ចៅ​គីង្គក់​មោង​ឫស្សី​ ស្រី​ស្អាត​បន្ត​កន្ទុយ​គ្នា​ស្ម័គ្រ​ចិត្ដ​រួម​ស្នេហ៍

បាត់ដំបង: ភាពភ្ញាក់ផ្អើលកើតឡើងកក្រើកក្នុងបណ្តាញសង្គម ចំពោះរូបថតនារីឆោមស្រស់សោភា អង្គុយសំពះផ្ទឹមជាមួយបុរសពិការខ្វិនខ្វង់ក្រាបលើកន្ទេល រណ្តាប់នៅពីមុខ មានក្បាលជ្រូក និងផ្លែឈើ បង្កជាចម្ងល់ជជែកដេញដោលសួរគ្នាថា តើជារូបភាពពិត ឬក៏កាត់ត?

ចៅ​គីង្គក់​មោង​ឫស្សី​ ស្រី​ស្អាត​បន្ត​កន្ទុយ​គ្នា​ស្ម័គ្រ​ចិត្ដ​រួម​ស្នេហ៍

រូបថតនៅស្រុកខ្មែរ ឬក៏នៅប្រទេសណា? ទន្ទឹមនឹងតម្រុយបង្ហាញនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ក៏ត្រូវបានអាជ្ញាធរក្នុងទឹកដីនេះ អះអាងថា បុរសពិការក្រាបនៅកន្ទេលមានពិតក្នុងទឹកដីស្រុកមោងឫស្សី ស្ថិតក្នុងឃុំគារ ភូមិរាមគន់ និងមានស្រីស្អាត បន្តកន្ទុយគ្នាស្ម័គ្រមកសាងស្នេហ៍រួមខ្នើយ។

លោក ស៊ីន សឿន មេភូមិរាមគន់ ក្នុងជំនួបតាមទូរស័ព្ទជាមួយភ្នំពេញ ប៉ុស្តិ៍ រៀបរាប់ថា៖ «បុរសពិការដេកស្ដូកស្ដឹងលើកន្ទេលនៅក្នុងរូបថត ដែលមានស្រ្តីរូបស្អាតអង្គុយសំពះក្នុងពិធីសែនព្រេនដូនតា យកគ្នាធ្វើជាប្តីប្រពន្ធ មានឈ្មោះ ច័ន្ទ ចេម អាយុ ២៦ ឆ្នាំ ដែលមានម្តាយឈ្មោះ ឆោម រុំ ឪពុកឈ្មោះ អោម ច័ន្ទ រស់នៅក្នុងភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង»។

មេភូមិដដែលឲ្យដឹងថា ផ្ទះលោក និងផ្ទះបុរសពិការនៅឆ្ងាយពីគ្នាតែ ២០០ ម៉ែត្រ បានបញ្ជាក់ថា៖ «ច័ន្ទ ចេម ពិការពីកំណើត សូម្បីតែអង្គុយមិនកើត បាយទឹក បត់ជើងតូចធំ ក៏ត្រូវការអ្នកមើលថែជួយទាំងអស់។ តែមិនដឹងថា មានអ្វីទេ អ្នកភូមិក៏ភ្ញាក់ផ្អើល មានស្រីស្រឡាញ់ស្ម័គ្ររួមរស់ជាគូជីវិត បើទោះជាដឹងថា ចេម ពិការបែបហ្នឹងក៏ដោយ រហូតមានធ្វើដល់ពិធីសែនព្រេន មានក្បាលជ្រូកចាស់ទុំដឹងឮ»។

លោកមេភូមិ ពោលបែបច្រណែននឹងមន្តស្នេហ៍បុរសពិការ នៅតែមួយកន្លែងមានស្រីស្នេហ៍មកស្ម័គ្ររួមរស់ លោកឲ្យដឹងទៀតថា៖ «ការពិត ក្នុងរូបថតមានស្រីស្អាតអង្គុយសំពះ ជាប់សំណែនក្បាលជ្រូក និងផ្លែឈើនៅពីមុខ ដែលគេបង្ហោះចូលក្នុងហ្វេសប៊ុកនោះ តាំងពីពីរឆ្នាំមុនម្ល៉េះ ដែលនារីនោះគឺជាគូស្នេហ៍ទី ១ របស់ ច័ន្ទ ចេម អាយុជាង ៣០ ឆ្នាំ។ តែមាននារីម្នាក់ទៀត វ័យទើប ១៧ ឆ្នាំ បានបន្ដចូលខ្លួនមកស្អំបេះដូង ចេម ជាប្តីប្រពន្ធ ដោយមិនបានសែនព្រេននោះទេ»។

