Bill Gates ថា បើ​មាន​លុយ ២ ដុល្លារ​នឹង​យក​ទៅ​ចិញ្ចឹមមាន់

លោក​ Bill Gates សហ​ស្ថាបនិក​ក្រុមហ៊ុន​ Microsoft បាន​រៀប​រាប់​ពី​អ្វី​​ដែល​លោក​នឹង​ធ្វើ​ប្រសិន​បើ​ខ្លួន​ជា​មនុស្ស​សាមញ្ញ​ម្នាក់​ដែល​មាន​លុយ​ចាយ​​ត្រឹម​តែ​ ២​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

 

Bill Gates ថា បើ​មាន​លុយ ២ ដុល្លារ​នឹង​យក​ទៅ​ចិញ្ចឹមមាន់

 

​​​​​​​​​​​​​​​​​​​លោក​បាន​​ឲ្យ​ដឹង​តាម​រយៈ​វិបសាយ​ផ្ទាល់​ខ្លួន​ឈ្មោះ​​ GatesNotes ​ថា​ ប្រសិន​បើ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​លោក​​មាន​លុយ​ចាយ​ត្រឹម​ ២​ ដុល្លារ​ មួយ​ថ្ងៃ​មែន​នោះ​ លោក​នឹង​ចិញ្ចឹម​សត្វ​មាន់។ មាន​​ហេតុផល​ដែល​ធ្វើ​ឲ្យ​លោក​សម្រេច​ចិត្ត​ដូច​នេះ?

 

@ ពួក​វា​​ងាយ​ស្រួល​មើល​ថែ​ និង​មិន​ចំណាយ​លុយ​ច្រើន​ដើម្បី​មើល​ថែ៖

 

ពូជ​មាន់​ភាគ​ច្រើន​អាច​​រក​ចំណី​ស៊ី​ដោយ​ខ្លួន​ឯង​បាន (ប៉ុន្តែ​បើ​ដាក់​ចំណី​ឲ្យ​កាន់​តែ​ល្អ​ ព្រោះ​វា​ឆាប់​ធំ)។ ដោយ​ឡែក​ចំពោះ​​ផ្នែក​សុខភាព​វិញ​គឺ​សត្វ​មាន់​ត្រូវ​ការ​វ៉ាក់សាំង​តែ​ប៉ុន្មាន​មុខ​ប៉ុណ្ណោះ​ដើម្បី​ការពារ​ជំងឺ ដែល​វា​មាន​តម្លៃ​ថោក។

 

@ ពួក​វា​ជា​ការ​បណ្ដាក់​ទុន​ដ៏​ល្អ៖

 

ឧបមា​ថា​កសិករ​ម្នាក់​ចាប់​ផ្ដើម​ដោយ​ មេ​មាន់​ប្រាំ​ក្បាល ហើយ​ម្នាក់​ក្នុង​ចំណោម​អ្នក​​ជិត​ខាង​របស់​គេ​ មាន​មាន់​ឈ្មោល​មួយ​ក្បាល​សម្រាប់​ផ្ដល់​ពូជ​ដល់​មេមាន់​ទាំង​ប្រាំ​នោះ។ រយៈ​ពេល​បី​ខែ​ក្រោយ​មក​​កសិករ​ម្នាក់​នោះ​អាច​មាន​មាន់​ ៤០​ ក្បាល​ ក្នុង​ជង្រុក​របស់​ខ្លួន។ ប្រសិន​បើ​មាន់​មួយ​ក្បាល​លក់​បាន​ ៥ ដុល្លារ​ នោះ​គេ​អាច​រក​ចំណូល​បាន​​​លើស​ពី​ ១០០០ ដុល្លារ/មួយ​ឆ្នាំ។

 

@ ជួយ​ឲ្យ​កូនៗ​មាន​សុខភាព​ល្អ៖

 

ជំងឺ​ខ្វះ​អាហារូបត្ថម្ភ​បាន​សម្លាប់​កុមារ​​ច្រើន​ជាង​ ៣,១​ លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ហើយ​តាម​រយៈ​ការ​បរិភោគ​ស៊ុត​មាន់​ជួយ​ប្រឆាំង​នឹង​ជំងឺ​នេះ​បាន។ យ៉ាង​ណា​ក្ដី​កសិករ​មួយ​ចំនួន​​ដែល​មាន​មាន់​មិន​ជា​ច្រើន​ប៉ុន្មាន​យល់​ថា​ ការ​ទុក​ឲ្យ​ស៊ុត​មាន់​ញាស់​ ហើយ​យក​មាន់​ទៅ​លក់​ដើម្បី​យក​លុយ​​ទិញ​អាហារ​មាន​ជីវជាតិ​ ជា​វិធី​ដែល​ចំណេញ​ជាង។

 

ទាំង​នេះ​ជា​ការ​យល់​ឃើញ​របស់​លោក Bill Gates ពី​ចំណុច​វិជ្ជមាន​នៃ​ការ​ចិញ្ចឹម​សត្វ​មាន់​ ក្រោយ​ពី​លោក​​​ទទួល​បាន​បទ​ពិសោធជា​ច្រើន​​ពី​ប្រជាជន​ក្នុង​ប្រទេស​ក្រី​ក្រ ដែល​មាន​មុខ​របរ​ជា​អ្នក​ចិញ្ចឹម​មាន់៕​​​​​​​​​​​​​​​​​​

 

​ចុច​អាន៖ កូន​ Jack Ma គ្មាន​ភាព​កក់​ក្ដៅ ១០ ឆ្នាំ​​ព្រោះ​​ឪពុក​ម្ដាយ​វក់​​នឹង​ការងា

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ GatesNotes