ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ

ល្ខោនខោល ឬរបាំពាក់របាំងមុខ គឺជាទម្រង់ល្ខោនបុរាណមួយប្រភេទ ដែលមានវ័យចំណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ និងត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានចាប់កំណើតតាំងពីយូរណាស់មកហើយ។

ទម្រង់លក្ខណៈ នៃការសម្តែងល្ខោនខោលជាទូទៅ បង្ហាញអំពីរឿងរាមាយណៈរបស់ឥណ្ឌាតែមួយគត់។ ឥទ្ធិពលនៃរឿងរាមាយណៈឥណ្ឌាកាលពីសម័យមុន ត្រូវបានផ្សព្វផ្សាយនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ មិនថាតែ កម្ពុជា ថៃ ឡាវ វៀតណាម ភូមា ឥណ្ឌូនេស៊ី ឬម៉ាឡេស៊ីទេ គឺសុទ្ធតែបានទទួលឥទ្ធិពលនៃរឿងនេះទាំងអស់។ ទាក់ទងទៅនឹងរឿងរាមាយណៈនេះ ប្រទេសខ្មែរយើងបានយកមកនិពន្ធសាជាថ្មី ដោយដាក់ចំណងជើងថា រឿងរាមកេរ្តិ៍ ហើយក៏បានលើកយកមកចែកចាយជូនអ្នកទស្សនាតាមរយៈការសម្តែងជាទម្រង់ល្ខោនខោលភាគច្រើន។

រីឯប្រទេសថៃវិញក៏ដូច្នេះដែរ គឺគេបានលើកយកល្ខោនខោលនេះ (ដែលថៃហៅថា ខុន) មកធ្វើការសម្តែងជាឈុតឆាកខ្លីៗ ស្តីអំពីរឿងរាមាយណៈ (ថៃយកមកសរសេរ ដោយដាក់ឈ្មោះហៅថា រាមៈកៀន)។ ហេតុដូច្នេះទើបទាំងប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសថៃ មាននូវសិល្បៈបុរាណល្ខោននេះដូចគ្នា។ ប៉ុន្តែការស្លៀកពាក់ តុបតែងខ្លួន និងសិល្បៈនៃការសម្តែងមិនដូចគ្នាឡើយ។

១. ល្ខោនខោលខ្មែរ មានឈ្មោះពីរផ្សេងទៀត ដែលខ្មែរយើងតែងតែហៅថា របាំពាក់របាំងមុខ ឬល្ខោនប្រុស (នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបកស្រាយប្រាប់ថា ពាក្យខោល សំដៅដល់ពួកល្ខោនប្រុសក្នុងរឿងរាមកេរ្តិ៍)។ ឯលោកហ្សកសឺដេស បានប្រាប់នៅក្នុងកម្រងសិក្សាកថារបស់គាត់ដែរថា ល្ខោនខោល គឺជាល្ខោននៃរបាំស្វា។ ល្ខោនខោលត្រូវបានប្រទេសកម្ពុជាយើងលើកមកសម្តែងតាំងពីស.វទី៩ មកម្ល៉េះ ដោយគេឃើញមានរូបចម្លាក់ឆ្លាក់ជាប់នៅលើប្រាសាទអង្គរវត្តជាភស្តុតាង។ បើនិយាយពីការសម្តែងល្ខោនខោលខ្មែរវិញ តម្រូវឱ្យតួអង្គទាំងអស់ហាមមិនឱ្យតួអង្គនិយាយគ្នា  ឬច្រៀងបទចម្រៀងអ្វីនោះទេ ដោយគ្រាន់តែធ្វើកាយវិការទៅតាមបទភ្លេង  អ្នកពោល  និងអ្នកដឹកនាំរឿងនៅខាងក្រោយតែប៉ុណ្ណោះ។  ចំណែកឯវត្ថុដែលមិនអាចខ្វះបាន នៅក្នុងការសម្តែងគឺ «របាំងមុខ»។ សូមចំណាំថា ល្ខោនខោល ឬល្ខោនពាក់មុខ ឬល្ខោនប្រុស ជាទម្រង់សិល្បៈសក្ការៈមួយដែល៖

- អ្នកសម្តែងទាំងអស់ជាមនុស្សប្រុស ទោះបីត្រូវសម្តែងជាតួស្រីក៏ដោយ

- ការសម្តែងត្រូវពាក់របាំងមុខទាំងអស់លើកលែងតែតួស្រី

- អ្នកសម្តែងមិនអាចបង្ហើបមុខនិយាយប្រាប់ពីសាច់រឿងបានទេ ត្រូវតែបង្ហាញភាសាក្បាច់តាមរយៈអ្នកពោលបរិយាយដំណើររឿង

