ខៀវ កាញារីទ្ធ៖ ​បច្ចេកវិទ្យា​ទូរសព្ទ​វិវឌ្ឍ​ន៍​ឥត​ឈប់ឈរ ការ​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បាន​មើល​ឃើញ​ពី​ការរីក​ចម្រើន​​ឥត​ឈប់​ឈរ​​នៃ​​បច្ចេកវិទ្យា​ទូរសព្ទដែលបាន​​ផ្លាស់ប្តូរ​ការ​រស់នៅ​របស់​ពលរដ្ឋ​ ស្រប​ពេល​​​ដែល​ទី​ផ្សារ​​ទូរ​សព្ទ​ ក៏​មាន​ការ​​រីក​ចម្រើន​យ៉ាង​សម្បើម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

 

ខៀវ កាញារីទ្ធ៖ ​បច្ចេកវិទ្យា​ទូរសព្ទ​វិវឌ្ឍ​ន៍​ឥត​ឈប់ឈរ ការ​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង

 

លោក​រដ្ឋមន្ត្រី​ ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ក្នុង​ពេល​ជួប​សំណេះ​សំណាល​ការងារ​ជាមួយ​តំណាង​​​បុគ្គលិក​ជាន់​ខ្ពស់​​ក្រុមហ៊ុន Huawei កាល​ពី​ម្សិលមិញ​​ថា បច្ចេកវិទ្យា​ទូរសព្ទ​ឈាន​ដល់​កំពូល​។ ​ក្រៅ​ពី​ប្រើ​សម្រាប់​ការ​ហៅ​ទំនាក់ទំនង​ប្រចាំ​ថ្ងៃ ទូរសព្ទ​បាន​ក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​​សម្រាប់​អាជីវកម្ម​ ដូចជា​ការ​ប្រើប្រាស់​ទិញ​ទំនិញ​ រហូត​ដល់​ទូរសព្ទ​ទំនើប​ខ្លះ​អាចប្រើ​មុខងារ​ជា​ម៉ាស៊ីន​​ថតរូបមិន​ចាញ់​​កាមេរ៉ា​អាជីព​។

 

លោក​បាន​​​ចាប់​អារម្មណ៍​​​ដែល​​​ក្រុមហ៊ុន Huawei បាន​​ឈាន​ទៅ​សហការ​ជាមួយ​ក្រុមហ៊ុន​ Leica ក្នុង​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​កាមេរ៉ា​​​លើ​ទូរសព្ទ។

 

លោក​ថា Leica ជា​ក្រុមហ៊ុន​ល្បីល្បាញ​ខាង​ផលិត​កាមេរ៉ា ដោយ​គេ​ប្រៀប Leica ជា Rolls-Royce នៃ​ម៉ាស៊ីន​ថត។ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​របស់​ក្រុមហ៊ុន​នេះ​ជា​ការវិវឌ្ឍន៍​ថ្មី​ចុងក្រោយ​មួយ​ទៀត នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា​លើ​ទូរសព្ទ។

 

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ធំៗ​​មិន​ថា Apple, Samsung, Huawei បាន​ខិតខំ​ក្នុង​ការ​រុក​រក​បច្ចេកវិទ្យា​ថ្មីៗ​បំពាក់​លើ​ទូរសព្ទ​របស់​ខ្លួន ដើម្បី​​បំពេញ​តម្រូវការ​និង​ការ​ចង់​បាន​របស់​អ្នក​គាំទ្រ​ និងឈាន​មុខ​លើ​គូ​​ប្រកួតប្រជែង។

 

លោក​ឯម យុទ្ធូ ប្រធាន​ទំនាក់ទំនង​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Huawei បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា​ទូរសព្ទ​របស់ Huawei តែងតែ​មាន​ការអភិវឌ្ឍន៍​ផ្លាស់ប្ដូរ​ថ្មី​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

 

លោក​បាន​លើក​ឡើង​ពី​ទូរសព្ទ​ម៉ូដែល​ចុងក្រោយ P9 ដែល​​ក្រុមហ៊ុន​បាន​​អភិវឌ្ឍន៍​លើ​បច្ចេកវិទ្យា​កាមេរ៉ា​ ដែល​នឹង​នាំ​សករាជ​ថ្មី​សម្រាប់​អ្នក​ចូលចិត្ត​ថត​រូប។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា