អាវុធហត្ថ​ចាប់​បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ទៅ​តុលាការ​ ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ហាង​ខា​រ៉ា​អូរ​ខេ រាត្រី​សំណាង

អាវុធហត្ថ​ចាប់​បញ្ជូន​ជនជាតិ​ចិន​៣​នាក់​ទៅ​តុលាការ​ ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ប្រើ​អំពើ​ហិង្សា​នៅ​ក្នុង​ហាង​ខា​រ៉ា​អូរ​ខេ រាត្រី​សំណាង



ព្រះសីហនុ ៖ បុរស​ជនជាតិ​ចិន​ជា​បុគ្គលិក​នៅ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ធ្យូងថ្ម​ចំនួន​៣​នាក់​ ដែល​ជាប់​សង្ស័យ​ថា ​បាន​ប្រើ​អំពើ​ហិង្សា​នៅ​ហាង​ខារ៉ាអូខេ រាត្រី​សំណាង​នៅ​យប់​ថ្ងៃ​ទី​៧​ ខែ​មិថុនា​កន្លងមក​នេះ ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ហើយ ​នៅ​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​៩​ ខែ​មិថុនា​នេះ​។

សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ខណៈ​ពេល​ដែល​ជន​ទាំង​៣​នាក់​នេះ​បង្ក​បញ្ហា​ក្នុង​បន្ទប់​នោះ​ បាន​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​ដែល​ចូល​ច្រៀង​ក្នុង​បន្ទប់​ក្បែរ​នោះ​ មានការ​ភិតភ័យ​ ហើយ​នាំគ្នា​រត់​ប្រសេចប្រសាច​គេចខ្លួន​បាត់​អស់​ទៅ ដោយ​មិន​ទាន់​បាន​គិតលុយ​នោះ​ទេ​។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា មូល​ហេតុ​ ដែល​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​នោះ ​ដោយសារតែ​បុរស​ជន​ជាតិ​ចិន​ទាំង​នេះ​ស្រវឹង​ស្រា​ស្រែក​ឡូឡា​​ ហើយ​និយាយ​គ្នា​ស្តាប់​មិនបាន​ ក៏​ប្រើ​អំពើ​ហិង្សា​តែ​ម្ដង ដោយ​បោក​បំផ្លាញ​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​ខារ៉ាអូខេ​បណ្ដាល​ឲ្យ​បាក់​បែក​ខូចខាត​អស់​ជាច្រើន។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ទីតាំង​ខារ៉ាអូខេ​ដែល​កើតហេតុ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុង-ខេត្ត​ព្រះសីហនុ​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​មានឈ្មោះ ១.ឈ្មោះ​កុង​.​អ៊ី​ង​ជែ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ផ្នែក​អគ្គិសនី​នៅ​រោងចក្រ​ធ្យូងថ្ម​.​មាន​ទី​នៅ​ឃុំ​អូរត្រេះ​.​ស្រុក​ស្ទឹងហាវ​.​ខេត្ត​ព្រះសីហនុ។ ២.ឈ្មោះ​លី ជាន ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ផ្នែក​អគ្គិសនី​នៅ​រោងចក្រ​ធ្យូងថ្ម​.​មាន​ទីលំនៅ​ឃុំ​អូ​ត្រេះ​.​ស្រុក​ស្ទឹងហាវ​.​ខេត្ត​ព្រះសីហនុ​។ ៣. ឈ្មោះ លី សៅ​នី​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន​.​មុខរបរ​ផ្នែក​អគ្គិសនី​នៅ​រោងចក្រ​ធ្យូងថ្ម​.​មាន​ទីលំនៅ​ឃុំ​អូ​ត្រេះ​.​ស្រុក​ស្ទឹងហាវ​.​ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា អំពើ​ហិង្សា​របស់​ក្រុម​ជនជាតិ​ចិន​ទាំងនេះ​បាន​ធ្វើ​ឲ្យ​មានការ​ខូចខាត​មាន ១.ម៉ា​ស៊ី​ន​បញ្ចាំង​LCD ចំនួន​០១​គ្រឿង​.​ស្មើ​ទឹកប្រាក់ ៤៥០ដុល្លារ ២.ធ្វើ​ឲ្យ​ផ្អើល​ភ្ញៀវ​បន្ទប់​ជាប់​ជិតខាង​រត់ចេញ​មិនបាន​ទូទាត់​ប្រាក់ ចំនួន ២៦៧​ដុល្លារ៕