ព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា ​ត្រូវ​គេ​លួច​ដុត ​នៅក្នុង​ភូមិសាស្ត្រ​តំបន់​មេ​ជ្រៃ

ព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា ​ត្រូវ​គេ​លួច​ដុត ​នៅក្នុង​ភូមិសាស្ត្រ​តំបន់​មេ​ជ្រៃ



សៀមរាប​ ៖​ អគ្គិភ័យ​កំពុង​វាយ​ប្រហារ​ព្រៃ​លិច​ទឹក ​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​តំបន់​មេ​ជ្រៃ​ ឃុំ​កែវ​ពណ៌​ស្រុក​ពួក​ ខេត្តសៀមរាប​ ជាច្រើន​ហិកតា។ ការ​ឆេះ​ព្រៃ​នេះ ​ដោយសារ​​​​​​ពួក​ជន​ខិលខូច​លប​លួច​ដុត ​ដើម្បី​យក​ដី​ធ្វើស្រែ​ចម្ការ​ នៅ​តាម​បណ្ដោយ​មាត់បឹង​ទន្លេសាប ចាប់​ពី​ថ្ងៃ​ទី​០៨ ដល់​រសៀល​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ ដោយ​ពុំ​ទាន់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ផ្នែក​ណាមួយ ចុះ​ធ្វើ​ប្រតិបត្តិការ​ពន្លត់​នៅឡើយ។

តាម​ការ​ជួប​សួរ​របស់​អ្នកសារព័ត៌មាន​យើង តាម​ទូរស័ព្ទ​ជាមួយ​លោក​អភិបាលរង​ស្រុក​ពួក បាន​ឲ្យ​ដឹង​នៅ រសៀល​ថ្ងៃ​ទី​០៩ ខែ​មិថុនា​ថា ការ​ឆេះ​ព្រៃ​លិច​ទឹក​នេះ គឺ​ឆេះ​នៅ​តំបន់​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​ ជាប់​ព្រំប្រទល់​នឹង​ខេត្ត​សៀមរាប​គឺ មិន​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខេត្ត​សៀមរាប​ឡើយ។

តែ​ដើម្បី​ឲ្យ​ដឹង​នូវ​ភាព​ពិតប្រាកដ​ អ្នកសារព័ត៌មាន​យើង​បាន​ចុះ​ទៅដល់​ចំណុច​ទំនប់​មេ​ជ្រៃ​ចូល​ជួប​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ទីលំនៅ​ក្នុងភូមិ​មេ​ជ្រៃ​ ដោយ​បាន​សួរនាំ​ ហើយ​ពួក​គាត់​ប្រាប់​ឲ្យ​ដឹង​ថា ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃរនាម​នេះ គឺ​មិនមែន​ឆេះ​ដោយ​ឯកឯង​ឡើយ ដោយមាន​គេ​លួច​ដុត ដើម្បី​យក​ដី​ធ្វើស្រែ​ចម្ការ​ ហើយ​ពួកគាត់​ក៏​គ្មាន​សិទ្ធិ​អ្វី​ទៅ​ឃាត់​ពួកគេ​បាន​ឡើយ​ គឺ​បាន​ត្រឹម​តែ​មានការ​សោកស្ដាយ​នូវ​ធនធានធម្មជាតិ តើ​នៅ​ពេល​រដូវវស្សា​ទឹក​ឡើង​មកដល់ ពួក​មច្ឆជាតិ​មាន​ទីជម្រក ពង​កូន រក​ចំណី​យ៉ាងណា​ទៅ។ ម្យ៉ាងទៀត​ការ​ដុត​បំផ្លាញ​ព្រៃ​នេះ​ក៏​មាន​ក្រុម​ខិលខូច​មួយ​ចំនួន​បាន​កាប់​ព្រៃ​ដុត​ធ្វើ​ប្រឡាយ ក្នុង​ការ​ងាយស្រួល​សម្រាប់​ការ​ដាក់​នូវ​ឧបករណ៍​ ឬ​លូ​ស្បៃ​មុង​នៅ​ក្នុង​រដូវវស្សា ដែល​ជា​ឧបករណ៍​ល្មើសច្បាប់​នេសាទ ​ត្រូវ​បាន​ហាមឃាត់​ទៀត​ផង​។

ក្នុង​នោះ​បងប្រុស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា ភ្លើង​ដែល​កំពុង​ឆេះ​ព្រៃ​នេះ គឺ​ស្ថិតនៅ​តំបន់​គោក​សួស រាំង​ស្រោង , ខាងត្បូង​មេព្រៃ ស្ថិត​នៅ​ក្នុង​ឃុំ​កែវ​ពណ៌ ក្នុងស្រុក​ពួក ហើយ​កាលពី​ម្សិលមិញ​ក៏​មាន​ឆេះ​នៅ​តំបន់​មេ​ជ្រៃ​នេះ​ផង​ដែរ តែ​ពុំ​មាន​អ្នកណា​ម្នាក់​ចូល​ទៅ​ពន្លត់​ឡើយ ពីព្រោះ​មាន​ម្ចាស់​គ្រប់គ្រង។ បងប្រុស​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា មកដល់​ថ្ងៃនេះ នៅ​ពុំ​ទាន់​ឃើញ​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ​ណា​ចុះទៅ​ធ្វើ​ការ​ជួយ​អន្តរាគមន៍​ពន្លត់​នៅឡើយ គឺ​បាន​បណ្ដោយ​ឲ្យ​ភ្លើង​ឆេះ​ទៅតាម​អំពើ​ចិត្ត តែ​ដោយ​សភាព​ផ្លូវ​ចូល​មានការ​លំបាក ព្រមទាំង​ពុំ​ស្គាល់ផ្លូវ​ផង​នោះ អ្នកសារព័ត៌មាន​យើង​បាន​ត្រឹមតែ​ថត​ផ្ដិត​រូបភាព​ពី​ចម្ងាយ ដោយ​ពី​ទំនប់​មេ​ជ្រៃ​ទៅដល់​កន្លែង​ឆេះ​ព្រៃ​នោះ មាន​ចម្ងាយ​១០​គីឡូម៉ែត្រ ដែល​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង កាត់​ព្រៃ​ក្រាស​ទៀត​ផង៕

ព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា ​ត្រូវ​គេ​លួច​ដុត ​នៅក្នុង​ភូមិសាស្ត្រ​តំបន់​មេ​ជ្រៃ

ព្រៃ​លិច​ទឹកជា​ច្រើន​ហិកតា ​ត្រូវ​គេ​លួច​ដុត ​នៅក្នុង​ភូមិសាស្ត្រ​តំបន់​មេ​ជ្រៃ