ស្ត្រី​វ័យក្មេង​ទទួល​បាន​ប្រាក់ខែ​តិច​ជាង​បុរស​ក្នុង​ការងារ​ផ្នែក​បច្ចេកវិទ្យា

ប្រាក់​ឈ្នួល​ការងារ​របស់​ស្ត្រី និង​បុរស អាច​មាន​គម្លាត​គ្នា​តិចតួច​ទៅ​តាម​អាយុ ។ ស្ត្រី​ដែល​ធ្វើការ​នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​យល់​ឃើញ​ថា ពួក​គេ​បាន​ទទួល​ប្រាក់ខែ​តិច​ជាង​មនុស្ស​ប្រុស ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ថ្មី​របស់​ក្រុមហ៊ុន Comparably ។

យោង​តាម​វែ​ប​សាយ salary comparison បាន​ស្ទង់​មតិ​បុគ្គលិក​ផ្នែក​បច្ចេកវិទ្យា​ជាង​១​ម៉ឺន​នាក់​រក​ឃើញ​ថា ប្រាក់ខែ​របស់​ពួក​គេ​មាន​ភាព​ខុស​គ្នា ដោយសារ​តែ​អាយុ និង​ភេទ ទោះបីជា​មិន​រាប់​បញ្ចូល​ទាំង​ទីតាំង ស្ថាប័ន និង​បទ​ពិសោធន៍​ក្តី ។

តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន Comparably បាន​បង្ហាញ​ថា គម្លាត​នៃ​ប្រាក់ខែ​រវាង​ស្ត្រី និង​បុរស គឺ​ស្ត្រី​ទទួល​បាន​ប្រាក់ខែ​ទាប​ជាង​បុរស នៅ​អាយុ​ចន្លោះ​ពី​១៨​ឆ្នាំ ទៅ​២៥​ឆ្នាំ ពោល​គឺ​នៅ​ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ចូល​ធ្វើការ​ដំបូង​។ ជាមួយ​គ្នា​នេះ បុគ្គលិក​ស្ត្រី​ជា​មធ្យម​អាច​ទទួល​បាន​ប្រាក់ខែ​ត្រឹមតែ​៦៦.០០០​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​បុរស​ទទួល​បាន​រហូត​ដល់​៨៥.០០០​ដុល្លារ និង​ជា​មធ្យម​ខុស​គ្នា​ក្នុង​អត្រា​២៩% ។  ទោះជា​យ៉ាងណា គម្លាត​ខុស​គ្នា​នៃ​ប្រាក់ខែ​នេះ​បាន​ធ្លាក់​ចុះ យ៉ាង​ហោច​ណាស់​នៅ​ពេល​ដែល​ស្ត្រី​ឈាន​ចូល​ដល់​អាយុ​៣០​ឆ្នាំ ទៅ​៤០​ឆ្នាំ ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Comparably លោក Jason Nazar បាន​ថ្លែង​ថា ៖ « ត្រឹមតែ​ប៉ាន់ស្មាន​ប៉ុណ្ណោះ ប៉ុន្តែ​ភាព​ខុស​គ្នា​ក្នុង​ការ​បាន​ទទួល​ប្រាក់ខែ​នេះ អាច​ធ្វើ​ឲ្យ​ស្ត្រី​ចូល​ធ្វើការ​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ចិញ្ចឹម​កូន​រួច ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ប្រាក់ខែ​ដំបូង​ទាប ។ នៅ​ពេល​ពួក​គេ​មាន​អាយុ​ខ្ទង់​៥០​ឆ្នាំ គម្លាត​នៃ​ប្រាក់​ឈ្នួល​រវាង​បុរស និង​ស្ត្រី នៅ​ក្នុង​ផ្នែក​បច្ចេកវិទ្យា នឹង​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៥% » ៕