វ៉ាន់ នីឡា ​​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រ​សួង​មហា​ផ្ទៃ ក្រោយ​ជន​អនាមិក​ទម្លាយ​រូប​អាក្រាត​នាង លើ Facebook

(ភ្នំពេញ)៖ តារាចម្រៀង ប្រចាំក្នុងផលិតកម្ម ភ្លេងរីខដ កញ្ញា វ៉ាន់ នីឡា បានចូលខ្លួនជួបជាមួយសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅម៉ោងប្រមាណ៤៖៣០នាទី រសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីបំភ្លឺជុំវិញករណីពាក្យបណ្ដឹងរបស់ខ្លួន ដែលបានប្ដឹងរយៈពេលប្រមាណ១ខែមុខ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្វែងរកជនអនាមិក មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ថ្លែងប្រាប់ Khmertalking នៅមុននេះបន្តិច បងប្រុសរបស់តារាចម្រៀង វ៉ាន់ នីឡា គឺកវីនិពន្ធ សុខ ជំនោរ បានបញ្ជាក់ថា នៅពេលនេះលោកបាននាំប្អូនស្រី (កញ្ញា វ៉ាន់ នីឡា) ដើម្បីមកជួបនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺបន្ថែមជុំវិញបណ្ដឹងវែកមុខរក ជនអនាមិកគំរាមទម្លាយរូបភាពរបស់នាង តាមការកោះអញ្ជើញរបស់សមត្ថកិច្ច។ 

លោកបន្តថា ប្អូនស្រីរបស់លោក ពិតជាធ្លាប់មានមនុស្សគំរាម ហើយអ្នកគំរាមរូបនាងនោះ គឺជាកូនមន្រ្តីមានអំណាចធំម្នាក់ នៅក្នុងក្រសួងមហាផ្ទៃនោះតែម្ដង ប៉ុន្តែ វ៉ាន់ នីឡា គឺជាជនរងគ្រោះ ហើយលោក និងប្អូនស្រីកំពុងតែទន្ទឹងរង់ចាំមើល ពីចំណាត់ការរបស់សមត្ថកិច្ច ធ្វើទៅតាមផ្លូវច្បាប់ ព្រោះខាងលោកគ្មានអំណាច គ្មានអាងខ្នងអ្វីទាំងអស់ ពោលគឺពឹងទៅលើច្បាប់ ជាអ្នកផ្ដល់យុត្តិធម៌ទាំងស្រុង ។

សូមបញ្ជាក់ថា តារាចម្រៀង វ៉ាន់ នីឡា បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជនអនាមិក ដែលមានបំណងចង់បញ្ចេញរូបស្រាតរបស់នាង ជាសាធារណៈ រហូតដល់ថ្នាក់នាងបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងទៅកាន់សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីវែករកមុខជនខិលខូចទាំងនោះ។ កន្លងមកកញ្ញា វ៉ាន់ នីឡា ត្រូវបានគេដឹងថា នាងធ្លាប់មានចំណងស្នេហាយ៉ាងស្អិតល្មួត ជាមួយកូនមន្រ្តីពាក់ផ្កាយ៣ម្នាក់ ហើយជារឿយៗពួកគេតែងតែ បង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ឲ្យមហាជនបានឃើញ ។

ប៉ុន្តែភាពផ្អែមល្ហែមនេះ បានប្រែក្លាយទៅជាភាពល្វីងជូរចត់ នៅពេលពួកគេបានផ្ទុះរឿងប្រេះឆាគ្នាឡើង រហូតមានការគំរាមកំហែងថា នឹងទម្លាយរូបអាក្រាតកាយ ទើបតារាចម្រៀង វ៉ាន់ នីឡា ប្រញាប់ប្រញាល់ដាក់ពាក្យប្ដឹង ដើម្បីទប់ស្កាត់ទង្វើអសីលធម៌ ដែលនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសនាងយ៉ាងធ្ងន់ធ្ងរ៕ 

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា  កាលពីថ្ងៃទី៧ ខែមិថុនា កន្លងទៅនេះ តារាចម្រៀងដ៏ស្រស់សោភា កញ្ញា វ៉ានីឡា បានភ័យខ្លាច លើ រឿងរូបអាក្រាតរបស់នាង ដែលត្រូវជនអនាមិកបង្ហោះក្នុងហ្វេសប៊ុក។

តារាចម្រៀងដ៏ស្រស់សោភា កញ្ញា វ៉ានីឡា ឬ សុខ ចិត្តា ជារាជនីប្រចាំផលិតកម្ម ភ្លេងរីខដ នៅតែទទួលបានការគាំទ្រច្រើន ពីអ្នកគាំទ្រតាមរយៈបទ «ស្រលាញ់អ្នកមុន រៀបការអ្នកក្រោយ» ដែលជាស្នាដៃនិពន្ធ របស់បងប្រុសរបស់នាង ។ បើទោះបីជាបងប្រុសរបស់នាង លោក សុខ ជំនោរ បានលើកដៃលាផលិតកម្មនេះ ទៅហើយក៏ដោយ ក៏នាងមិនបានភ័យបារម្ភថា ប្រជាប្រិយភាពនឹង ធ្លាក់ចុះនោះទេ ព្រោះនៅតែមានបទចម្រៀង ច្រៀងជាហូរហែ។

