Honda ៖ ​យុវជនខ្មែរ​​ត្រូវ​មាន​​ក្ដី​ស្រមៃ​​ខ្ពស់ ​ដើម្បី​អនាគត​បាល់ទាត់​កម្ពុជា

​តារា​បាល់ទាត់សមាជិក AC Milan និង​ជម្រើស​ជាតិ​ជប៉ុន​ Keisuke Honda ​ ​បាន​លើក​ឡើង​​នៅ​សាលា​ឥន្ទ្រៈទេវី​​ក្នុង​សន្និសីទ​កាសែត​​ថា ប្រសិន​បើ​កម្ពុជា​ចង់​ឲ្យ​វិស័យ​បាល់ទាត់​​​មាន​ការ​រីក​ចម្រើន​​ខ្លាំង​​នោះ ​យុវជន​​ជា​ថ្នាល​ត្រូវ​មាន​ក្ដី​ស្រមៃ​ឲ្យ​បាន​ខ្ពស់​បំផុត​។

 

Honda ៖ ​យុវជនខ្មែរ​​ត្រូវ​មាន​​ក្ដី​ស្រមៃ​​ខ្ពស់ ​ដើម្បី​អនាគត​បាល់ទាត់​កម្ពុជាកីឡាករ Keisuke Honda ​

 

​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​​ AC Milan ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​គ្រប់​​កីឡាករ​បាល់ទាត់​តែង​មាន​ក្ដី​ស្រមៃ​របស់​ខ្លួន។ ​តាម​គំនិត​របស់​លោក​ប្រសិន​បើ​កម្ពុជា​ ចង់​ឲ្យ​​វិស័យ​បាល់ទាត់​ខ្លាំង​ ហើយ​កីឡាករ​អាច​ក្លាយ​ជា​អ្នក​​អាជីព​លំដាប់​ថ្នាក់​ពិភព​លោក​បាន ​​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី​​​ត្រូវ​មាន​មហិច្ឆតា​ខ្ពស់​មួយ​ដើម្បី​ជាតិ​។

 

​​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ​​បន្ត​ថា ​បន្ទាប់​ពី​កំណត់​គោល​ដៅ​​ យុវជន​​ត្រូវ​ប្រឹង​ប្រែង​​​ធ្វើ​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​កីឡាករ​អាជីព​លំដាប់​ថ្នាក់​ពិភព​លោក​ឲ្យ​បាន តាម​រយៈ​ការ​ខំ​ប្រឹងប្រែង​ដោយ​​ខ្លួន​​ឯង។ គ្រប់​កីឡាករ​របស់​កម្ពុជា​​បច្ចុប្បន្ន​​បាន​រីក​ចម្រើន​ជាង​មុន​​ ប៉ុន្តែ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែរ ដែល​ត្រូវ​​ប្រឹង​ប្រែង​បន្ថែម​ទៀត។

 

​កីឡាករ​  Keisuke Honda ​មាន​​បំណង​ចង់​បើក​សាលា​បាល់​ទាត់​នៅ​កម្ពុជា​​ ក្នុង​រយៈ​ពេល​ដ៏ខ្លី​ខាង​​មុខ​នេះ ក្នុង​គោល​បំណង​ចង់​​អភិវឌ្ឍ​​​កីឡាករ​បាល់ទាត់​​នៅ​កម្ពុជា​​ដើម្បី​អាច​មាន​សមត្ថភាព​បង្ហាញ​ខ្លួន​នៅ​តំបន់​អឺរ៉ុប​ដូច​រួប​គេ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា