រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិ​​​ធម៌​​​រិះ​​​គន់​​​ពហិការ​​​របស់​​​តំណាង​​​រាស្ត្រ​​​បក្ស​​​ប្រឆាំង​​​

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចូលបំភ្លឺទាក់ទងនឹងការអនុវត្តច្បាប់នៅឯការប្រជុំសភាពេញអង្គនៅថ្ងៃនេះ ដោយរិះគន់ចំពោះពហិការមិនចូលរួមប្រជុំរបស់គណបក្សប្រឆាំងដែលបានស្នើឲ្យលោកចូលឆ្លើយ។ គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការមិនចូលប្រជុំសភាដោយមិនមានពេលកំណត់កាលពីខែមុន ក្នុងពេលដែលមានបណ្តឹងផ្លូវច្បាប់ជាច្រើនប្រឆាំងនឹងតំណាងរាស្រ្តរបស់ខ្លួន។ លោក វង្សវឌ្ឍានា បានមានប្រសាសន៍ថា “ជារឿងដែលខ្ញុំមានការភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់ដែលតំណាងរាស្ត្រទាំង១៦រូបដែលតាំងសំណួរឲ្យខ្ញុំឆ្លើយនៅពេលនេះ បែរជាអវត្តមានមិនសមហេតុសមផល គ្មានការទទួលខុសត្រូវ”។ លោក វង្សវឌ្ឍានាបានអានចម្លើយទាក់ទងនឹងការអនុវត្តច្បាប់ប្រែហល២០នាទី ដោយមានវត្តមានតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា៥៩រូប ប៉ុន្តែមិនមានការលើកឡើងជាសំណួរទេ។ លោកបានមានប្រសាសន៍ថា “ការមិនមានការទទួលខុសត្រូវរបស់តំណាងរាស្ត្រទាំង១៦រូបមិនបានឲ្យតម្លៃដល់សំណួរខ្លួនឯងផង មិនគោរពស្ថាប័នរដ្ឋសភាផង ដែលជាស្ថាប័នកំពូលរបស់ជាតិ និងមិនគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”។ លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា រដ្ឋសភាបានធ្វើអ្វីគ្រប់យ៉ាង គឺស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់រដ្ឋចូលជាធរមាន៕       © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិ​​​ធម៌​​​រិះ​​​គន់​​​ពហិការ​​​របស់​​​តំណាង​​​រាស្ត្រ​​​បក្ស​​​ប្រឆាំង​​​ appeared first on The Cambodia Daily.