មុខរបរ​ទទួល​បញ្ចាំ​អត់​ច្បាប់​កំពុង​ក្លាយជា​ទីផ្សារ​ចោរកម្ម

មុខរបរ​ទទួល​បញ្ចាំ​អត់​ច្បាប់​កំពុង​ក្លាយជា​ទីផ្សារ​ចោរកម្ម



រាជធានី​ភ្នំពេញ ៖ កុងស៊ី​ទទួល​បញ្ចាំ​ម៉ូតូ​១​កន្លែង​នៅ​ដី​ឡូត៍​លេខ​៤ ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ​របស់​ខណ្ឌ ចុះ​ត្រួតពិនិត្យ ដកហូត​បាន​ម៉ូតូ​ពុំ​មាន​ឯកសារ​ត្រឹមត្រូវ​ចំនួន​១៧​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​១​គ្រឿង​ត្រូវ​បាន​ចោរ​គាស់​ផ្ទះ​លួចយក​ទៅ​បញ្ចាំ​ថ្មី​ៗ ។

ការ​ចុះ​ឆែកឆេរ​ក្នុង​កុងស៊ី នោះ​ធ្វើ​ឡើង​កាលពី​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា បន្ទាប់​ពី​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​២​នាក់ ដែល​ជា​មុខសញ្ញា​ចោរ​គាស់​ផ្ទះ​យក​ម៉ូតូ ក៏​រក​ឃើញ​យក​ទៅ​បញ្ចាំ​ក្នុង​កុងស៊ី​ខាងលើ ។

ប្រតិបត្តិការ​នេះ​ដឹកនាំ ដោយ​លោក​ថេ​ង សុ​ថុ​ល អភិបាលរង​ខណ្ឌ​សែន​សុខ និង​លោក​គួ​ក សុខ​ហួរ អធិការរង​ខណ្ឌ​ព្រមទាំង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ិ​ន វិ​រះ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ។ ម្ចាស់​កុងស៊ីបញ្ចាំ​ឈ្មោះ អ៊ួ​ច សុចិត្រ​ធា​រី ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ។

មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា ការ​ឈាន​ទៅ​ឆែកឆេរ​កុងស៊ីបញ្ចាំ បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​២​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់​កាលពី​រសៀល​ថ្ងៃ​ទី​៧ មិថុនា ដោយ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន នៅ​សហគមន៍​សែន​សុខ​៥ ។ ជនសង្ស័យ​ទាំង​២​នាក់​ម្នាក់ ឈ្មោះ សម្បត្តិ ជា​ហៅរ​ត្ន័ ហៅ​មាំ​ុ និង​២-​ឈ្មោះ រិ​ទ្ធ គ​ន្ធា ហៅ​ស្រី​ល័​ក្ខ ។ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា កន្លង​មក​ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​បាន​ម៉ូតូ​ស្មាស់​មួយ​គ្រឿង​យក​ទៅ​បញ្ចាំ​ដោយ​ឈ្មោះ​សេក ថុ​ល ជា​អ្នក​នាំ​ទៅ​បញ្ចាំ ។ លុះ​ព្រឹក​ឡើង​នគរបាល ក៏​បាន​សុំ​យោបល់​ពី​លោក ស៊ិ​ន វិ​រះ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ឆែកឆេរ​កុងស៊ី​នោះ​តែ​ម្តង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ក្នុង​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច​រក​ឃើញ​ម៉ូតូ​១​គ្រឿង ដែល​ចោរ​គាស់​ផ្ទះ​លួច​យក​ទៅ និង​ឃើញ​ម៉ូតូ​ចំនួន​១៦​គ្រឿង​ទៀត ពុំ​មាន​ឯកសារ​ត្រឹមត្រូវ ទើបត្រូវ​បាន​សមត្ថកិច្ច​ដកហូត​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ និង​នាំ​ខ្លួន​ម្ចាស់​ទីតាំង​ទៅ​សាកសួរ​ផង​ដែរ ។

ក្រុម​អ្នក​តាមដាន​សង្ស័យ​ថា ម៉ូតូ​បញ្ចាំ​ទាំង​១៦​គ្រឿង​នេះ អាច​ជា​ម៉ូតូ​ចោរ​ដែល​លួច​ប្លន់​បាន​យក​មក​បញ្ចាំ ព្រោះ​គ្មាន​ឯកសារ​អ្វី​ទាំងអស់ ។ អ្នក​បាត់​ម៉ូតូ​ទាំងឡាយ គួរ​ទៅ​ពិនិត្យ​មើល​ក្រែងលោ​សំណាង​មាន​ប៉ះ​ចំ​ម៉ូតូ​របស់​ខ្លួន​៕