ការ​នាំ​ចេញ​របស់​ចិន​បន្ត​ចុះ​ខ្សោយ​នៅ​ក្នុង​ខែឧសភា​ឆ្នាំ​នេះ

ប្រទេស​ចិន ៖ ការ​នាំ​ចេញ​របស់​ចិន​បាន​បន្ត​ធ្លាក់​ចុះ​ខ្សោយ​ក្នុង​ខែឧសភា ខណៈ​តម្រូវការ​ពិភពលោក​ធ្លាក់​ចុះ ។ រីឯ​ការ​នាំ​ចូល​បាន​កើន​ឡើងជា​លើក​ដំបូង​ក្នុង​រយៈពេល​១៩​ខែ​ដោយសារ​តែ​តម្រូវការ​ក្នុងស្រុក​កើនឡើង ប៉ុន្តែ​មិន​ទាន់​រើប​ឡើង​បាន​ពេញលេញ​នៅឡើយ​ទេ ។

យោង​តាម​ការ​តួលេខ​ដែល​ចុះ​ផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​រដ្ឋបាល​គយ​ទូទៅ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ជា​ប្រាក់​យន់​បាន​កើនឡើង​១,២%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​១,១៧​ទ្រី​លាន​យន់ (១៨១​ប៊ី​លាន​ដុល្លារ​) ពោល​គឺ​វា​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​កំណើន​កាលពី​ខែមេសា មាន​អត្រា​រហូត​ដល់​៤,១% ។

ចំណែក​ការ​នាំ​ចូល​វិញ​បាន​កើនឡើង​៥,១% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ស្មើនឹង​៨៤៧,១​ប៊ី​លាន​យន់ ដែល​ផ្ទុយ​ពី​ការ​ធ្លាក់​ចុះ​កាលពី​ខែមេសា ក្នុង​អត្រា​៥,៧% ។ មិនតែប៉ុណ្ណោះ វា​បាន​ធ្វើ​ឲ្យ​មាន​ផល​លើស​ពាណិជ្ជកម្ម​ស្មើនឹង​៣២៤,៨​ប៊ី​លាន​យន់ ។

តាម​ធនាគារ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ក្នុង​ខែឧសភា បាន​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​សកល​នៅ​តែ​មាន​កំណើន​ខ្សោយ ខណៈ​ដែល​ទិន្នន័យ​នាំ​ចូល​បង្ហាញ​ថា តម្រូវការ​ក្នុងស្រុក​បាន​កើនឡើង ។ ពួក​យើង​ចាំបាច់​ត្រូវ​រង់ចាំ​ការ​រើប​ឡើង​វិញ​នៅ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ខណៈ​ដែល​ការ​នាំ​ចេញ​របស់​ចិន​អាច​រក្សា​កំណើន​ប្រកបដោយ​និរន្តរភាព ។ រីឯ​ការ​នាំ​ចូល ពួក​យើង​មិន​រំពឹង​ថា នឹង​មាន​កំណើន​ខ្លាំង​ឡើយ​នា​ពេល​បន្ទាប់ ដោយសារ​តែ​តម្រូវការ​ក្នុងស្រុក ហាក់ដូចជា​ធ្លាក់​ចុះ ស្រប​ពេល​ដែល​ឥណទាន​កាន់តែ​រឹត​បន្តឹង ។

ធនាគារ​បាន​ព្យាករ​ថា ការ​ធ្លាក់​ថ្លៃ​នៃ​ប្រាក់​យន់​នៅ​ក្នុង​ខែឧសភា មាន​អត្រាកំណើន​ខ្សោយ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ ហើយ​គេ​មិន​រំពឹង​ថា អាជ្ញាធរ​រូបិយប័ណ្ណ​ចិន​នឹង​ដឹកនាំ​ការ​ធ្លាក់​ចុះថ្លៃ​នៃ​ប្រាក់​យន់​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើយ​។ រដ្ឋាភិបាល​មិន​ចង់​ប្រកួតប្រជែង​តម្លៃ​ប្រាក់​យន់​ទេ ប៉ុន្តែ​ចង់​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ការ​អភិវឌ្ឍ​ខាង​ច្នៃប្រឌិត និង​បច្ចេកវិទ្យា ។

លោក Li Jing សេដ្ឋវិទូ​នៃ​ធនាគារ HSBC បាន​ឲ្យ​ដឹង​ថា ៖ « តួលេខ​ក្នុង​ខែឧសភា បាន​ចង្អុលបង្ហាញ​ពី​សញ្ញា​ស្ថិរភាព​មួយ​ចំនួន ប៉ុន្តែ​ការ​រើប​ឡើង​វិញ​នេះ​នៅ​មិន​ទាន់​រឹង​មាំ​នៅឡើយ​ទេ ។ រីឯ​តម្រូវការ​លើ​ទំនិញប្រើប្រាស់​ធំ​ៗ​បាន​កើនឡើង​ប្រកបដោយ​និរន្តរភាព ដែល​នេះ​ជា​លទ្ធផល​នៃ​ការ​កើនឡើង​ផ្នែក​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ។ ទោះបីជា​យ៉ាងណា ទស្សនវិស័យ​តម្រូវការ​ខាងក្រៅ​នៅ​តែ​មាន​ហានិភ័យ​ចំពោះ​កំណើនសេដ្ឋកិច្ច » ។

ការ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ចិន បាន​កើនឡើង​២% ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​រយៈពេល​៥​ខែ​ដំបូង ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ជា​ដៃគូ​ធំ​ជាងគេ​ទី​២ និង​ទី​៣ បាន​ធ្លាក់​ចុះ​៥,២% និង​១,៦% ។ នេះ​បើ​តាម​ការ​តួលេខ​ផ្លូវការ​ដែល​បានឱ្យ​ដឹង ។
ធនាគារ People’s Bank of China បាន​កាត់​បន្ថយ​ការ​ព្យាករ​ប្រចាំឆ្នាំ​របស់​ខ្លួន​សម្រាប់​ការ​នាំ​ចេញ គឺ​ពី​អត្រា​៤,១% ទៅ​១% បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ​១%​ក្នុង​ឆ្នាំ​២០១៦ ខណៈ​បាន​រក្សា​ការ​ព្យាករ​លើ​កំណើន​ផលិតផល​ក្នុងស្រុក​សរុប (GDP)  ក្នុង​អត្រា​៦,៨% ៕