ថ្ងៃក្រោយ​ឲ្យ​រាង ! គេ​បបួល​កុំ​ចេះ​តែ​ហ៊ាន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ត្រូវ​គេ​បបួល​ផឹក​ទឹកត្នោតជូរ ហើយ​ដាក់​ថ្នាំ​រហូត​លែង​ដឹងខ្លួន​បម្រុង​យក​ម៉ូតូ​តែ​មិន​បាន​សំរេច​ទេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧ និង​៥៥​នាទី​យប់ ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៦៨K មុខ​ផ្ទះ​លេខ​២៥២ ស្ថិត​ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ឈ្មោះ សុខ ចាន់​ថា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ព្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ម៉ូតូ​ដែល​ជនសង្ស័យ​ដាក់​ថ្នាំ​យក​មិន​បាន​សម្រេច​នោះ​ម៉ាក​ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​ 1B-2983 ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា ឌ្រី​ម​មក​ដល់​ចំណុច​ខាងលើ​ក្នុង​ស្ថានភាព​មិន​ស្រូល​ខ្លួន​ហាក់បី​ជា​មនុស្ស​ស្រវឹង​ជោគ​ជាំ​ដេក​ស្តួ​ក​ស្តឹង​មិនដឹង​ខ្លួន​ទាល់​សោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃើញ​បែប​នេះ​បាន​នាំ​គ្នា​ទៅ​សួរនាំ និង​លាបប្រេង​ខ្យល់ ព្រមទាំង​យក​ទឹកក្រូច​ឆ្មារ​ច្របាប់​ឲ្យ​​ផឹក និង​ដាក់​ខ្ទឹមស​ចូល​ក្នុង​មាត់ រួច​ហើយ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​ព្យាបាល តែ​ពេល​រថយន្ត​សង្គ្រោះ​មក​ដល់​ជន​រង​គ្រោះ​បានដឹង​ខ្លួន​វិញ ហើយ​រថយន្ត​សង្គ្រោះ​មិន​បាន​ដឹក​យក​ទៅ​ព្យាបាល​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​ជន​រង​គ្រោះ​សន្លប់​ឃើញ​មាន​ជនសង្ស័យ​ម្នាក់​ដើរ​ចុះ​ដើរ​ឡើង បម្រុង​យក​ម៉ូតូ តែ​ឃើញ​ស្ថានភាព​មិន​ស្រួល​ក៏​ដើរ​ចេញ​ទៅ​ដោយ​មិន​បាន​យក​ម៉ូតូ​ទៅ​ជាមួយ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ក្រុម​គ្រួ​សារបាន​មក​ទទួល​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​អរគុណ​ប្រជាពលរដ្ឋ​ព្រមទាំង​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ចំណែក​បុរស​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​ឲ្យ​ថា មុន​ពេល​កើតហេតុ​គាត់​ឌុ​ប​ជនសង្ស័យ​ម្នាក់​ បាន​នាំ​គាត់​ទៅ​ផឹក​ទឹកត្នោតជូ​រដល់​ទៅ​ពីរ​កន្លែង​រហូត​ស្រវឹង​លែង​ដឹងខ្លួន​តែ​ម្តង ៕