ម្តាយមីង​និង​ក្មួយ​ស្រី​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ សង្ស័យ​ពុល​ភេសជ្ជៈ​កញ្ចប់

ម្តាយមីង​និង​ក្មួយ​ស្រី​ស្លាប់​ក្នុង​ថ្ងៃ​តែ​មួយ សង្ស័យ​ពុល​ភេសជ្ជៈ​កញ្ចប់



ខេត្តក្រចេះ ៖ មន្ត្រី​នគរបាល​ស្រុក​ឆ្លូង លោក ឌួ​ង សុ​ទ្ធី បាន​ថ្លែង​នៅ​រសៀល​ថ្ងៃ​ម្សិលមិញ​​នេះ​​ថា ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់​នេះ ម្តាយមីង​ឈ្មោះ ដួង ពិ អាយុ​៥៣​ឆ្នាំ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ឯ​ក្មួយ​ស្រី​ឈ្មោះ ប្រាក់ ហឿ​ង អាយុ​៣៦​ឆ្នាំ បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​រយៈពេល​ជាង​កន្លះ​ម៉ោង​នៅមន្ទីរពេទ្យ​ឆ្លូង ។

ទោះបីជា​បែប​ណា ការ​ស្លាប់​របស់​ម្តាយមីង និង​ក្មួយ​ស្រី​ជា​បន្តបន្ទាប់​នេះ ក្រុម​គ្រូពេទ្យ​មិន​ទាន់​បាន​កំណត់​ថា បណ្តាល​មក​ពី​ការ​ពុល ឬ​ក៏​យ៉ាងណា​នោះ​ទេ ព្រោះតែ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ មាន​អាការ​ធ្ងន់​ខ្លាំង និង​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ ។

សូម​បញ្ជាក់​ថា មានការ​ភ្ញាក់ផ្អើល​របស់​អ្នក​ភូមិ​មួយ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ២០១៦ បន្ទាប់​មាន​អ្នក​ក្នុងភូមិ​២​នាក់ ដែល​ជា​ម្តាយមីង​និង​ក្មួយ​ស្រី បាន​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ដោយ​អាការ​ដូច​គ្នា ។ អ្នក​ភូមិ​ស្រែ​ស្តេច ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ​បាន​ដាក់​ការ​សន្និដ្ឋាន​ថា ការ​ស្លាប់​ជា​បន្តបន្ទាប់​គ្នា​របស់​អ្នក​ភូមិ​២​នាក់​ដែល​ជា​ម្តាយមីង និង​ក្មួយ​ស្រី អាច​បណ្តាល​មក​ពី​ពុល​ទឹក​ភេសជ្ជៈ​កញ្ចប់ ព្រោះ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​មាន​អាការ​មិន​ស្រួលខ្លួន​ក្រោយ​ពេល បាន​ទទួលទាន​ភេសជ្ជៈ​កញ្ចប់ ដោយ​ទន់ដៃទន់ជើង​ណែន​ដើមទ្រូង និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង ។

ប្រធានមន្ទីរពេទ្យ​បង្អែក​ឆ្លូង​លោក ប៊ិ​ន បុ​ណ្ណា​វេ​ត ថ្លែង​ថា គ្រូពេទ្យ​បាន​យក​សំណាក​ភេសជ្ជៈ​ដែល​នៅ​សល់​ទៅ​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ ហើយ​ក្រោយ​ពី​មានការ​សន្និដ្ឋាន​ពី​ក្រុម​គ្រួសារ​របស់​ស្ត្រី​រង​គ្រោះ​ថា ការ​ស្លាប់​របស់​ស្ត្រី​ទាំង​ពីរ​នាក់ ផ្តើម​ចេញពី​ការ​ពុល​ភេសជ្ជៈ​កញ្ចប់ ដែល​អ្នក​និយម​ហូប​នោះ​និយាយ​ថា ភេសជ្ជៈ​កញ្ចប់​នេះ​មាន​រសជាតិ​ផ្សេង​ៗ​គ្នា​ដូច​ជា ទឹកក្រូច ទឹក​គូលែន ទឹក​ទៀប​បាំង ឬ​ទំ​ពាំ​បាយ​ជូរ ដែល​អ្នកលក់​បាន​ក្លា​ស្សេ​ក្នុង​ធុង​ទឹកកក ។ តែ​ទោះជា​យ៉ាងណា លទ្ធផល​មិន​ទាន់​មាននៅ​ឡើយ​ទេ ។

បើ​តាម​ការ​លើក​ ឡើង​របស់​សាច់ញាតិ​ស្ត្រី​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ស្ត្រី​រង​គ្រោះ​ឈ្មោះ ដួង ពិ ពេល​ត្រឡប់​ពី​បត់ជើង​បាន​ប្រាប់​ថា រូប​គាត់​វិលមុខ​ចង់​ក្អួតចង្អោរ ក៏​បាន​កោសខ្យល់​និង​ទិញ​ថ្នាំ​វិលមុខ​មក​លេប ។ ក្រោយ​ពី​លេបថ្នាំ​និង​កោសខ្យល់ ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​កូន​ទៅ​ទិញ​ទឹក​ផ្លែ​ឈើ​ពី​ផ្ទះ​លក់​គ្រឿងទេស​មួយ ក្នុងភូមិ​យក​មក​ហូប បន្តិច​ក្រោយមក​ស្រាប់តែ​វិលមុខ​ទន់ដៃទន់ជើង​កាន់តែ​ខ្លាំង និង​បាន​ស្លាប់​ពេល​បញ្ជូន​មក​មន្ទីរពេទ្យ ។

ចំណែកឯ​ក្មួយ​ស្រី​ ឈ្មោះ ប្រាក់ ហឿ​ង ត្រូវ​បាន​សាច់ញាតិ​និយាយ​ថា មុន​ពេល​ចេញ​ទៅ​ចម្ការ​ស្ត្រី​រង​គ្រោះ​កើត​មាន​អ​ការ​វិលមុខ និង​បាន​កោសខ្យល់ ហើយ​ក៏​ប្រើ​កូន​ឲ្យ​ទៅ​ទិញ​ភេសជ្ជៈ​កញ្ចប់​ពី​ផ្ទះ​លក់​គ្រឿងទេស​នៅ ក្នុងភូមិ​ដដែល​មក​ទទួលទាន​អស់​២​កញ្ចប់ ស្រាប់តែ​វិលមុខ​ខ្លាំង ទន់ដៃទន់ជើង និង​បាន​ស្លាប់​ពេល​កំពុង​ទទួល​ការ​សង្គ្រោះ ។

ជាមួយនឹង ​ការ​ស្លាប់​របស់​ពីរ​នាក់​ម្តាយមីង​និង​ក្មួយ​ស្រី​នៅ​ភូមិ​ជាមួយ​គ្នា និង​នៅផ្ទះ​ក្បែរ​គ្នា​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​កំណត់​ថា បណ្តាល​មក​ពី​សារធាតុពុល ឬ​ក៏​យ៉ាងណា​នោះ​ទេ បើ​ទោះជា​មានការ​លើក​ហេតុផល​ពី​ការ​ពុល​ភេសជ្ជៈ​កញ្ចប់​ដោយ​អ្នក​ភូមិ យ៉ាងណា​ក្តី ។

លោក​អធិការ​នគរបាល​ស្រុក​ឆ្លូង​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ចុះ​ស្រាវជ្រាវ និង​ប្រមូល​សំណាក​សង្ស័យ​ថា មាន​សារធាតុ​ពុល ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៅ​ធ្វើ​កោសល្យវិច័យ បន្ថែម​ទៀត​៕