សង្ស័យ​មាន​វិបត្តិ​គ្រួសារ​ធ្ងន់ធ្ងរ មេឃុំ​ពាម​ក្រសោប​បញ្ចប់ជីវិត​ខ្លួនឯង

ខេត្តកោះកុង ៖ បុរស​វ័យ​ចំណាស់​ម្នាក់​សង្ស័យ​មាន​វិបត្តិ​គ្រួសារ​ធ្ងន់ធ្ងរ​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​នៅ​មុខ​ផ្ទះ​នៅ​ក្នុងភូមិ​បឹង​កា​យ៉ាក ឃុំ​ពាម​ក្រសោប ស្រុក​កោះកុង ខេត្តកោះកុង ដែល​ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​៤​ជិត​ភ្លឺ ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​ដែល​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ យ៉ែ​ម យ៉ា​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​មេឃុំ​ពាម​ក្រសោប រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ប្រភព​ពី​អ្នក​ជិតខាង​ដែល​ស្និទ្ធស្នាល​ជាមួយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កាលពី​ម្សិលមិញ​គាត់​អង្គុយ​លេង​ជាមួយ​គ្នា​ហើយ​ជន​រង​គ្រោះ​បាន​និយាយ​ថា គាត់​ពិបាកចិត្ត​ខ្លាំង​ណាស់ ដោយ​ប្រពន្ធ​គាត់​ឈឺ​គ្មាន​លស់​ថ្ងៃ ម្យ៉ាងទៀត​កូន​ដែល​ទើប​រៀប​ការ​បាន​លែងលះ​គ្នា​ហើយ​ត្រូវ​សង​បណ្ដា​ការ​គេ​ទៀត ចំណែក​លុយ​ក៏​មើល​ប្រពន្ធ​អស់រលីង​ទៅ​ហើយ ។ ពេល​នោះ​អ្នក​អង្គុយ​លេង​ជាមួយ​គាត់​នោះ​ក៏​ថា​ឲ្យ​គាត់​ខ្ចី​លុយ​១​លាន​២​លាន​ដែរ តែ​គាត់​គ្រាន់តែ​សើច​ប៉ុណ្ណោះ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ទទួល​បាន​ដំណឹង​ដ៏​សែន​រន្ធត់​ថា គាត់​បាន​យក​ក្រមា​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​នគរបាល​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ក្រុម​គ្រូពេទ្យ បាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ រួច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន ។ បន្ទាប់​មក​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