សព​2​នាក់​រួម​នឹង​ម៉ូតូ​4​គ្រឿង​ដែល​លិច​ក្នុង​ទន្លេ​រក​មិន​ទាន់​ឃើញ

សព​2​នាក់​រួម​នឹង​ម៉ូតូ​4​គ្រឿង​ដែល​លិច​ក្នុង​ទន្លេ​រក​មិន​ទាន់​ឃើញ



ខេត្តកណ្ដាល ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ២០១៦នេះ ទោះបី​សមត្ថកិច្ច​ចម្រុះ​និង​អាជ្ញាធរ​ខេត្ត ស្រុក ឃុំ ភូមិ ប្រឹងប្រែង​ដុតដៃដុតជើង​ជួល​អ្នកនេសាទ​វៀតណាម​មុជ​តាម​មុជ​រាវរក​សព​អ្នក​បាត់​ខ្លួន​២​នាក់​ទៀត និង​ម៉ូតូ​៤​គ្រឿង ដែល​បាន​បាត់​ក្នុង​ករណី​លិច​ទូកដ​កោះ​កែវ នៅ​ទន្លេមេគង្គ​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា​នោះ រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ។      

សូម​រំឭក​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​លាយឡំ​ទៅ​ដោយ​ខ្យល់​កន្ត្រាក់​ផង បង្ក​ជា​រលក​ធំ​ៗ​បោក​មក​ចំ​ទូកដ​មួយ​គ្រឿង​បណ្តាល​ឲ្យ​លិចទៅ​ក្នុង​បាតទន្លេ​មេគង្គ ។ ទូកដ​នោះ​មាន​មនុស្ស​ជិះ​៩​នាក់​ទាំង​អ្នកបើកបរ​ទូក​ម្នាក់​ផង និង​ម៉ូតូ​៤​គ្រឿង​នៅ​លើ​ទូក បាន​បើក​ចេញពី​ច្រាំង​ទន្លេ​ត្រើយ​ខាងកើត​ទឹកដី​ភូមិ​កោះ​កែវ ឃុំ​កោះ​កែវ​ស្រុក​ល្វាឯម បម្រុង​ឆ្លង​ទៅ​កំពង់ចម្លង​ត្រើយ​ខាងលិច​ជ្រោយ​ដង ក្នុង​ទឹកដី​ភូមិ​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ។

ប៉ុន្តែ​គ្រាន់តែ​ចេញ​ផុត​ពី​ច្រាំង​ទន្លេ​ត្រើយ​ខាងកើត​បាន​ប្រហែល​៣០​ម៉ែត្រ ក៏​ត្រូវ​ខ្យល់​កន្ត្រាក់​នាំ​ទឹក​រលក​បោក​ផ្ទប់​ទូក​បណ្តាល​ឲ្យ​ក្រឡាប់​លិច​បាត់​ទៅ​បាតទន្លេ​មេគង្គ ដែល​មាន​ជម្រៅ​ទឹក​ប្រហែល​៨​ទៅ​៩​ម៉ែត្រ ។ ក្រោយ​ពី​ទូក​លិច​ភ្លាម ក្នុង​ចំណោម​មនុស្ស​០៩​នាក់​នៅ​លើ​ទូក មាន​៦​នាក់​បាន​ហែល​មក​ដល់​ច្រាំង​រួច​ផុត​ពី​ការ​ស្លាប់ រីឯ​៣​នាក់​ទៀត​លិច​ក្នុង​ទឹក​បាត់​ជាមួយ​ទូក​និង​ម៉ូតូ​៤​គ្រឿង ។

ភ្លាម​ៗ​នោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួល​អ្នកនេសាទ​វៀតណាម​មុជ​រាវរក​ឃើញ​សព​ម្នាក់​ឈ្មោះ ឈី​ន កូ ភេទ​ប្រុស អាយុ​ប្រហែល​៦០​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​កើតហេតុ នៅ​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃ​ដដែល រីឯ​នៅ​សល់​២​នាក់​ទៀត និង​ម៉ូតូ​៤​គ្រឿង​រក​មិន​ទាន់​ឃើញ ។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ឈ្មោះ ផល សុ​រី​នា អាយុ​៣៧​ឆ្នាំ រស់នៅ​ឃុំ​កោះ​កែវ ដែល​ជា​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ ហើយ​បាន​ហែល​ទឹក​រួច​ផុត​ពី​ការ​ស្លាប់ ។ 

លោក​វរសេនីយ៍ឯក ជា ថុ​ល បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​សព​ជន​រង​គ្រោះ​២​នាក់​ទៀត​និង​ម៉ូតូ​៤​គ្រឿង​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច​កំពុង​រក​វិធី​យក​កប៉ាល់​ធំ​ចងខ្សែ​កាប​ទាញ​យក​ទូកដ​ឡើងគោក ប៉ុន្តែ​ទាញ​ចេះ​តែ​ដាច់​ខ្សែពួរ ។

បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​នេះ ប្រហែល​មាន​តែ​២​នាក់​ទេ ដែល​រក​ឃើញ​ម្នាក់​កាលពី​រសៀល​ម្សិលមិញ និង​នៅ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ គី ណា​យូ​សៀ​ក ហៅ​សក់​បះ អាយុ​២​ឆ្នាំ ត្រូវជា​ក្មួយ​របស់​ស្ត្រី​ឈ្មោះ ផល សុ​រី​នា ដែល​ហែល​ទឹក​រួចខ្លួន ។ រីឯ​ថា​បាត់​ម្នាក់​ទៀត​មិន​ទាន់​ឃើញ​មាន​សាច់ញាតិ​មក​សួរ​រក ទើប​សមត្ថកិច្ច​សន្និដ្ឋាន​ថា នៅ​បាត់​តែ​ក្មេង​ស្រី​ម្នាក់​ទៀត​ទេ ៕