- ភ្លេងប្រគុំជូនគឺភ្លេងពិណពាទ្យ

- ការបរិយាយដំណើរសាច់រឿងដោយពោលនិងស្មូត

- អាចសម្តែងបានតែរឿងរាមកេរ្តិ៍  ឬនិយាយពីអវតាព្រះជាម្ចាស់ប៉ុណ្ណោះ។

# សម្លៀកបំពាក់តួប្រុស និងតួស្រីនៅក្នុងល្ខោនខោលខ្មែរ

ទម្រង់ល្ខោនខោល  ជាទម្រង់ដែលមានសុទ្ធតែសិល្បករប្រុសៗជាអ្នករាំ ទោះមានតួអង្គស្រីក៏ដោយ   ព្រោះថានៅសម័យមុន ដោយសារតែសាសនាព្រះពុទ្ធមានវិបត្តិជាមួយសាសនាព្រាហ្មណ៍។   កាលពីក្នុង រជ្ជកាលព្រះបាទជ័យវរ្ម័នទី៨ ពួកព្រាហ្មណ៍ មានការខឹងសម្បារនឹងពុទ្ធសាសនាយ៉ាងខ្លាំង  ដោយមានការរីកចំរើនជាងសាសនាខ្លួន។  ពួកមន្រ្តីនាម៉ឺនតូចធំ ក៏បានបង្ខំស្នេហាទេវ ទាសី នៅក្នុងវាំងព្រមទាំងបានបំផ្លាញរូបសំណាក់ព្រះពុទ្ធជាច្រើនផង។ កត្តានេះធ្វើឱ្យគ្រូបង្ហាត់របាំគិតថា មិនអាចនឹងយកស្រីៗទាំងនោះ មករាំបានទេ ព្រោះការសម្តែងរឿងទេវ ទាមទារតែនារីដែលបរិសុទ្ធប៉ុណ្ណោះ។  ចាប់តាំងពីពេលនោះមក សូម្បីតែតួអង្គស្រី ដូចជាតួនាងសីតា នាងមណ្ឌោគិរី  នាងបុញ្ញកាយ  ឬនាងសុវណ្ណមច្ឆា  គឺសុទ្ធតែជាប្រុសទាំងអស់។ ល្ខោនខោលគេកំណត់លេង ចំពោះតែរឿងដែលមានទាក់ទងនឹងព្រះអង្គម្ចាស់ ដូចជាព្រះឥសូរ  និងព្រះនារាយណ៍ ជាដើម ដែលជាព្រះក្នុងសេយ្យសាស្ត្រ គឺលេងរឿងអវតា «បែងភាគ» របស់ព្រះជាម្ចាស់ដូចរឿងរាមកេរ្តិ៍នោះ សឹងជាប្រវត្តិរបស់ព្រះជាម្ចាស់ប្រកាសកិត្តិគុណ សេចក្តីខ្លាំងពូកែ និងភាពក្លាហានដែលព្រះជាម្ចាស់បានបែងភាគចុះមក។  ដូចយ៉ាងព្រះរាមតាមក្បួនថា លេងរឿងដូច្នេះជាហេតុនាំឱ្យកើតមង្គលសួស្តី ដល់អ្នកលេង  និងជាទីប្រោសប្រាណរបស់ព្រះជាម្ចាស់ ទើបគេនិយមលេងមកដល់ឥឡូវនេះ»។

# តួអង្គព្រះរាម (មុខខៀវ) នាងសីតា និងព្រះល័ក្ខណ៍នៅក្នុងការសម្តែង

ភាគច្រើននៃការសម្តែងល្ខោនខោល គេច្រើនប្រារព្ធឡើងក្នុងពិធីត្រស្តិសង្ក្រាន្ត (ពិធីផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មី) គឺគេរាំដើម្បីបំបាត់ឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយសុំទេវតាឆ្នាំថ្មី និងវត្ថុសក្តិសិទ្ធិទាំងអស់ ជួយប្រទានស័ព្ទសាធុការពរ សេចក្តីសុខចម្រើន សិរីសួស្តី ជ័យមង្គល សុំឱ្យបានប្រកបនឹងសុភមង្គល និងសំបូររុងរឿងក្នុងជីវភាពរបស់ប្រជាជនកម្ពុជា។ មានពេលខ្លះ ពេលដែលស្រុកទេសជួបវិបត្តិគ្រោះរាំងស្ងួត គេក៏រាំល្ខោនខោល ដើម្បីសុំទឹកភ្លៀងផងដែរ។

២. ល្ខោនខុនថៃ៖ របាំល្ខោនស្បែកមុខ ដែលត្រូវបានថៃហៅថាខុននេះ ត្រូវបានសម្ដែងលើកដំបូង ក្នុងសម័យអាណាចក្រអយុធ្យា មុនស.វទី១៦ (មានចម្លាក់ពីល្ខោនខុននេះ នៅតាមតំបន់បុរាណវិទ្យាមួយចំនួន)។  របាំនេះជាប្រភេទល្ខោនដែលសម្តែងទៅតាមឈុតដកស្រង់ ចេញពីរឿងហិណ្ឌូរាមាយាណៈ (Ramayana) ត្រង់វគ្គចម្បាំងរវាង  ព្រះរាម ដែលជាអវតារបស់ព្រះវិស្ណុ  ជាមួយនឹង Ramana ដែលលួចមហេសីព្រះអង្គជាដើម។  រឿងរាមាយាណៈ បែបថៃត្រូវបានរៀបរាប់តាមរយៈការសម្ដែងល្ខោនខុន  ដែលតួអង្គស្លៀកពាក់ប្រពៃណីបុរាណ មានពាក់ស្បែក  មុខប្រើកាយវិការរាំបង្ហាញពីអារម្មណ៍  និងសកម្មភាពផ្សេងៗ។ 

