ក្រុមហ៊ុន រ័ត្ន សា​ខន បន្ត​ឈូសឆាយ​ដីព្រៃ​ត្រៀម​បម្រុង​របស់​សហគមន៍​ក្នុងស្រុក​លំផាត់ យ៉ាង​គឃ្លើន​

ប្រភពពី​ជនជាតិដើម​ភាគតិច​នៅ​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន រ័ត្ន សា​ខន ដែលមាន​ម្ចាស់​ជា​ជនជាតិ​យួន បានធ្វើ​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ត្រៀម​បម្រុង​របស់​សហគមន៍​នៅពេល​យប់ ដើម្បី​ពង្រីក​ផ្ទៃដី​សម្បទាន​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន រ័ត្ន សា​ខន កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​និង​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុងភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា យ៉ាង​ពេញបន្ទុក​។ ជនជាតិដើម​ភាគតិច​ក្នុងភូមិ​សមុទ្រ​លើ បាន​អំពាវនាវ​ឲ្យ​លោក ថង សាវុន ជា​អភិបាល​ខេត្តរតនគិរី ទប់ស្កាត់​សកម្មភាព​របស់​ក្រុមហ៊ុន រ័ត្ន សា​ខន ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ក្រុមហ៊ុន​នេះ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ភូមិ​សមុទ្រ​លើ បាន​ឲ្យ​ដឹងថា ដីព្រៃ​បម្រុង​ទុក​ជាង​៣០​ហិកតា​បន្ថែមទៀត​ត្រូវបាន​ក្រុមហ៊ុន រ័ត្ន សា​ខន មាន​ម្ចាស់​ជា​ជនជាតិ​យួន​ឈូសឆាយ បន្ទាប់ពី​អ្នកភូមិ​ធ្លាប់​តវ៉ា​នាពេល​កន្លងមក​មិន​ឲ្យ​ក្រុមហ៊ុន​នេះ​ឈូសឆាយ​ទៅលើ​ដីព្រៃ​ត្រៀម​បម្រុង​របស់​ប្រជា​សហគមន៍​។ តំណាង​សហគមន៍​បាន​ឲ្យ​ដឹងថា សកម្មភាព​ឈូសឆាយ​បំផ្លាញ​ព្រៃ​បម្រុង​ទុក​នោះ គឺ​ក្រុមហ៊ុន រ័ត្ន សា​ខន បាន​បំពាន​លើ​កិច្ចពិភាក្សា​រវាង​តំណាង​ក្រុមហ៊ុន​និង​មន្ត្រី​សង្គម​ស៊ីវិល ដែល​បាន​ព្យាយាម​ដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​។ មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាមដាន​ករណីនេះ បាន​ឲ្យ​ដឹងថា​ចាប់ពី​ដើមខែ​ឧសភា រហូតដល់​ពេលនេះ​ក្រុមហ៊ុន រ័ត្ន សា​ខន បាន​លួច​ឈូសឆាយ​ដីព្រៃ​អស់​ប្រមាណ​៣០​ហិកតា​ដោយ​ធ្វើ​សកម្មភាព​ចាប់ពី​ម៉ោង​៧​រហូតដល់​ម៉ោង​១២​យប់​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​សេ​ដា បាន​ឲ្យ​ដឹងថា អ្នកភូមិ​បាន​ប្ដឹង​មក​អាជ្ញាធរ​ឃុំ ហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ បាន​ចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ​និង​រកឃើញថា​ក្រុមហ៊ុន រ័ត្ន សា​ខន ពិតជា​បាន​ឈូសឆាយ​ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​ដោយ​បំផ្លាញ​ដីព្រៃ​បម្រុង​ទុក​របស់​ប្រជា​សហគមន៍​ភូមិ​សមុទ្រ​លើ ប្រមាណ​៣០​ហិកតា​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្លាប់​ចូលរួម​ដោះស្រាយ​បញ្ហាដីធ្លី​ខាងលើនេះ បាន​រិះគន់ថា​ក្រុមហ៊ុន រ័ត្ន សា​ខន បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នៃ​ការសម្របសម្រួល​របស់​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាងនេះទៅទៀត​គឺ​បាន​រំលោភបំពាន​ទៅលើ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ជា​បន្តបន្ទាប់​។ ប្រការនេះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី គួរ​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់ ព្រោះ​សកម្មភាព​របស់​ក្រុមហ៊ុន រ័ត្ន សា​ខន នាពេល​ថ្មីៗ​កន្លងទៅនេះ​កំពុង​ធ្វើ​ឲ្យ​ការដោះស្រាយ​ទំនាស់​ដីធ្លី​ក្នុង​ឃុំ​សេ​ដា មាន​សភាព​កាន់តែ​ស្មុគស្មាញ​ថែមទៀត​៕

photo_2016-03-08_08-26-20លោក ថង សាវុន អភិបាលខេត្តរតនគិរី  580ddfd9-e02a-4353-b726-5bf21263f329