រូម៉ានី រំពឹងផ្តល់ការខកចិត្តដល់ក្រុមបារាំង នៅរាត្រីនេះ

គ្រូបង្វឹកជើងចាស់របស់ក្រុមជម្រើសជាតិរូម៉ានី លោក Anghel Iordanescu កំពុងតែមានសុទិដ្ឋិនិយមថា ក្រុមរបស់លោកអាចដណ្តើមយកប្រៀបទៅលើភាពទន់ខ្សោយក្នុងតំបន់ការពាររបស់ក្រុមជម្រើសជាតិបារាំង ដើម្បីផ្តល់ការខកចិត្តដល់ក្រុមម្ចាស់ផ្ទះមួយនេះ ក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ នៅរាត្រីនេះ។
Romania-ft16

ការរងរបួសរបស់ខ្សែការពារ Raphael Varane របស់ Real Madrid និង Jeremy Mathieu របស់ក្លិប Barcelona បានធ្វើឲ្យតំបន់ការរបស់បារាំងទន់ខ្សោយ ខណៈដែលពួកគេបានជួបបញ្ហារួចជាស្រេចជាមួយនឹងបញ្ហារបស់ខ្សែការពារ Mamadou Sakho ដែលបានជាប់ពិន័យព្យួរពី UEFA លើករណីប្រើប្រាស់សារធាតុហាមឃាត់។

ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Iordanescu នៅតែព្រួយបារម្ភពីទេពកោសល្យប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមបារាំង របស់លោកគ្រូបង្វឹក Didier Deschamps។ លោក Iordanescu ដែលកំពុងតែកាន់តំណែងជាលើកទី៣របស់លោកក្នុងនាមជាគ្រូបង្វឹករបស់រូម៉ានី បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា៖ «បារាំង ពិតជាមុតស្រួចក្នុងតំបន់ប្រយុទ្ធ។

ខ្ញុំគិតថា បារាំង មានពោរពេញដោយក្រុមកីឡាករដ៏មានទេពកោសល្យ ដោយកីឡាករទាំងអស់សុទ្ធសឹងលេងឲ្យក្រមកំពូលៗក្នុងក្របខ័ណ្ឌ Champions League។ ប៉ុន្តែ បារាំង កំពុងតែជួបបញ្ហាក្នុងតំបន់ការពារ»។ ក្រុមរបស់លោក Deschamps គឺជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមច្រើនក្នុងការឈ្នះពាន Euro នៅលើទឹកដីខ្លួនឯងដូចកាលពីឆ្នាំ១៩៨៤ ដែរ។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕

07.09.11 Romania 0-0 France
10.10.10 France 2-0 Romania
06.09.09 France 1-1 Romania