លោកស្រី គ្លីនតុន និង​លោក ត្រាំ ចាប់​ផ្ដើម​ប្រជែង​តំណែង​សេតវិមាន

លោកស្រី ហ៊ីលឡារី គ្លីនតុន បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់សហរដ្ឋអាមេរិកដោយបានក្លាយជាស្ត្រីដំបូងគេ ដែលទទួលបានជោគជ័យនៅក្នុងគណបក្សប្រជាធិបតេយ្យសម្រាប់បេក្ខភាពប្រធានាធិបតី មុននឹងលោកស្រីចាប់ផ្ដើមការប្រកួតប្រជែងសម្រាប់តំណែងសេតវិមានជាមួយលោក ដូណាល់ ត្រាំ។

លោកស្រី គ្លីនតុន និង​លោក ត្រាំ ចាប់​ផ្ដើម​ប្រជែង​តំណែង​សេតវិមាន

ប្រាំឆ្នាំក្រោយពីលោកស្រីបរាជ័យក្នុងការប្រកួតប្រជែងជាមួយលោក បារ៉ាក់ អូបាម៉ា លោកស្រី គ្លីនតុន បានប្រកាសនូវរបត់ប្រវត្តិសាស្ត្រមួយសម្រាប់ស្ត្រីកាលពីថ្ងៃម្សិលមិញនៅអាជីពនយោបាយជាង៣ទសវត្សរ៍របស់លោកស្រី។ ជ័យជម្នះរបស់លោកស្រីអាចនឹងក្លាយជាអគ្គមេបញ្ជាការអាមេរិកស្ត្រីដំបូងគេនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានទទួលការគាំទ្រពីសមាជិកគណបក្សប្រជាធិបតេយ្យនៅតាមបណ្ដារដ្ឋចំនួន៤ក្នុងចំណោមរដ្ឋចំនួន៦ក្នុងនោះរួមទាំងជ័យជម្នះនៅរដ្ឋកាលីហ្វ័រនីញ៉ាផងដែរ។

លោកស្រីនឹងត្រូវប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងជាមហាសេដ្ឋីទីក្រុងញូវយ៉ក។ លោក ត្រាំ កំពុងតែបង្កើននយោបាយថ្មីនៅក្នុងគណបក្សសាធារណរដ្ឋ ដែលមិនសាកសមនឹងនយោបាយអាមេរិកសម័យទំនើបនោះឡើយ។

កាលពីថ្ងៃពុធម្សិលមិញ លោកស្រី គ្លីនតុន បានថ្លែងទៅកាន់អ្នកគាំទ្ររបស់លោកស្រីនិងបានអំពាវនាវឲ្យគូប្រជែងរបស់លោក គឺលោក Bernie Sanders រួមកម្លាំងជាមួយលោកស្រី ដើម្បីប្រកួតប្រជែងជាមួយលោក ត្រាំ៕

ប្រភពៈ VOD