សភា​អឺរ៉ុប​បារម្ភ​អំពី​បរិយាកាស​តានតឹង​ផ្នែក​នយោបាយ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

សភា​អឺរ៉ុប សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​បរិយាកាស​តានតឹង​ជុំវិញ​ការ​ធ្វើ​ទុក្ខបុកម្នេញ​សកម្មជន​គណបក្ស​នយោបាយ និង​សិទ្ធិមនុស្ស។

សេចក្ដី​ថ្លែងការណ៍​របស់​សភា​អឺរ៉ុប ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា បញ្ជាក់​ថា សមាជិក​សភា​អឺរ៉ុប​ថ្កោលទោស​អំពើ​ហិង្សា ការ​ចោទ​ប្រកាន់​លក្ខណៈ​នយោបាយ ការ​ឃាត់​ខ្លួន ការ​សាកសួរ​ការ​កាត់​ទោស និង​ផ្ដន្ទាទោស​យ៉ាង​អនាធិបតេយ្យ។

សភា​អឺរ៉ុប ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា ត្រូវ​ទម្លាក់​ចោល​ដីកា និង​ការ​ចោទ​ប្រកាន់​ករណី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ សកម្មជន​គណបក្ស​ប្រឆាំង និង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ៥​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ។

រាល់​សកម្មជន​គណបក្ស​នយោបាយ និង​សិទ្ធិ​មនុស្ស​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ការងារ​ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ភ័យខ្លាច និង​ការ​ធ្វើ​ទុក្ខបុកម្នេញ។ សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា សហគមន៍​អឺរ៉ុប​ជា​ប្រទេស​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា ដ៏​ធំ​មួយ ដែល​បាន​ផ្ដល់​ជំនួយ និង​បន្ត​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ប្រមាណ ៤១០​លាន​អឺរ៉ូ ចាប់​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២០។

តំណាងរាស្ត្រ​សភា​អឺរ៉ុប ព្រមាន​ថា ជំនួយ​របស់​សហគមន៍​អឺរ៉ុប​នឹង​អាស្រ័យ​ទៅ​លើ​ភាព​ប្រសើរ​ឡើង​វិញ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

សភា​អឺរ៉ុប ក៏​ស្នើ​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ទាំង​អស់​ត្រូវ​កំណត់​លក្ខខណ្ឌ​ឲ្យ​ច្បាស់លាស់​សម្រាប់​កម្ពុជា ក្នុង​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨ ខាង​មុខ គឺ​កម្ពុជា ត្រូវ​គោរព​ស្រប​តាម​ច្បាប់​អន្តរជាតិ​ស្តីពី​សិទ្ធិ សេរីភាព​បញ្ចេញ​មតិ ការ​ប្រមូលផ្ដុំ និង​សមាគម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។