ស្នែង​សត្វ​ខ្ទីង​២​ក្បាល ទន្សោង​៣​ក្បាល ត្រូវ​សមត្ថកិច្ច​រឹបអូស

ខេត្តមណ្ឌលគិរី ៖ ស្នែង​សត្វ​ខ្ទីង ២​ក្បាល និង​ស្នែងទន្សោង ៣​ក្បាល ត្រូវ​បាន​សមត្ថកិច្ច​រឹបអូស​ចេញពី​លំនៅ ស្ថាន​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុងភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​ប្រតិបត្តិ​ការណ៍​នេះ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា​៨​និង​១០​នាទី​ព្រឹក ថ្ងៃ​០៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​។ ក្នុង​ប្រតិបត្តិការ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​សមត្ថកិច្ច​ចម្រុះ​រួម​មាន នគរបាល អាវុធហត្ថ មន្ត្រី​ព្រៃឈើ ព្រមទាំង​មន្ត្រី​គាំពារ​សត្វព្រៃ បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់ ដើម្បី​សាកសួរ​ផង​ដែរ ក្រោយ​ពេល​រក​ឃើញ ក្បាលសត្វ​ដែល​មាន​ស្នែង​ជាក់ស្តែង​នៅ​ក្នុង​លំនៅ​ស្ថាន​នោះ​។

លំនៅ​ស្ថាន​ដែល​ក្រុម​សមត្ថកិច្ច​ឆ្មក់​ចូល និង​ឆែកឆេរ​នោះ​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ អ៊ុ​ន សា​វុ​ធ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជា​ជនជាតិ​ខ្មែរ ស្នាក់​នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។ បច្ចុប្បន្ន​ឈ្មោះ អ៊ុ​ន សា​វុ​ធ កំពុង​ស្ថិត​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កោះ​ញែក ក្រោម​ការ​សួរនាំ​ពី​មន្ត្រី​ព្រៃឈើ​។ ដោយឡែក វត្ថុ​តាង ក៏​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​កាន់​ស្នាក់​ការ​របស់​អង្គការ​វាយ​អេ​ត ដើម្បី​រក្សា​ទុក​បណ្តោះអាសន្ន​ផង​ដែរ​។ ទោះជា​យ៉ាងណា​នៅ​ម៉ោង​ប្រមាណ​ជា​២​រសៀល​ថ្ងៃ​ដដែល​នេះ គេ​នៅ​មិន​ទាន់​ទ​ទូល​ព័ត៌មាន បន្ថែម​ណាមួយ​ពី​មន្ត្រី​ជំនាញ​នៅឡើយ ពាក់ព័ន្ធ​នឹង​ករណី​មួយ​នេះ​៕