្យ​ហ្វីលីពីន​បញ្ឈប់​នីតិវិធី​ប្តឹង​ចិន​នៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ជាបន្ទាន់​ និពន្ធដោយ : ទេព អ៊ីវិសាល       June-09-2016, 4:33 pm         390

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ទទូច​ឲ្យ​ហ្វីលីពីន​បញ្ឈប់​នីតិវិធី​ប្តឹង​ចិន​នៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ជាបន្ទាន់​​តាម​ការរំពឹងទុក ក្នុង​រយៈពេល​ដ៏​ខ្លី​ខាងមុខនេះ ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការ​អចិន្ត្រៃយ៍​ក្រុងឡាអេ នៃ​ប្រទេស​ហូ​ឡង់ នឹង​ប្រកាស​សេចក្តីសម្រេច​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្តឹង​ដោយ​ហ្វីលីពីន​ប្រឆាំង​ចិន​ហើយ​។ បើទោះបីជា​ចិន បានប្រកាស​មិន​ទទួលស្គាល់​ម​ជ្ឈ​ត្ត​ការ​នេះ​ក៏ដោយ ក្រុង​ប៉េកាំង នៅតែ​ទទូច​ឲ្យ​ហ្វីលីពីន​បញ្ឈប់​នីតិវិធី​នេះ និង​ងាក​មករក​ការចរចា​ទ្វេភាគី​វិញ​ម្តង​។

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃទី​០៨ ខែមិថុនា ម្សិលមិញ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បញ្ឈប់ នីតិវិធី​នៃ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ និង​ត្រលប់​ទៅរក​ការដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការចរចា​ទ្វេភាគី​ជាមួយនឹង​ចិន​វិញ​។ សេចក្តីថ្លែងការណ៍​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​នៃ​ការ​សង្ខេប ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ក្រសួងការបរទេស​ចិន​។

​ឆ្លើយតប​នឹង​សំណួរ​ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍​ស្តីពី​យន្តការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​រវាង ចិន និង​ហ្វីលីពីន​របស់​ក្រសួងការបរទេស​ចិន លោក ហុង ឡី អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បានបញ្ជាក់​ជាថ្មី​ថា គឺ​ហ្វីលីពីន​ដែលជា​អ្នក​បិទទ្វា​ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​តាមរយៈ​ការបង្កើត ម​ជ្ឈ​ត្ត​ការ​នៅ​ឆ្នាំ​២០១៣ ដែល​បានធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​អាក្រក់​ទៅៗ​។

​លោក បន្ថែមថា ការបង្កើត​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដោយ​ឯកតោភាគី​របស់​ហ្វីលីពីន បាន​បំពាន​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​ហ្វីលីពីន​ជាមួយនឹង​ចិន​កន្លងមក​ដែល​បាន​បញ្ញត្តិ​ទាំង​នៅក្នុង​កិច្ចព្រមព្រៀង​រដ្ឋាភិបាល​ទាំងពីរ និង​សេចក្តីថ្លែងការណ៍​ស្តី​ភាគី​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចុះហត្ថលេខា​ដោយ​ចិន និង អាស៊ាន​ក្នុង​ឆ្នាំ​២០០២​។ ជាពិសេស អ្នកនាំពាក្យ​រូបនោះ ថែមទាំង​ចោទ ថា ហ្វីលីពីន បាន បំពាន​ទៅនឹង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​ទៀតផង​។

​លោក សង្កត់ធ្ងន់ថា «​ចិន ទទូច​ឲ្យ​ហ្វីលីពីន​បញ្ឈប់​ការអនុវត្ត​ខុស​នៃ​នីតិវិធី​ម​ជ្ឈ​ត្ត​ការ និង​ត្រលប់​ទៅរក​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុងការ​ដោះស្រាយ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​តាមរយៈ​ការចរចា​ទ្វេភាគី​ជាមួយនឹង ចិន​វិញ​»​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ឆ្នាំ​២០១៣ ហ្វីលីពីន បាន​ប្តឹង​ចិន​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដោយបាន​ចោទ​ចិន​ថា បាន​រំលោភ​លើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​(EEZ)​របស់ខ្លួន​ដែល​បាន​កំណត់ដោយ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២(UNCLOS)​។ ការសួរដេញដោល​ឬ​ជំនុំជម្រះ​ចុងក្រោយ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៥ ហើយ ការប្រកាស​ម​ជ្ឈ​ត្ត​វិនិច្ឆ័យ​នៃ​សំណុំ​រឿងនេះ ត្រូវបាន​រំពឹងថា នឹងត្រូវ​បានប្រកាស​នៅ​ខែ មិថុនា ឬ​កក្កដា​ខាងមុខនេះ ពោលគឺ​នៅពេល​តុលាការ​បាន​ពិនិត្យ​ចប់សព្វគ្រប់​ចំពោះ​ភស្តុតាង​របស់​ហ្វីលីពីន​ទាំង​ផ្ទាល់មាត់ និង​ជា​អត្ថបទ​។

​សម្រាប់​ក្រុង​ប៉េកាំង ការវិល​ទៅរក​យន្តការ​«​ពិគ្រោះ​យល់ និង​ការចរចា​ទ្វេភាគី​» គឺ​មិន​ហួសពេល​នោះទេ ពោលគឺ ក្រុង​ប៉េកាំង បានប្រកាសថា ទា្វ​សម្រាប់​ការដោះស្រាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែងតែ​បើកចំហរ​ចាំ​ហ្វីលីពីន​ជានិច្ច​៕