​កំណើនសេដ្ឋកិច្ច​ពិត​របស់​កម្ពុជា បាន​ប៉ាន់ប្រមាណ​ថា នឹង​នៅតែ​រឹងមាំ ក្នុង​កម្រិត ៦,៩ ភាគរយ នៅក្នុង​ឆ្នាំ ២០១៦

ភ្នំពេញ:
យោងតាម​របាយការណ៍ របស់​ធនាគារពិភពលោក បច្ចុប្បន្នភាព សេដ្ឋកិច្ចកម្ពុជា ចុងក្រោយ បាន​ឲ្យ​ដឹងថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នៅតែមាន​ភាពរឹងមាំ គឺ​ក្នុង​កម្រិត ៧,០ ភាគរយ ក្នុង​ឆ្នាំ ២០១៥ ដែល​កំណើន​នេះ នាំមុខ​ដោយ​វិស័យ​កាត់ដេរ និង​សំណង់​។ នៅក្នុង​ឆ្នាំ ២០១៦ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា នឹង​រំពឹងថា មាន​កម្រិត​ប្រហែល ៦,៩ ភាគរយ ដែល​ធ្វើ​កម្ពុជា ក្លាយជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ជាច្រើន ដែលមាន​កំណើន​លឿន ជាងគេ​បំផុត នៅក្នុង​តំបន់​អាស៊ី​បូព៌ា​។​

​របាយការណ៍​ដដែល បាន​ផ្សព្វផ្សាយ​ថា មាន​ហានិភ័យ​ជាច្រើន ចំពោះ​ការប្រមើលមើល​នេះ ដោយ​រួមមាន​បញ្ហា ការបន្ត​កើនឡើង នៃ​ប្រាក់​ដុល្លារ ការ​ងើប​ឡើងវិញ ដែលមាន​ល្បឿន​យឺត​ជាង​មុន នៃ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អឺរ៉ុប និង​ផលប៉ះពាល់ ដែលជា​លទ្ធផល នៃ​ការធ្លាក់ចុះ​នៃ សេដ្ឋកិច្ច​របស់​ចិន និង​បញ្ហា​ទីផ្សារពលកម្ម ដែលមាន​សក្តានុពល​។
​បើ​ពិនិត្យមើល​ទៅលើ​មូលដ្ឋាន នៃ​ផលិតកម្ម និង​ការនាំចេញ មាន​ភាព​ចង្អៀត និង​ផ្តោត​តែ​ទៅលើ​ទីផ្សារ​នាំចេញ ទៅ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ប្រទេស​កម្ពុជា គឺ​ប្រឈម​នឹង​ការប្រកួតប្រជែង កាន់តែ​ច្រើនឡើង ដែល​វា​ធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កំណើនសេដ្ឋកិច្ច បន្តិច​ម្តងៗ​។​

​លោក អា​សាន សូ ប្រធាន​គ្រប់គ្រង ធនាគារពិភពលោក ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​ការបង្កើន​វិនិយោគទុន​សាធារណៈ ដើម្បី​ដោះស្រាយ​បញ្ហា ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​បន្ត​កែលម្អ​បរិយាកាស ពាណិជ្ជកម្ម វា​ពិត​ជាមាន​សារសំខាន់​ណាស់ សម្រាប់​កម្ពុជា បន្ត​ការប្រកួតប្រជែង​បាន​។​”

​បន្ទាប់ពី​ការថយចុះ នៅ​ដើមឆ្នាំ ២០១៥ ការនាំចេញ​សម្លៀកបំពាក់ បាន​វិល​មករក​ភាព ល្អប្រសើរ​ឡើងវិញ នៅក្នុង​ឆមាស​ទី​ពីរ ចុងក្រោយ ទទួលបាន​នូវ​កំណើន ១២,៣ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១៤ មានតែ ៩,២ ភាគរយ​។
​វិស័យ​សំណង់ នៅតែ​ជា​ក្បាលម៉ាស៊ីន សម្រាប់​កំណើន​ដ៏​សំខាន់​មួយ នៅក្នុង​ឆ្នាំ ២០១៥ នាំមុខ​ដោយ​ការវិនិយោគ ផ្ទាល់​ពី​បរទេស ដែលមាន​ស្ថេរភាព នៅក្នុង​វិស័យនេះ​។​

​វិស័យ​ទេសចរណ៍ ស្ថិតក្នុង​កម្រិត​មធ្យម ទោះបីជា​វិស័យនេះ មានការ​ងើបឡើង​វិញ នៅក្នុង​ប្រទេសជិតខាង​ក្តី ជាពិសេស​នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម​។ ចំនួន​ភ្ញៀវទេសចរ​សរុប ដែល​បានមក​ទស្សនា​កម្ពុជា នៅក្នុង​ឆ្នាំ ២០១៥ បាន​កើនឡើង​ត្រឹមតែ ៦,១​ភាគរយ (​ចំនួន​ភ្ញៀវ​កើន​ដល់ ៤,៧៨ លាន​នាក់​) បើ​ធៀប​នឹង​ឆ្នាំ ២០១៤ មាន ៦,៩ ភាគរយ​។
​កំណើន​ទិន្នផល​ស្រូវ នៅ​ទាប បណ្តាលមកពី​លក្ខខណ្ឌ អាកាសធាតុ​មិន​អំណោយផល និង​ការធ្លាក់​ថ្លៃ​នៃ​កសិផល បានធ្វើ​ឲ្យ​ប៉ះពាល់ ដល់​កំណើន​នៅក្នុង​វិស័យ​កសិកម្ម​។​

​របាយការណ៍​បច្ចុប្បន្ន​ភាព សេដ្ឋកិច្ចកម្ពុជា បាន​ឆ្លុះបញ្ចាំង​អំពី​ថា តើ​វិស័យ​ហិរញ្ញវត្ថុ បាន​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច នៅ​កម្ពុជា ក្នុង​រយៈពេល​ពីរ បី ឆ្នាំ​កន្លងទៅ បាន​កម្រិតណា​។ ឥណទាន​ក្នុងស្រុក បាន​កើនឡើង​ត្រឹម ២៧ ភាគរយ នៅក្នុង​ឆ្នាំ ២០១៥​។ នៅក្នុង​បរិបទ​នេះ ការពង្រឹង​ការត្រួតពិនិត្យ វិស័យ​ធនាគារ គឺជា​រឿង​សមស្រប ដើម្បី​ថែរក្សា​បាន​នូវ​ស្ថេរភាព និង​និរន្តរភាព​នៃ​ហិរញ្ញវត្ថុ​។ វិធានការ​ជាច្រើន នាពេល​ថ្មីៗ​នេះ ដូចជា ការបង្កើន​លក្ខខណ្ឌ តម្រូវ​ផ្នែក​មូលធន សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​នានា គឺជា​ការអភិវឌ្ឍ ដែល​អាច​ទទួលយកបាន​៕N