មន្ត្រី​ជំនាញ​ក្នុង​ខេត្តក្រចេះ ជា​បង្អែក​របស់​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​

ករណី​មេ​ឈ្មួញ​ឈ្មោះ យៀប ដែល​បន្ត​រកស៊ី​ដឹកជញ្ជូន​ឈើ​ទ្រ​ទ្រាយ​ធំ​ចេញពី​តំបន់​អូរ​គ្រៀង ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គេ​ដឹងថា​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ ក៏ដូចជា​ខេត្ត​ត្បូងឃ្មុំ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ យៀប ជាប្រចាំ​ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​រលូន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ យៀប ជា​រៀងរាល់​យប់​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធំៗភ្លៅ​៥​ផ្ទុក​ឈើ​ជាង១០​ម៉ែត្រគូប​ក្នុង​មួយ​រថយន្តៗ​ចេញពី​ចំណុច​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចេញទៅ​ស្រុក​យួន​។ ឈ្មួញ​ឈ្មោះ យៀប តែងតែ​អួតអាង​ប្រាប់​ឈ្មួញ​ដទៃ​ទៀតថា ខ្លួន​រត់ការ​បង់លុយ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​រួចរាល់​ហើយ ទើប​មិនដែល​ប្រឈម​នឹង​ការបង្ក្រាប​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ជាច្រើន​នាក់​ត្រូវបាន​គេ​ដឹងថា គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ យៀប ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

មន្ត្រីរាជការ​ក្នុង​ខេត្តក្រចេះ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រហូតមកដល់​ពេលនេះ​ឈ្មួញ​ឈ្មោះ យៀប នៅតែ​អាច​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកឈើ​ពី​តំបន់​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​និង​ច្រករបៀង​នៅ​ស្រុក​មេមត់​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ប្រសិនបើ​ឈ្មួញ​ឈ្មោះ យៀប មិន​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​នោះ គឺ​មិនអាច​បន្ត​ដឹកជញ្ជូន​ឈើ​បំពាន​លើ​បទបញ្ជា​រដ្ឋាភិបាល​លោក ហ៊ុន សែន បានឡើយ​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដែល​ប្ដេជ្ញាចិត្ត​លុបបំបាត់​បទល្មើស​ព្រៃឈើ គួរ​ចាត់វិធានការ​ទៅលើ​ឈ្មួញ​ឈ្មោះ យៀប និង​ក្រុមមន្ត្រី​ពុករលួយ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃនេះ​ទៀត​៕

WAT-09062a WAT-09062b WAT-09062