សន្តិសុខ​មន្ទីរ​សម្រាក​ព្យាបាល​ និង​ សម្ភព​ទួល​សង្កែ​បើកឡាន​បុក​ចូល​ផ្ទះ​ពេទ្យធ្មេញ​របួសស្រាល​២​នាក់

សន្តិសុខ​មន្ទីរ​សម្រាក​ព្យាបាល​ និង​ សម្ភព​ទួល​សង្កែ​បើកឡាន​បុក​ចូល​ផ្ទះ​ពេទ្យធ្មេញ​របួសស្រាល​២​នាក់



ភ្នំពេញ ៖ មនុស្ស​ប្រុស​២​នាក់ បាន​រង​របួស​ស្រាល ដោយសារតែ​សន្តិសុខ​របស់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​ទួល​សង្កែ បើក​រថយន្ត​ម៉ាក​កូ​រ៉ូ​ឡា​១​គ្រឿង​ របស់​ភ្ញៀវ​ ដោយ​ជាន់​ហ្គា​ជ្រុល​ខ្លាំង​ទៅ​បុក​ចូល ផ្ទះ​ពេទ្យធ្មេញ​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ កាលពី​វេលា​ម៉ោង​៤​និង​១០ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

អ្នកបើកបរ​ឈ្មោះ​វ៉ា​ន​ ប៊ុ​ន​លាភ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ជា​សន្តិសុខ​មន្ទីរ​សម្រាក​ព្យាបាល​សម្ភព​សុខា​ទួល​សង្កែ ស្នាក់នៅ​ក្រុមទី​១២​ភូមិ​កើតហេតុ​ខាងលើ។ ចំណែក​ជនរងគ្រោះ​មិន​ត្រូវ​បាន​ប្រាប់​អត្តសញ្ញាណ​ទេ​ ​រស់នៅ​ផ្ទះ​លេខ​០៥១G​យីហោ «ពេទ្យធ្មេញ​ជា​ដែន» រីឯ​ម្ចាស់​រថយន្ត​ឈ្មោះ​ឡៃ​សុ​ផុន ភេទ​ស្រី​អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ ឃុំ​បែក​ចាន​ស្រុក​អង្គ​ឈ្នួល​ខេត្តកណ្តាល។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​បង្ក​ខាងលើ​ពណ៌ ទឹកប្រាក់​ពាក់​ស្លាក​លេខ ភ្នំពេញ 2U-1576 បើកបរ​ដោយ​ស្ត្រី​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​បេតុង​ទិសដៅ ចូល​សម្ភព​សុខា​ទួល​សង្កែ ប៉ុន្តែ​រថយន្ត​នោះ​មាន​បញ្ហា​ក៏​ទុក​រថយន្ត​ទទឹង​ផ្លូវ ឃើញ​ដូច​នោះ​សន្តិសុខ​បង្ក​បាន​ទៅ​បើក​រថយន្ត​ក្នុង​បំណង​យក​មក​ចត​ទុក​មុខ​មន្ទីរ​សម្រាក​ព្យាបាល​សុខា​ទួល​សង្កែ ហើយ​ទំនង​រថយន្ត​នោះ​ហ្វ្រាំង​មិន​ស៊ី ​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ពេទ្យធ្មេញ​បណ្តាល​ឲ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ និង​របួសធ្ងន់​ស្រាល​មនុស្ស​២នាក់។

ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះទៅ​កន្លែង​កើតហេតុ​ជួយ​អន្តរាគមន៍ ហើយ​ម្ចាស់​រថយន្ត​ និង​ម្ចាស់​មន្ទីរ​សម្រាក​ព្យាបាល​ និង​សម្ភព​សុខា​ទួល​សង្កែ​ធានា​ជួសជុល ​និង​ព្យាបាល​អ្នករបួស ដើម្បី​បញ្ចប់​រឿង៕