យ៉ាងណាមិញ តារាចម្រៀង វ៉ានីឡា ត្រូវបានគេមើលឃើញថា នាងហាក់ខុសប្លែក ពីតារាចម្រៀងដទៃ ខណៈមានភាពក្លាហាន ហ៊ានបង្ហាញមុខគូស្នេហ៍ ដោយមិនបានលាក់លៀម ដូចអ្នកសិល្បៈដទៃ ព្រោះពួកគេពេលខ្លះមានព័ត៌មាន បែកបាក់នាំឲ្យអាស្រូវ ប៉ុន្តែសម្រាប់ វ៉ានីឡា បានប្រកាសជាសាធារណៈថា នាងមានម្ចាស់បេះដូងហើយ ។ តែមួយរយៈក្រោយមក អ្នកទាំងពីរក៏ប្រកាសថាបែកគ្នា យ៉ាងក្ដែងៗផងដែរ។

ទោះជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា វ៉ានីឡា បានបង្ហោះសារពីបណ្ដាញទំនាក់ទំនង សង្គមរបស់នាងថា៖

នាងខ្ញុំសូមយកឱកាសនេះ ជម្រាបជូនពុកម៉ែបងប្អូន មិត្តអ្នកគាំទ្រ ទាំងអស់នូវ គណនីមួយចំនួន ដែលបានផុសរូបភាពរបស់ខ្ញុំ ដូចខាងក្រោម៖

-រឿងនេះបានកើតឡើងប្រហែល3ខែមកហើយ តាំងពីខ្ញុំបានបញ្ជាក់ជូនទស្សនាវដ្តីមួយ ពីការបែកគ្នារវាងខ្ញុំនិងសង្សារ(គុយសិទ្ធិសក្តិ- ប្រវត្តិពិស្តានិងជម្រាបជូនលើកក្រោយ) ហើយទោះបីមានការចុះផ្សាយជាបន្តបន្ទាប់ថា ខ្ញុំនិងគេនោះជាគ្នាធម្មតា តែនោះមិនមានជាសំដីរបស់ខ្ញុំទេ វាជាសំដីរបស់គេ ក្នុងបំណងលប់លាង រឺបិទបាំងអ្វីមួយ។

-ដោយសារខ្ញុំស្រឡាញ់គេខ្លាំងហើយជឿលើពាក្យលួងលោម ផ្អែមល្ហែម ទើបខ្ញុំលង់និងជឿលើគេ

- ប៉ូលីសព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានទទួលពាក្យបណ្តឹងរបស់ខ្ញុំនិងកំពុងបើកការស្រាវជ្រាវ និងចាប់ជនទុរយសមកផ្តន្ទាទោសតាមច្បាប់ ពីករណីគម្រាមកំហែង ចែកចាយរូប និងអ្នកពាក់ព័ន្ធចែកចាយរូប។ ខ្ញុំជឿជាក់លើច្បាប់និងសមត្ថកិច្ច ថានឹងវែករកជនល្មើសមកផ្តន្ទាទោស ទោះបីគេជាមន្ត្រីប៉ូលីស កូនផ្កាយ កូនអ្នកមាន រស់ក្នុងវីឡាស្កឹមស្កៃក៏ដោយ សូមផ្តល់យុត្តិធម៌ដល់នាងខ្ញុំជាក្មេងទន់ខ្សោយ គ្រួសារក្រីក្រ តូចទាប។

-នាងខ្ញុំសំណូមពរ បងប្អូនក្នុងសង្គមហ្វេសប៊ុគសូមចៀសឆ្ងាយ ពាក់ព័ន្ធនឹងការចែកចាយ រឺ រក្សាទុករូបអាក្រាតរបស់នាងខ្ញុំ និង សូមសំណូមពរ ជួយសហការដើម្បីផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីមានការកោះហៅ។ បងប្អូនដែលមិនពាក់ព័ន្ធ ហើយឃើញគណនីដែលផុស រឺ ចែកចាយ សូមជួយប្រមូលភស្តុតាងមកអោយនាងខ្ញុំផង។

សូមបងប្អូនអធ្យាស្រ័យដល់ទង្វើខ្វះការពិចារណារបស់នាងខ្ញុំកន្លងមកនេះ ។ នេះជាមេរៀននិងរបួសដ៏ឈឺចាប់ជាទីបំផុតរបស់នាងខ្ញុំព្រមទាំងគ្រួសារ។ នាងខ្ញុំនឹងចេញមុខបកស្រាយ តែខណនេះទុកពេល ដើម្បីសមត្ថកិច្ច ធ្វើការ។ ពីនាងខ្ញុំ Vanilla..

បែបនេះ សូមប្រិយមិត្ដជួយគាំទ្រកញ្ញា ដោយជៀសឆ្ងាយ ពីការពាក់ព័ន្ធនឹងការចែកចាយ រឺ រក្សាទុករូបអាក្រាតរបស់នាង ដូចជាការស្នើសុំរបស់នាង។ មួយវិញទៀត នេះជាមេរៀនមួយ ដែលប្រិយមិត្ដទាំងឡាយ ជាពិសេសនារីៗ គួរតែស្វែងយល់ និងជៀសឲ្យឆ្ងាយពីរឿងមួយនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload