ផឹក​ស៊ី​ស្រវឹង​បោក​កែវ​ត្រូវ​មិត្តភក្ដិ​វាយ​ជាច្រើន​ដៃ ​រត់​មក​ប្ដឹង​នគរបាល​ថា​ ចោរប្លន់​ម៉ូតូ​

ផឹក​ស៊ី​ស្រវឹង​បោក​កែវ​ត្រូវ​មិត្តភក្ដិ​វាយ​ជាច្រើន​ដៃ ​រត់​មក​ប្ដឹង​នគរបាល​ថា​ ចោរប្លន់​ម៉ូតូ​



ភ្នំពេញ ​៖​ បុរស​ម្នាក់ ​បន្ទាប់ពី​ផឹក​​​ស្រា​ថ្នាំ​អស់​ប្រហែល​១០​លីត្រ​ ស្រវឹង​ជោកជាំ​ជាមួយ​មិត្តភក្ដិ​ជិត​១០​នាក់​ទៀត​​​ ក៏​បាន​ឌឺដង​ពាក្យសម្ដី​ដាក់គ្នា​ទៅវិញទៅមក ​ពេលនោះ​ជនរងគ្រោះ​បាន​បោក​កែវ​ស្រា​ចោល​ធ្វើ​ឲ្យ​ក្រុម​មិត្តភក្ដិ​​​ព្រួត​គ្នា​វាយ​មួយ​ដៃ​ម្នាក់ ទើប​ជនរងគ្រោះ​រត់ចេញ​ពី​ចំណុច​កើត​ហេតុ ​ដោយ​ទុក​ម៉ូតូ​ចោល​ ហើយ​​​មក​ប្តឹង​សមត្ថកិច្ច​ថា​ ចោរប្លន់​ម៉ូតូ​របស់​គាត់​ទៅវិញ។

ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ដី​ឡូត៍​ទំនេរ​មួយ​កន្លែង​ជាប់​ផ្ទះ​ជួល ​ស្ថិត​ក្នុង​ភូមិ​អង្គ​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ​កែវ បារាំង ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​ភូមិ សាមគ្គី​៤​សង្កាត់​ត្រពាំង​ក្រសាំង ​ខណ្ឌ​ពោធិ៍សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ។ ចំណែក​ជន​ដៃដល់​​​ មាន​ឈ្មោះថា ប៉ុង​ថៃ ហៅ​អាជ្រុយ អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​រស់នៅ​សង្កាត់​កំបូល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះ​បាន​និយាយ​ថា ​មុន​ពេល​កើតហេតុ​ រូប​គាត់​រួម​ទាំង​មិត្តភក្ដិ​៩​នាក់​ទៀត​បាន​នាំគ្នា​ផឹក​ស៊ី ដោយ​ផឹក​ស្រា​ថ្នាំ​ត្រាំ​ផ្លែឈើ​អស់​ចំនួន​៧​លីត្រ។ ពេល​​​កំពុង​ផឹក​ស៊ី​សុខៗ​ស្រាប់តែ​ទាស់​ពាក្យសម្ដី​គ្នា​បន្តិចបន្តួច ​ជនរងគ្រោះ​ក៏​បាន​បោក​កែវ​បែក​អស់​១​ ហើយ​មិត្តភក្ដិ​បាន​សួរនាំ​ថា ចង់​ខ្លាំង​មែន​ទេ​ទើប​ធ្វើ​បែបនេះ។ តែ​ជនរងគ្រោះ​​​មិន​ឆ្លើយតប​ ហើយ​ជន​បង្ក​ឈ្មោះ ថា ប៉ុង​ថៃ​ និង​មិត្តភក្ដិ​៤​នាក់​ទៀត​ ក៏បាន​វាយ​ជាច្រើន​ដៃ​ទៅលើ​អ្នក​បោក​កែវ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យ​រត់​ទៅប្រាប់​ក្រុម​គ្រួសារ​របស់​ខ្លួន​ថា ​ត្រូវ​គេ​ដេញ​វាយ​ទើប​រត់ចោល​ម៉ូតូ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​គេ​ដេញ​វាយ​ហើយ​ក្រុម​គ្រួសារ​បាន​ប្តឹង​សមត្ថកិច្ច​ថា​ ម៉ូតូ​ត្រូវ​គេ​ប្លន់​បាត់​ហើយ បន្ទាប់មក​សមត្ថកិច្ច​បាន​មកដល់​គោលដៅ​ភ្លាមៗ។ តែ​ម៉ូតូ​របស់​ជនរងគ្រោះ​នៅ​កន្លែង​កើតហេតុ​មិនមែន​ជា​ករណី​ប្លន់​ដូច​ការ​ប្ដឹង​ចោទប្រកាន់​នោះ​ទេ។ ពេល​នោះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​​​២​នាក់​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។

ក្រោយពេល​ធ្វើការ​សាកសួរ ជនរងគ្រោះ​បាន​ទទួល​កំហុស​របស់​ខ្លួន​ ដែល​បំប៉ោង​ព័ត៌មាន​ ហើយ​ជនរងគ្រោះ​បាន​ដក​ពាក្យ​បណ្ដឹង​វិញ។ ក្រោយ​មក​សមត្ថកិច្ច​ក៏​ធ្វើការ​ដោះលែង​បុរស​២​នាក់​ខាងលើ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ព្រោះ​មិនមែន​ករណី​ប្លន់​ឡើយ គឺ​គ្រាន់តែ​ជា​ការ​ផឹក​ស៊ី​ស្រវឹង​ប៉ុណ្ណោះ៕
ផឹក​ស៊ី​ស្រវឹង​បោក​កែវ​ត្រូវ​មិត្តភក្ដិ​វាយ​ជាច្រើន​ដៃ ​រត់​មក​ប្ដឹង​នគរបាល​ថា​ ចោរប្លន់​ម៉ូតូ​

ផឹក​ស៊ី​ស្រវឹង​បោក​កែវ​ត្រូវ​មិត្តភក្ដិ​វាយ​ជាច្រើន​ដៃ ​រត់​មក​ប្ដឹង​នគរបាល​ថា​ ចោរប្លន់​ម៉ូតូ​