កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​ព័ត៌មាន​វិទ្យា​ ទាញ​វិនិយោគ​ពាន់​លាន​ដុល្លារ​​ ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស

កម្ពុជា​ត្រូវ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា ឲ្យ​វិស័យ​គមនាគមន៍​ព័ត៌មាន​វិទ្យា (ICT) រីក​ចម្រើន ដើម្បី​ទាក់ទាញ​លំហូរ​វិនិយោគ​ពី​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​​លើ​ពិភពលោក។

 

កម្ពុជា​ត្រូវ​ពង្រឹង​វិស័យ​ព័ត៌មាន​វិទ្យា​ ទាញ​វិនិយោគ​ពាន់​លាន​ដុល្លារ​​ ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស

 

លោក Steven Path នាយក​ក្រុមហ៊ុន Pathmazing ដែល​ផ្តល់​ដំណោះ​ស្រាយ​ផ្នែក Software ជុំវិញ​ពិភព​លោក​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល ICT បញ្ជាក់​ថា ដើម្បី​ឲ្យ​ក្រុមហ៊ុន Samsung, Google និង Apple ជា​ដើម ចូល​មក​វិនិយោគ​បើក​រោងចក្រ កម្ពុជា​ត្រូវ​មាន​ធនធាន​គ្រប់គ្រាន់ បំពេញ​តម្រូវ​ការ​របស់​ពួកគេ។ ជាក់ស្ដែង ប្រទេស​មាន​សក្ដានុពល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន ម៉ាឡេស៊ី វៀតណាម ថៃ និង​មីយ៉ាន់ម៉ា​ ជា​ដើម ត្រូវ​បាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ជ្រើសរើស​វិនិយោគ ​ដោយ​សារ​ប្រទេស​ទាំង​នោះ​មាន​ធនធាន​គ្រប់គ្រាន់ និង​ស្ថេរភាព​សង្គម​ល្អ។

 

“​វា​គួរ​ដល់​ពេល​កម្ពុជា​ត្រូវ​ងើប​ឡើង​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ឲ្យ​មាន​ធនធាន​គ្រប់គ្រាន់​ប្រកួតប្រជែង​បណ្ដា​ប្រទេស​ក្នុង​តំបន់”។

 

លោក​បន្ត​ថា ជំហាន​ដំបូង ដើម្បី​ជំរុញ​ឲ្យ​វិស័យ​បច្ចេកវិទ្យា​ឆ្ពោះ​ទៅ​មុខ កម្ពុជា​ត្រូវ​មាន​សហព័ន្ធ ICT ដោយ​សព្វថ្ងៃ​កំពុង​ជួយ​ជ្រោមជ្រែង​និង​លើក​ស្ទួយ​គំនិត​បង្កើត​ថ្មី​របស់​ក្រុមហ៊ុន​ក៏​ដូចជា​យុវជន​ក្មេងៗ ដែល​​​មាន​មហិច្ឆតា​កែប្រែ Start-up ពួកគេ​ ឲ្យ​ទៅ​ជា​ក្រុមហ៊ុន​ធំ​និង​មាន​ការ​ទទួល​ស្គាល់​ផ្លូវការ។

 

សហព័ន្ធ ICT ជា​តំណាង​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំង​អស់​ក្នុង​ប្រទេស រៀប​ចំ​ការ​ប្រកួត​ប្រជែង​ស្នាដៃ​បច្ចេកវិទ្យា​នានា​ក្នុង​ប្រទេស និង​ដើរ​តួ​ជា​អ្នក​ចរចា​ក៏​ដូចជា​បង្ហាញ​ពី​សក្ដានុពល ​ផ្នែក​បច្ចេកវិទ្យា​របស់​កម្ពុជា​ទៅ​ដល់​បណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​លើ​ពិភពលោក។

 

លោក Steven បន្ថែម​ថា យុវជន​ខ្មែរ​ទាំង​អស់​ត្រូវ ចូល​រួម​អភិវឌ្ឍ​ខ្លួន​និង​បណ្ដុះ​គំនិត​បង្កើត​ថ្មី ដើម្បី​ជំរុញ​ឲ្យ​វិស័យ​បច្ចេកវិទ្យា​កម្ពុជា​ដើរ​ទៅ​មុខ​លឿន​ដូច​ប្រទេស​ជិត​ខាង។

 

“ថ្ងៃ​ណាមួយ វិស័យ​បច្ចេកវិទ្យា​កម្ពុជា​នឹង​មាន​ការ​ទទួល​ស្គាល់ រហូត​ឈាន​ដល់​ការ​វិនិយោគ​ដូច​ការ​គ្រោង​ទុក”៕

 

អត្ថបទ៖ ប៉ែត ផាន់និត