លក់​មាន់​មិនសូវ​កាក់កប ថែម​ជួញដូរ​ថ្នាំ​ញៀន​មួយ​មុខ​ទៀត

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម ២​នាក់​ជា​បងប្អូន​បង្កើត​នឹង​គ្នា ត្រូវ​បាន​កម្លាំង​ល្បាត​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ឃាត់ខ្លួន​ក្រោយ​ពី​ការ​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់​តូច ជញ្ជីង​ថ្លឹង​មួយ រួម​ទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១០១ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

លោក ហ៊ា​ង ថា​រ៉េ​ត អធិការរង​នគរបាល​ខណ្ឌចំការមន ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​មាន​ទី​១-​ឈ្មោះ ជា តារា អាយុ​៣២​ឆ្នាំ មុខរបរ​លក់​មាន់នៅ​ផ្សា​របឹង​ត្របែក​ជាមួយ​ប្រពន្ធ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​លេខ​២២ ផ្លូវ​លេខ​៤៩២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន និង​ទី​២ ឈ្មោះ ជា ហា​គី អាយុ​១៩​ឆ្នាំ មានមុខរ​បរជា​អ្នកលក់​មាន់​ជាមួយ​ម្តាយ​នៅ​ផ្សា​របឹង​ត្របែក ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

ទាំង​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពី​កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ធ្វើការ​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៣​កញ្ចប់ រួម​ទាំង​សម្ភារ​មួយ​ចំនួន​ទៀត​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​សហការ​របស់​កម្លាំង​នគរបាល​ខណ្ឌចំការមន នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ និង​នគរបាល​ប៉ុស្តិ៍​ទំនប់​ទឹក ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ទាំង​ពីរ​នាក់​បងប្អូន​ដែល​ជា​មុខសញ្ញា​ចាស់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម ៕