មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​រតនគិរី​ត្រូវ​ឃាត់​ខ្លួន​រឿង​ដើរ​ផ្ដិត​មេដៃ​ពលរដ្ឋ

ប៉ូលិស​ស្រុក​បរកែវ ឃាត់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ឃុំ​ស៊ើង ម្នាក់ ខណៈ​មន្ត្រី​នោះ​កំពុង​ដើរ​ផ្ដិត​មេដៃ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​គាំទ្រ​ញត្តិ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​សុំ​ព្រះរាជ​អន្តរាគមន៍​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ និង​ជា​ជំទប់​ទី​២ ឃុំ​ស៊ើង ស្រុក​បរកែវ ខេត្ត​រតនគិរី ត្រូវ​បាន​ប៉ូលិស​ដោះ​លែង​វិញ​បន្ទាប់​ពី​ចាប់​ឃាត់​ខ្លួន​ប្រមាណ​ពីរ​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មិថុនា។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ លោក ពូក ព្យើន បញ្ជាក់​ថា លោក​កំពុង​ភ័យ​ខ្លាច​បន្ទាប់​ពី​ប៉ូលិស​គំរាម​ឲ្យ​លោក​បញ្ឈប់​ការ​ដើរ​ផ្ដិត​មេដៃ​ត​ទៅ​ទៀត។ លោក​ថា បាន​ណែនាំ​ឲ្យ​សកម្មជន​តាម​ភូមិ​បញ្ឈប់​ការ​ផ្ដិត​មេដៃ​នេះ​ហើយ៖ «ក្រុមប្រឹក្សា​ស្រុក​ឲ្យ​ខ្ញុំ​ទៅ​ផ្ដិត​ញត្តិ​ឲ្យ​ប្រជាពលរដ្ឋ​គាំទ្រ​ហ្នឹង​ណា! អត់​មាន​រឿង​ជេរ​ប្រមាថ​ស្អី​ទេ។ ឥឡូវ​នៅ​អធិការ​ស្រុក​បរកែវ គាត់​យក​ខ្ញុំ​ម៉ោង ៨ គេ​ថា ចាប់​ខ្ញុំ​ដាក់​គុក»

អធិការ​ប៉ូលិស​ស្រុក​បរកែវ លោក ជួប វណ្ណារក្ស បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​នេះ​ប៉ូលិស​សំអាង​ថា មន្ត្រី​បក្ស​សង្គ្រោះជាតិ ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ខុស​ច្បាប់ ហេតុ​នេះ​ប៉ូលិស​បាន​តម្រូវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ រូប​នោះ​ធ្វើ​កិច្ចសន្យា​ឈប់​ដើរ​ផ្ដិត​មេដៃ​ពលរដ្ឋ​ត​ទៅ​ទៀត ទើប​យល់​ព្រម​ឲ្យ​វិល​ទៅ​លំនៅឋាន​វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។