លួច​ចូល​បី​ក្មេង​ស្រី​អាយុ​5​ឆ្នាំ កំពុង​ដេក​យក​ទៅ​រំលោភក្នុង​ព្រៃ

លួច​ចូល​បី​ក្មេង​ស្រី​អាយុ​5​ឆ្នាំ កំពុង​ដេក​យក​ទៅ​រំលោភក្នុង​ព្រៃ



ខេត្ដឧត្ដរមានជ័យ ៖ រឿងរ៉ាវ​ចលាចល​មួយ​បាន​កើតឡើង​យូរ​ពេល​បន្តិច​ហើយ តែ​ជា​រឿង​គួរ​ឱ្យ​ហួសចិត្ត ខណៈ​ជន​ល្មោភកាម​ម្នាក់​បាន​លួច​ចូល​ទៅ​ដល់​ក្នុងផ្ទះ​ហើយ​ចាប់​បី​ក្មេង​ស្រី​ម្នាក់​ដែល​កំពុង​លង់លក់​ក្នុង​ដំណេក​យក​ទៅ
រំលោភ​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ តែ​សកម្មភាព​នោះ​មិន​បាន​សម្រេច​ទេ ដោយសារ​ឪពុក​ម្តាយ​ក្មេង​ស្រី​ដឹង​ទាន់ ហើយ​ក៏​ប្តឹង​កងរាជអាវុធហត្ថ​ឱ្យ​ចាប់ខ្លួន​ជន​អគតិ​នោះ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៤ មិថុនា នៅ​ក្នុង​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ក្មេង​ស្រី​រង​គ្រោះ​មាន​អាយុ​៥​ឆ្នាំ​ជា​កូន​ទី​២ រីឯ​ជនសង្ស័យ​ឈ្មោះ ជៀម សា​វុន អាយុ​២៨​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។

តាម​ការ​រៀបរាប់​ពី​បុរស​ឈ្មោះ វ៉ា​ត ភា អាយុ​២៩​ឆ្នាំ ប្រពន្ធ​ឈ្មោះ សាត ហ៊ា​ក អាយុ​២៨​ឆ្នាំ ត្រូវជា​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្រាប់​ថា ពួក​គាត់​មានកូន​៣​នាក់​(​ស្រី​ម្នាក់​) ។ មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​ទៅ​ផឹក​ស៊ី​នៅ​ឯ​ផ្ទះ​ឪពុកមា ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ខ្លួន​ប្រហែល​៣០០​ម៉ែត្រ ដោយ​ទុក​ប្រពន្ធ​ឱ្យ​នៅ​មើល​កូន ។ ក្រោយមក​ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ប្រពន្ធ​ទៅ​តាម​ប្តី ពីព្រោះ​បានឮ​សំឡេង​ប្រកែក​គ្នា​នៅ​នឹង​កន្លែង​ផឹក​ស៊ី ខ្លាច​មានរឿង​អ្វីមួយ​កើតឡើង ។

បុរស​ជា​ឪពុក​បាន​បញ្ជាក់​ថា លុះ​បន្តិច​ក្រោយមក​រូប​គាត់​បាន​បបួល​ប្រពន្ធ​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ប្រញាប់​មក​មើល​កូន​ដែល​កំពុង​ដេក ។ ពេល​មក​ដល់​ផ្ទះ​ស្រាប់តែ​បាត់​កូនស្រី​ម្នាក់ ធ្វើ​ទាំង​ពី​នាក់​ប្តី​ប្រពន្ធ​មានការ​ភ្ញាក់ផ្អើល​ក៏​នាំ​គ្នា​ដើរ​រក​នៅ​តាម​ផ្ទះ​គេឯង​មិនឃើញ ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ស្រាប់តែ​បានឮ​សំឡេង​កូន​ស្រែក​ឱ្យ​ជួយ​នៅ​ក្នុង​ព្រៃ​ក្រោយ​ផ្ទះ ពេល​នោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​ស្ទុះរ​ត់ទៅ​មើល​ក៏​ឃើញ​កូនស្រី​ស្ថិត​ក្នុង​សភាព​អាក្រាត​កាយ​មិន​មាន​សម្លៀក​បំពាក់​នៅ​ជាប់​នឹង​ខ្លួន​ទេ ។ រីឯ​ជនសង្ស័យ​ពេល​ឃើញ​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​រត់​សំដៅ​មក​ក៏​បាន​ស្ទុះ​ក្រោក​គេច​ទៅ​ផ្ទះ​របស់​ខ្លួន​បាត់ ។

ដោយ​ឃើញ​ហេតុការណ៍​បែប​នេះ បុរស​ជា​ប្តី​បាន​ទូរស័ព្ទ​ប្តឹង​ទៅ​កងរាជអាវុធហត្ថ​ស្រុក​ត្រពាំង​ប្រាសាទ​ឱ្យមក​ឃាត់ខ្លួន​ជន​នោះ​ភ្លាម​ៗ​។

តាម​ការ​សួរ​ចម្លើយ ជន​អគតិ​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​បែប​នេះ​មែន តែ​ការ​ប៉ង​រំលោភ​សេពសន្ថវៈ​នោះ​មិន​បាន​សម្រេច​ទេ ទើប​កងកម្លាំង​អាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