ប៉ូលិស​ប៉ុស្តិ៍​កំពង់ស្វាយ ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ​រក្សាទុក​គ្រឿង​ញៀន​ដោយ​ខុសច្បាប់

ប៉ូលិស​ប៉ុស្តិ៍​កំពង់ស្វាយ ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់ ​រក្សាទុក​គ្រឿង​ញៀន​ដោយ​ខុសច្បាប់



កណ្ដាល ៖ សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​កំពង់ស្វាយ​ ដើរ​ល្បាត​តាម​គោលដៅ​ប្រទះឃើញ​ជនសង្ស័យ​មុខ​សញ្ញា​គ្រឿងញៀន​  ក៏ឃាត់ខ្លួន​បាន​ម្នាក់។ ករណី​ឃាត់ខ្លួន​ជនសង្ស័យនេះ ធ្វើឡើង​នៅ​ថ្ងៃទី​០៩ ខែមិថុនា ​ឆ្នាំ​២០១​៦ វេលា​ម៉ោង​១៦​និង​៣០​នាទី នៅចំណុច​ភូមិ​ព្រែក​ដូង​២ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

ជនសង្ស័យ ​មានឈ្មោះ គង់ សំ​អូន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​) ។​ ក្នុងការឃាត់ខ្លួននេះ ប៉ូលិសដកហូត​វត្ថុ​តាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ​សង្ស័យ​គ្រឿងញៀន​(​ម៉ា​ទឹកកក​) ចំនួន​០១​កញ្ចប់​តូច​ និង​ម៉ូតូ​ចំនួន ០១​គ្រឿង​ម៉ាក​ហុងដា​គុប​ជ្រុង សេ​៥០ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ។​

លោក នៅ នឿន នាយ​ប៉ុស្តិ៍​កំពង់​ស្វាយ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា​ល​កំពង់ស្វាយ បាន​ល្បាត​នៅ​ចំណុច​កើតហេតុ​ខាងលើ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​ផឹកស្រា​នៅ​ក្រោមផ្ទះ​របស់​ ឈ្មោះ ខុម ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខ្មែរ ​មុខរបរ​កសិករ។ ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​ ក៏បាន​ឃាត់ខ្លួន​ធ្វើការ​ត្រួតពិនិត្យ និង​ឆែក​ឆេរ​រក​ឃើញ​គ្រឿងញៀន​ចំនួន ០១កញ្ចប់​តូច នៅ​ក្រោម​កែបម៉ូតូ រួច​កម្លាំង​ប៉ុស្តិ៍​ក៏បាន​នាំ​ខ្លួន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​​បញ្ជូន​មក​ប៉ុស្តិ៍​ ដើម្បី​សួ​រ​នាំ ​និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​បន្ត​កសាង​សំណុំ​រឿង​តាម​នីតិវិធី៕