ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ ករណី​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅកាន់តុលាការ

ជនសង្ស័យ​៥​នាក់​ពាក់ព័ន្ធ ករណី​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ទៅកាន់តុលាការ



សៀមរាប ៖ នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​ បាន​ឆ្មក់​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់ គ្រឿងញៀន​ពីរ​ករណី​ផ្សេងគ្នា ស្ថិតនៅ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប ​និង​មួយ​ករណី​ទៀត​ស្ថិត​នៅ​ចំណុច​ភូមិ​ដំ​ដែក​លើ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​ ហើយ​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់ ព្រម​ទាំង​ធ្វើការ​ឆែកឆេរ រក​ឃើញ​មាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ ចំនួន​០១​កញ្ចប់​តូច​ ដែល​មាន​ទម្ងន់​ស្មើ​នឹង​០.២​ក្រាម រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿង​ញៀន​មួយចំនួន​ផងដែរ។

លោក​វរសេនីយ៍ទោ អ៊ុំ ​សា​អាត ​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ហាញ​ឈ្មោះ​ជនសង្ស័យ​ទាំង​៥​នាក់​ពាក់​ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ និង ​ជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​ក្រុង សៀមរាប​រួមមាន ​១.​ ឈ្មោះ​ហ៊ុត លី​ហូ​វ ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៩៣ ​មុខរបរ​ធ្វើស្រែ​ មាន​ទី​លំនៅ​ភូមិដាក់​ផ្កា ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​ពី​បទ​រក្សាទុក ​ទី​២. ឈ្មោះ គង់ គីម ភេទ ប្រុស កើត​នៅ​ឆ្នាំ​១៩៩៤​ រស់​នៅ​ភូមិ ដាក់​ផ្កា ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​ពី​បទ​ចាត់ចែង ទី​៣​. ឈ្មោះ ស្មុក ស្មួ​ន​ ភេទប្រុស កើត​នៅ​ឆ្នាំ​១៩៩៤ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​តាយ៉ែ​ក ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ​ខេត្ត​សៀមរាប ពី​បទ​ចាត់ចែង ទី​៤. ​ឈ្មោះ​ក្រាន់ បូរី ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៩១​ មុខរបរ​រត់​ម៉ូតូ​ឌុប ​រស់​នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ពីបទ​ចាត់ចែង ទី​៥. ឈ្មោះ ណុប ធី ​ភេទប្រុស កើត​នៅ​ឆ្នាំ១៩៨០ មុខរបរ​កម្មករ ស្នាក់នៅ​ភូមិ វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក​ក្រុង-ខេត្តសៀមរាប ពី​បទ​ចាត់ចែង។

ជនសង្ស័យ​ទាំង​៥​នាក់​នេះ ​ត្រូវ​បាន​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ពួកគេ​កំពុងតែ​ធ្វើ​សកម្មភាព​ជួញ ដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​តាម​ដងផ្លូវ។ ក្នុង​ករណី​បង្ក្រាប​ករណី​ជួញដូរ និង ប្រើប្រាស់​ថ្នាំញៀន​ពី​សំណាក់​សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន ខាងលើ​នេះ​ដែរ​ បាន​ដកហូត​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​តូច ​ឧបករណ៍​ប្រើប្រាស់​ និង ​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួន​ទូរស័ព្ទដៃ០២​គ្រឿង​ផង​ដែរ។

លោក​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​បាន​បន្ត​ទៀត​ថា ​ជនសង្ស័យ​ទាំង​៥​នាក់​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ខាងលើ​នោះ ក្នុង​នោះ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មណ្ឌល​កែ​ប្រែ​នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែ មិថុនា ឆ្នាំ​២០១៦​នេះ។ ចំណែក​ជនសង្ស័យ​៣​នាក់​ ដែល​ជាប់​ករណី​ជួញដូរ​គ្រឿងញៀន​ ក៏បាន​បញ្ជូន​ទៅកាន់​តុលាការ​ល្ងាច​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ ផង​ដែរ៕