អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថា លោក សុន ឆ័យ ប្រើប្រាស់​សម្ដី​ដោយ​គ្មាន​មូលដ្ឋាន​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ថា លោក សុន ឆ័យ ប្រើប្រាស់​សម្ដី​ដោយ​គ្មាន​មូលដ្ឋាន​



ភ្នំពេញ​ ៖ ​លោក​ សុន ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា ការ​ឡើង​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​របស់​លោក អង្គ វង្សវឌ្ឍានា ក្រសួងយុត្តិធម៌ គឺជា​ផ្គើន​ទៅ​នឹង​រដ្ឋសភា ប៉ុន្តែ​ការ​លើកឡើង​បែបនេះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព អះអាងថា ជាការ​អាម៉ាស់​មួយ ដែល​លោក សុន ឆ័យ ប្រើប្រាស់​សម្តី​ដោយ​គ្មាន​មូលដ្ឋាន​។

លោក គឹម សន្តិភាព លើកឡើង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ថា ការ​លើកឡើង​របស់​លោក សុន ឆ័យ ថា រដ្ឋមន្ត្រី​យុត្តិធម៌​ផ្គើន​នឹង​រដ្ឋសភា​នោះ គឺជា​ការ​លើកឡើង​ទាំង​បិទភ្នែក​។ លោក​បញ្ជាក់​ថា “​ខ្ញុំ​សូម​បញ្ជាក់​ជូន​ឯកឧត្តម សុន ឆ័យ ជ្រាបថា កាលដែល​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​ទៅ​ឆ្លើយ​ផ្ទាល់​មាត់​ជូន​រដ្ឋសភា​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១៦ នោះ គឺ​តាម​ការ​អញ្ជើញ​របស់​រដ្ឋសភា​យោង​តាម​សេចក្តី​សម្រេច​របស់​អង្គប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦​។ ការ​ឆ្លើយ​ផ្ទាល់មាត់​តប​តាម​ការ​អញ្ជើញ​ពី​រដ្ឋសភា​បែបនេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ពី​ភាព​ទទួលខុសត្រូវ​របស់​រដ្ឋមន្ត្រី​យុត្តិធម៌​ចំពោះ​មុខ​អង្គ​សភា ដែល​ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ តើ​ស្មារតី​ទទួលខុសត្រូវ​បែបនេះ ជា​សកម្មភាព​ផ្គើន​នឹង​រដ្ឋសភា ?”​។ ជាមួយគ្នា​នោះ លោក​បាន​សម្តែង​ការហួសចិត្ត​នៅ​ពេល​ឮ​សម្តី​គ្មាន​មូលដ្ឋាន​ចេញពី​អ្នក​តំណាង​រាស្ត្រ​លោក សុន ឆ័យ។

សូម​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០១៦ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​ឡើង​ឆ្លើយ​បំភ្លឺ​ជូន​រដ្ឋសភា​ជុំវិញ​ការអនុវត្ត​ច្បាប់​របស់​ក្រសួង ក៏​ដូច​ជា​ចៅក្រម តាម​ការ​ស្នើសុំ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​រូប ប៉ុន្តែ​ខណៈ​លោក​រដ្ឋមន្ត្រី​ឡើង​ឆ្លើយ​នោះ មិន​មាន​វត្តមាន​ម្ចាស់​សំណួរ​ទេ។

លោក អង្គ វង្សវឌ្ឍានា បាន​ថ្លែង​ថា ដោយ​សេចក្តី​គោរព​ចំពោះ​រដ្ឋសភា ដែល​ជា​ស្ថាប័ន​ដ៏​ឧត្តុងឧត្តម​របស់​ជាតិ ក្នុង​ក្រប​ខណ្ឌ​ក្រសួង​​​យុត្តិធម៌ បាន​ត្រៀមលក្ខណៈ​ប្រកបដោយ​ការ​យកចិត្តទុកដាក់ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​តំណាងរាស្ត្រ ដែល​បាន​ដាក់​សំណួរ ប៉ុន្តែ​ជា​រឿង​ដែល​មាន​ការ​ភ្ញាក់ផ្អើល និង​នឹកស្មាន​មិន​ដល់ ដែល​តំណាងរាស្ត្រ​ទាំង​១៦ រូប ដែល​ជា​អ្នក​តាំង​សំណួរ បែរជា​អវត្តមាន​ដោយ​មិន​សម​ហេតុផល និង​គ្មាន​ការទទួលខុសត្រូវ​។ លោក​បន្ត​ថា អវត្តមាន​ដោយ​គ្មាន​ការទទួលខុសត្រូវ​នេះ គឺ​បង្ហាញ​ថា តំណាងរាស្ត្រ​ទាំង​១៦ រូប​នោះ មិនបាន​ឲ្យ​តម្លៃ​ដល់​សំណួរ​ខ្លួនឯង និង​មិន​គោរព​ស្ថាប័ន​រដ្ឋសភា ដែល​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ និង​មិន​គោរព​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​មាត្រ​៩៦​។ ទោះជា​យ៉ាងណា លោក​អះអាងថា បើ​ទោះ​ជា​អវត្តមាន​ម្ចាស់​សំណួរ​ក៏​លោក​ឆ្លើយ​ដែរ​។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចំនួន​១៦ រូប​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យ​កោះហៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ឲ្យ​ចូល​បំភ្លឺ​ផ្ទាល់មាត់​នៅ​វិមាន​រដ្ឋសភា​លើ​បញ្ហា​មួយ​ចំនួន រួមមាន គោលការណ៍​ច្បាប់ និង​គោលនយោបាយ​ព្រហ្មទណ្ឌ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្ដោះអាសន្ន (​គោលការណ៍ និង​ការអនុវត្ត​ជាក់​ស្តែង និង​អធិការកិច្ច​ការ​ឃុំខ្លួន​) និង​ការ​ប្តឹង​បរិហារ និង​អំណាច​ធ្វើ​អធិបញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប៉ុន្តែ​ក្រោយពី​រដ្ឋសភា​បាន​កំណត់ពេល​ពេលវេលា​សម្រាប់​ការ​ឡើង​ឆ្លើយ​នេះ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បែរជា​ប្រកាស​ថា ខ្លួន​នឹង​មិន​ចូលរួម​ប្រជុំ​សភា ដើម្បី​ស្តាប់​ការបកស្រាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ទេ ដោយ​សំអាង​ថា ខ្លួន​មិន​អាច​ចូល​ធ្វើការ​ពេញលេញ​នៅ​រដ្ឋសភា៕