ចង់​​ជួយ​​អ្នក គេ​ត្រូវ​​តែ​ពង្រឹង​គុណភាព​​អប់រំ​តាម​​សាលា​​រដ្ឋ

ស្ថានភាព​វិស័យ​អប់រំ​​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​ធ្វើ​ឱ្យ​​អ្នក​ក្រីក្រ​ពិបាក​នឹង​មាន​ជីវភាព​ប្រសើរ​​ជាង​មុន ដោយសារ​តែ​ពួក​គេ​​មិន​អាច​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ដូច​ជា​​កូន​អ្នកមាន ​។

នៅ​​ពេល​ដែល​និយាយ​ដល់​ការ​កសាង​អនាគត​​ដ៏​ភ្លឺស្វាង​មួយ មនុស្ស​ត្រូវ​​មានចំណេះ​ដឹង​ខ្ពស់​ ដើម្បី​ឱ្យ​ពួក​គេ​អាច​រក​ការងារ​​ធ្វើ​បាន​ល្អ​ដែល​នឹង​មាន​ប្រាក់ខែ​ច្រើន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គេ​យល់​ថា ​ស្ថានភាព​វិស័យ​អប់រំ​កម្ពុជា​តាម​សាលា​រដ្ឋ​មាន​គុណ​ភាព​មិន​អាច​ប្រៀប​បាន​នឹង​គុណភាព​នៅ​តាម​សាលា​ឯកជន​ឡើយ​ ។ ​ដូច្នេះ​ហើយ​ បានជា​នៅ​ទីក្រុង​ភ្នំពេញ ឪពុក​ម្តាយ​ជា​ច្រើន​ដែល​មាន​ជីវភាព​ធូរធា​ បានឱ្យ​​កូន​របស់​ពួក​គេ​រៀន​នៅ​សាលា​ឯកជន​​ជា​ជាង​សាលា​រដ្ឋ​ ដោយសារ​ពួក​គេ​ជឿ​ថា​ គុណភាព​អាច​​ល្អ​ជាង​គុណភាព​នៅ​តាម​សាលា​រដ្ឋ​ ។

កូន​​របស់​អ្នកក្រ​ដែល​ឪពុក​ម្តាយ​គ្មាន​សមត្ថភាព​បង់លុយ​ឱ្យ​រៀន​​នៅ​សាលា​ឯកជន​ ក៏​ត្រូវ​រៀន​តាម​សាលា​រដ្ឋ ​។ ដូច្នេះ​ ពួក​គេ​ក៏​ទទួល​​បាន​ចំណេះដឹង​មិនសូវ​ជា​មានគុណ​ភាព​ដូច​កូន​អ្នកមាន ​ដែល​រៀនសូត្រ​តាម​សាលា​ឯកជន​ឡើយ​ ។ នៅ​ពេល​​ដែល​ពួក​​គេ​មាន​ការ​អប់រំ​​ដ៏​កម្រិត​មួយ​​នោះ កូន​អ្នកក្រ​ប្រហែលជា​ពិបាក​​នឹង​រើខ្លួន​ឱ្យ​​ចាកចេញ​ផុត​ពី​ភាព​​ក្រីក្រ​។

ការ​ពង្រឹងគុណភាព​សាលា​រដ្ឋ​នឹង​ជួយឱ្យ​​កូន​អ្នកក្រ​អាច​មាន​ល​ទ្ធភាព​ទទួល​បានការ​អប់រំ​ដូច​កូន​អ្នកមាន ​។ ជាមួយនឹង​ចំណេះ​ដឹង​ប្រកប​ដោយ​គុណភាព ពួក​គេ​នឹង​កាន់តែ​មាន​ឪ​កាស​នៅ​ក្នុង​ការ​ស្វែងរក​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​។

ភាពយឺត​យ៉ាវ​នៅ​ក្នុង​ការ​ពង្រឹងគុណភាព​អប់រំ​តាម​សាលា​រដ្ឋ​នឹង​ធ្វើ​​ឱ្យ​​រដ្ឋាភិបាល​ពិបាក​ នៅ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជា​ជន ​។ ដូច្នេះ​ នៅ​ពេល​ដែល​គេ​​គិតដល់​ការ​កាត់​បន្ថយ​ភាព​​ក្រីក្រ គេ​ត្រូវ​តែ​គិតដល់​ការ​ផ្តល់ឱ​កាស​ដល់​កូន​អ្នកក្រ​ ​ឱ្យ​ទទួល​បានការ​អប់រំ​ ប្រកបដោយ​គុណភាព​ ដែល​គេ​អាច​យកចំណេះ​ទៅ​ស្វែងរ​ការងារ​ ដែល​ទទួល​បាន​ប្រាក់ខែ ​ដែល​អាច​ឱ្យ​​ពួក​គេរ​ស់បាន​សម​រម្យ​ ៕