មន្ត្រី​យោធា​ជើង​ទឹក​ទម្លាយ​រឿង​ភរិយា​លោក ទៀ វិញ ចាត់ចែង​ការងារ​ជំនួស​ប្ដី​សព្វបែបយ៉ាង​

​មន្ត្រី​យោធា​ជើង​ទឹក​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ចាត់វិធានការ​ទប់ស្កាត់​ភាព​អសកម្ម​និង​រឿងអាស្រូវ​ពុករលួយ​ក្រោម​ការគ្រប់គ្រង​របស់លោក ទៀ វិញ ដែលជា​មេបញ្ជាការ​កងទ័ពជើងទឹក​ជាបន្ទាន់​។ មានការ​បង្ហើប​ឲ្យ​ដឹងថា​ភរិយា​លោក​ផ្កាយ​៤ ទៀ វិញ មេបញ្ជាការ​យោធា​ជើង​ទឹក​ឈ្មោះ កាន់ ចន្ទ្រា ឬ កាន់ ចន្ទ្រា ទៀ វិញ កំពុង​ចាត់ចែង​ការងារ​ជំនួស​ប្ដី​សព្វបែបយ៉ាង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​នាយទាហាន​និង​ពល​ទាហានជើងទឹក​ទាំង​មូល​ត្រូវ​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ហើយ​សូម្បីតែ​ប្រាក់ឧបត្ថម្ភ​ក៏​ពួកគេ​មិនបាន​ទទួល​ដែរ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​យោធា​ជើង​ទឹក​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ពី​អាជ្ញាធរ​ខេត្តកោះកុង ក្នុង​មួយខែ​១​លាន​បាត​ត្រូវបាន​អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ ស៊ីដាច់ មិនបាន​ដល់ដៃ​នាយទាហាន​និង​ពល​ទាហានជើងទឹក​នោះទេ​។ លុយ​១​លាន​បាត​ក្នុង​មួយខែ​នោះ គឺ​បានមកពី​ប្រភព​ចំណូល​ផ្សេងៗ​នៅក្នុង​ខេត្តកោះកុង ដើម្បី​ជួយ​ដល់​នាយទាហាន​ពល​ទាហានជើងទឹក ប៉ុន្តែ​ជាក់ស្ដែង​លុយ​ទាំងនោះ​ហូរ​ចូលទៅក្នុង​ហោប៉ៅ​អ្នកស្រី កាន់ ចន្ទ្រា យ៉ាង​សុខ​ស្រួល​។ ចំណែក​លោក​ផ្កាយ​៤ ទៀ វិញ មេបញ្ជាការ​យោធា​ជើង​ទឹក សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​បណ្ដោយ​ឲ្យ​ភរិយា​របស់ខ្លួន​ប្រើ​អំណាច​គាបសង្កត់​ធ្វើបាប​នាយទាហាន​និង​ពល​ទាហានជើងទឹក​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន និង​ល្បីល្បាញ​ខាង​ពុករលួយ​ផងដែរ​។

ប្រភពពី​មន្ត្រី​យោធា​ជើង​ទឹក​ស្និទ្ធ​នឹង​លោក​ផ្កាយ​៤ ទៀ វិញ បាន​បង្ហើប​ឲ្យ​ដឹងថា អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ បានដាក់​កម្រិត​ឲ្យ​អង្គភាព​យោធា​ជើង​ទឹក​មួយចំនួន​បង់លុយ​ឲ្យ​ខ្លួន​តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការគាបសង្កត់​ជាមិនខាន​។ ប្រភព​បាន​បង្ហើប​ថា អង្គភាព​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ត្រូវ​បង់​៣​លាន​រៀល​ក្នុង​មួយខែ​, សាលា​ហ្វឹកហ្វឺន​កងទ័ពជើងទឹក​ត្រូវ​បង់​២​លាន​រៀល​ក្នុង​មួយខែ​, កង​វរ​ថ្មើរជើង​វាយ​លើគោក​ត្រូវ​បង់​៣​លាន​រៀល​ក្នុង​មួយខែ ហើយ​អង្គភាព​យោធា​ជើង​ទឹក​កោះតាង កោះកុង ក៏ត្រូវ​បង់​តាម​ការកំណត់​ដែរ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​នាយទាហាន​ពលទាហាន​នៃ​បណ្ដា​អង្គភាព​ខាងលើ​មានការ​ឈឺចាប់​យ៉ាងខ្លាំង ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ បានឡើយ​។

​ប្រភពពី​មន្ត្រី​យោធា​ស្និទ្ធ​នឹង​អ្នកស្រី កាន់ ចន្ទ្រា បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​ប្រហែល​អ្នកស្រី​ពាក់​ផ្កាយ​៥​ក៏​មិនដឹង ទើប​អាច​បញ្ជា​ទៅលើ​លោក ទៀ វិញ ជា​ស្វាមី​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​លោក ទៀ វិញ ធ្វើតាម​ប្រពន្ធ​សព្វបែបយ៉ាង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នាយ​ទាហានជើងទឹក​ទាំ​ង​ឡាយ​ណា​ដែល​ចង់​ឡើងបុណ្យស័ក្ដិ​ឋានៈ​តួនាទី​ត្រូវ​ទាក់ទង​អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ ដោយ​ហ៊ាន​ចំណាយ​លុយកាក់​គួរសម​នោះ តែង​បានសម្រេច​តាម​បំណងប្រាថ្នា​របស់​ពួកគេ​។ ហេតុនេះហើយ​ទើប​នាយទាហាន​ពល​ទាហានជើងទឹក ទ្រាំ​តទៅទៀត​លែង​បាន​ក៏​ទម្លាយ​ព័ត៌មាន​នេះ​ចេញ​ក្រៅ​ដើម្បី​សុំ​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ដោះស្រាយ​។

រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ គឺមាន​នាយទាហាន​និង​ពល​ទាហានជើងទឹក​មួយ​ចំនួន ត្រូវ​អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ យកមកប្រើ​ប្រាស់​សម្រាប់​ការពារ​ផ្ទះ និង​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​សព្វបែបយ៉ាង​។ ប៉ុន្តែ​ពេល​នាយទាហាន​ឬ​ពលទាហាន​ទាំងនោះ​មាន​កំហុស​តិចតួច​ត្រូវ​អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ បណ្ដេញ​ចេញពីផ្ទះ ចេញពី​អង្គភាព ហើយ​រក្សា​ឈ្មោះ​ទុក​បើក​យកប្រាក់​ខែ​រហូត​ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ដោយសារ​អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ ចេញមុខ​ធ្វើ​ការងារ​ជំនួស​ប្ដី​សព្វបែបយ៉ាង​ដូចនេះហើយ ទើប​ស្ថាប័ន​កងទ័ពជើងទឹក​គ្មានអ្វី​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ចំណែក​នាយទាហាន​និង​ពល​ទាហានជើងទឹក​ទូទាំងប្រទេស​កំពុង​រង​ទុក្ខលំបាក​ដោយសារ​ស្នាដៃ​អ្នកស្រី កាន់ ចន្ទ្រា ទៀ វិញ ច្រើន​ឆ្នាំ​កន្លងមកនេះ​៕

Lay-143លោក ទៀ វិញ មេបញ្ជាការ​យោធា​ជើង​ទឹក