នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​៥នាក់ ករណីជួញដូរ​និងប្រើប្រាស់​គ្រឿងញៀន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​៥នាក់ ករណីជួញដូរ​និងប្រើប្រាស់​គ្រឿងញៀន



តាកែវ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំញៀន​៥​នាក់​ផ្សេងទៀត​ត្រូវ​បាន​កម្លាំង​ចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ខេត្ត​តាកែវ​ធ្វើការ​បង្ក្រាបបាន​ភ្លាមៗ​ពេល​ពួកគេ​កំពុង​ចរាចរ​រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន​ផងដែរ។

បើ​តាម​សម្តី​របស់​លោក​យុគ សារ៉ាត់ អធិការ​នគរបាល​ស្រុក​គីរីវង់​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​១៧​នាទី​ថ្ងៃត្រង់​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៦ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​កំណប់​ និង​ប៉ុស្តិ៍​រដ្ឋបាល​ព្រះបាទ​ជាន់ជុំ​បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​មួយ​ករណី​បន្ថែម​ទៀត​ បន្ទាប់ពី​ទទួល​ដំណឹង​ថា​មានការ​ប្រើប្រាស់​និង​ជួយ​ដូរ​នៅ​ចំណុច​ភូមិ​ក្រ​ង៉​ល់ ឃុំកំណប់ ស្រុក​គីរីវង់​។

លោក​អធិការ​បាន​បន្ថែម​ទៀត​ថា ក្រោយ​ធ្វើការ​ចុះ​បង្ក្រាប​កម្លាំង​របស់​លោក​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មុខសញ្ញា​បាន​៥​នាក់​ដែល​មាន​ឈ្មោះ ទី​១. ឈ្មោះ ហ៊ុំ ចិន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ក្រ​ង៉​ល់ ឃុំ​កំណប់​ជា​មុខសញ្ញា​ជួញដូរ។ ២. ឈ្មោះ ប្រុស ពៅ ភេទ ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពងទឹក ឃុំ​សោម ជា​អ្នកប្រើប្រាស់​។ ៣. ឈ្មោះ ឃី ចាន់​ធា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ព្រាល ឃុំ​សោម​ជា​អ្នកប្រើប្រាស់​។ ៤​. ឈ្មោះ ស៊ុន ផាន់​និ​ត ភេទ​ប្រុស ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រាល ឃុំ​សោម ជា​អ្នកប្រើប្រាស់​។ ៥. ឈ្មោះ សៀង ប៊ុនហេង ហៅ​អា​អណ្តើក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ជា​អ្នកប្រើប្រាស់​។ រីឯ​វត្ថុតាង​រឹប​អូស​បាន​រួមមាន សារធាតុញៀន​ក្រាម​ពណ៌​ស ១​កញ្ចប់​ធំ​ និង​៣​កញ្ចប់​តូច ដាវ​សាំ​ម៉ូ​រ៉ៃ​១​ដើម កាំភ្លើង​កែច្នៃ​មួយ​ដើម ម៉ូតូ​២​គ្រឿង ពិល​ឆក់​១ និង​សម្ភារៈ​ជក់​មួយចំនួន។

បច្ចុប្បន្ន​ ជនសង្ស័យ​ជួញដូរ​ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខាងលើ ​ត្រូវ​បាន​កម្លាំង​នៃ​អធិការ​នគរបាល​ស្រុក​គីរីវង់​កំពុង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ចាត់ការ​តាម​នីតិវិធី៕