ក្រោយផ្ទុះសំណើចកក្អឹកនោះ លោក ស៊ីន សឿន បន្ដថា៖ «ទំនាក់ទំនងស្នេហាបុរសពិការធ្វើឡើងតាមទូរស័ព្ទ។ កាលពីឆ្នាំមុននោះ អ្នកភូមិស្ទើរមិនជឿ ដែលនារីវ័យជាង ៣០ ឆ្នាំក្នុងរូបថតនោះ មកស្ម័គ្ររួមរស់នឹងបុរសពិការ កាយសម្បទាដូចកង្កែប បើទោះជាចាស់ទុំឪពុកម្តាយ បុរសពិការនោះដេញឲ្យទៅវិញក៏មិនព្រម រហូតមានធ្វើពិធីសែនព្រេនផ្អើលអ្នកភូមិ។ ប៉ុន្តែមិនដឹងយ៉ាងណាដែរទេ នារីរូបស្រស់នោះ នៅរួមរស់ជាមួយគ្នាបានពីរឆ្នាំ ក៏ទៅវិញបាត់ ក៏ស្រាប់តែឃើញស្រីក្មេងខ្ចីម្នាក់ទៀតមកបន្ត»។

លោក មេភូមិ បញ្ជាក់ថា៖ «នារីរូបស្រស់ទី ២ មកស្ម័គ្រធ្វើប្រពន្ធបុរសពិការនោះ ជាអ្នកមកពីក្រុងប៉ោយប៉ែត្រ មានវ័យ ១៧ ឆ្នាំ តែមិនបានធ្វើពិធីសែនព្រេនដូចនារីទី ១ នោះទេ»។

យ៉ាងណាមិញ ក្នុងបណ្តាញសង្គមហ្វេសប៊ុក មហាជនបានលើកឡើងថា៖ «គូស្នេហ៍កម្សត់ កូនកំលោះពិការ និងកូនក្រមុំស្មោះស្ម័គ្ររៀបការបានត្រឹមមេបាដឹងឮ។ នេះហើយស្នេហ៍ពិតទោះគ្មានអ្វីទាំងអស់ តែពួកគាត់ស្រឡាញ់គ្នាដោយចិត្តនឹងចិត្ត ដោយកាលពី ១០ ឆ្នាំមុន ក៏មានបុរសពិការដូចគ្នានេះនៅខេត្តតាកែវ ដែលនារីស្អាតៗដល់បីនាក់ទៅស្ម័គ្របន្តគ្នាធ្វើជាប្រពន្ធ រហូតបង្កើតតំណក់ឈាមរួមនារីទី ៣ បានកូនស្រីមួយទៀតផង មុននឹងបុរសពិការសម្បូរស្នេហ៍ដែលគេដាក់ងារឲ្យចៅគីង្គក់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់»។

ជាមួយគ្នានោះ នាយប៉ុស្តិ៍ឃុំគារ លោកតាំង សារ៉ាន់ បានឲ្យដឹងថា៖ «ខ្ញុំធ្លាប់ឮតែក្នុងរឿងព្រេងនាងពៅរូបឆោមលោមពណ៌លង់ស្នេហ៍ចៅគីង្គក់ និងល្បីនៅខេត្តតាកែវកាលពីបួនដប់ឆ្នាំមុន។ ប៉ុន្ដែពេលនោះ នៅក្នុងភូមិខ្ញុំក៏ដូចនឹងរឿងព្រេងនោះដែរ»។

លោកនាយប៉ុស្តិ៍ប្រាប់ទៀតថា៖ «ខ្ញុំមិនដឹងថា ប្រដាប់ប្រដាបុរសពិការសម្បូរស្នេហ៍នោះយ៉ាងម៉េចទេ តែធ្លាប់បានឮឪពុកគេប្រាប់ថា ពិការតែដៃជើងអង្គុយមិនកើត តែប្រដាប់គេនោះពេញលេញដូចបុរសធម្មតាទេ»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