# សម្លៀកបំពាក់ និងការសម្តែងខុនថៃ

តាមរឿងព្រេងពីបុរាណរបស់ថៃ បានរៀបរាប់ឱ្យដឹងថា  កាលពីដើមល្ខោនខុននេះ ជាល្ខោនហ្លួង ដែលមានសម្តែងជាប្រចាំ តែនៅក្នុងព្រះបរមរាជវាំងប៉ុណ្ណោះ ហើយចំណែកឯតួអង្គ ដែលត្រូវបានជ្រើសមកហ្វឹកហាត់រៀនរបាំល្ខោនខុនទៀតសោត ត្រូវតែជាបណ្តាមនុស្ស ដែលមានឋានៈ បុណ្យសក្តិខ្ពង់ខ្ពស់  គឺមិនអនុញ្ញាត្តិឱ្យប្រជារាស្រ្តសាមញ្ញ  ឬអ្នកដែលមានឋានៈតូចទាប ធ្វើការហ្វឹកហាត់  និងសម្តែងទេ។ រហូតមកដល់សម័យរតនកូស៊ីន  ពពួកមហាត្លឹក  និងបុត្រស្តេចដែលបានទទួលការហ្វឹកហាត់ សម្តែងល្ខោនខុននៅក្នុងព្រះរាជវាំង  ឃើញថាមានភាពក្លាហានច្រើននៅក្នុងការច្បាំងធ្វើសឹកសង្រ្គាម  ទើបមានរាជអនុញ្ញាតពីព្រះរាជា ឱ្យរាស្រ្តសាមញ្ញ ដូចជាកម្លោះៗ អាចហាត់រាំបានដោយរក្សានូវក្បាច់សិល្បៈតាមទម្រង់ដើម។ វិធីសម្តែងខុនថៃ បានយកលំនាំការលេងតាមបែបនាងនាគ  ការប្រកួតដាវ  និងបង្ហាញពីសិល្បៈនៃការចរចាគ្នាជាដើម។ ល្ខោនខុនថៃមាន៥ប្រភេទគឺ៖

១. ខុនលេងនៅកណ្តាលវាល៖ គឺជាទ្រង់ល្ខោនមួយបែប ដែលលេងនៅលើទីដីវាល ដោយគ្មានសង់រោង ឬសាលាធ្វីទាំងអស់។ 

២.  ខុនលេងនៅក្នុងរោងធម្មតា៖ អ្នកសម្តែងអាចលេងបានធម្មតា នៅក្នុងរោងសម្តែង ដោយមានអ្នកទស្សនាឈរមើលពីខាងក្រៅ។

៣.  ខុនលើឆាកខាងក្រៅ៖  មានសភាពដូចជាការសម្តែងផ្ទាំងទស្សនីយភាពមួយដ៏ល្អ ដោយអ្នកសម្តែងឈរសម្តែង នៅលើឆាក ដែលគេបានរៀបចំតុបតែងទុករួចជាស្រេច។

៤. ខុននៅក្នុងមហោស្រព៖ គឺអ្នកសម្តែងទាំងអស់ ត្រូវបញ្ចេញនូវទេពកោសល្យរបស់ខ្លួននៅលើឆាកមហោស្របតន្ត្រី  ឬមហោស្រពសិល្បៈណាមួយ ដែលមានអ្នកមើលយ៉ាងច្រើនកុះករ។

៥. ខុនឆាក៖  ចាប់ផ្តើមសម្តែងតាំងពីសម័យរជ្ជកាលទី៥ ដោយមានអ្នកគិតសាងឆាកឡើងសម្រាប់ផ្លាស់ប្តូរទៅតាមឈុតឆាក នៃការសម្តែងក្នុងផ្ទៃសាច់រឿងទាំងមូល។ ការសម្តែងនៅលើឆាកនេះ ច្រើនប្រារព្ធធ្វើឡើងនៅក្នុងព្រះមរបរាជវាំងថ្វាយស្តេចទត ដោយភាគច្រើនទាំងតួសម្តែង និ ងការរៀបចំឆាកត្រូវមានភាពប្រណិតឥតខ្ចោះ។

ដូច្នេះមិនថាទាំងខ្មែរយើង  និងថៃទេ សុទ្ធតែមានសិល្បៈ ប្រចាំតំបន់តែរៀងៗខ្លួន។ ការថែរក្សាសម្បត្តិវប្បធម៌របស់ជាតិ  គឺស្មើនឹងការចូលរួមជួយអភិវឌ្ឍន៍ជាតិយើងយ៉ាងដូច្នោះដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ

ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ

ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ

ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ

ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ

ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ

ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ

ភាពខុសគ្នា រវាងល្ខោនខោលខ្មែរ និងល្ខោនខុនថៃ